ភ្នំពេញៈ របាំងផ្លូវចំនួន៦កន្លែងតាមផ្លូវសហព័ន្ធរុស្ស៊ីនឹងត្រូវបិទ ជាបណ្តោះអាសន្នចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃទី២៣វិច្ឆិកា ដើម្បីសម្រួលឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយនិងចរាចរណ៍ដល់ការធ្វើដំណើររបស់គណៈប្រតិភូមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកងសន្តិសុខជាង១ម៉ឺននាក់នឹងត្រូវដាក់ពង្រាយតាំងពីជាយក្រុង រហូតដល់ក្នុងទីក្រុង។
សាលារាជធានីភ្នំពេញបានប្រកាសជូន ដំណឹងពី ថ្ងៃព្រហស្បតិ៍មុនថា ដើម្បីរក្សានូវសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ការសម្រួលចរាចរណ៍ និងការធានាបានសន្តិសុខដល់ការធ្វើដំណើររបស់គណៈប្រតិភូមកចូល រួមកិច្ចប្រជុំកំពូលអាស៊ាននេះ សាលារាជធានីនឹងបិទរបាំងចែក ទ្រូងផ្លូវនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចផ្លូវ ឆ្លងកាត់ចំនួន៦កន្លែង។
លិខិតនេះឲ្យដឹងទៀតថា៖«ផ្លូវឆ្លងកាត់ ទាំង៦ តាមមហាវិថីសហព័ន្ធរុស្ស៊ីនេះនឹងត្រូវបិទច្រកផ្លូវលេខ២១៥ ច្រកផ្លូវចូលវត្តទឹកថ្លា មុខស្ថានីយប្រេងឥន្ធនៈតេលាទឹកថ្លា ច្រកផ្លូវខាងលិចរោងចក្រទឹកថ្លានិងច្រកចូលផ្សារកាណាឌីយ៉ា ប្លាហ្សា មុខធនាគារអេស៊ីលីដា និងភោជនីយដ្ឋានពោធិចិនតុង មុខធនាគារកាណាឌីយ៉ា និងផ្លូវចូលវត្តអង្គតាមិញ»។
តាមលិខិត ដដែលនេះសម្រាប់ក្រុមអាជីវករលក់ផ្កានិងដើមឈើ និងរថយន្តនៅតាមដងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះនរោត្តម ក៏ត្រូវឲ្យផ្អាកអាជីវកម្មចាប់ពីថ្ងៃទី១៣ ដល់ទី២៣ ខែវិច្ឆិកាផងដែរ។
លិខិតបន្តថា៖ «សាលារាជធានីសង្ឃឹមនិងជឿថា បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមមហាវិថីសហព័ន្ធ រុស្ស៊ី និងព្រះនរោត្ដម នឹងយល់អធ្យាស្រ័យ និងសហការអនុវត្តសេចក្ដីជូនដំណឹងនេះ»។
អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងកាលពីម្សិលមិញថា កងសន្តិសុខជាង១ម៉ឺននាក់នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខនិងសុវត្ថិភាពជូនដល់គណៈប្រតិភូសម្រាប់ កិច្ចប្រជុំកំពូលអាស៊ានលើកនេះ។
លោកបានថ្លែងថា៖«យើងដាក់ ពង្រាយនគរបាល កងរាជអាវុធហត្ថ កងអង្គរក្ស កងទ័ពជើងគោក ជើងទឹក ជើងអាកាស ក្រុម CMAC និងសមត្ថកិច្ចមូលដ្ឋានទាំងថ្ងៃទាំងយប់ដើម្បីការពារសន្តិសុខ»។
លោក ថ្លែងដែរថា កម្លាំងចម្រុះទាំងនោះនឹងការពារចាប់តាំងពីជាយក្រុងរហូតដល់ ក្នុងទីក្រុង និងនៅតាមសណ្ឋាគារ និងផ្ទះសំណាក់។ លោកបន្តថា៖ «យើងបានដាក់ពង្រាយកម្លាំងខ្លះៗជាច្រើនថ្ងៃមកហើយ ហើយនឹងបន្ថែមទៀតនៅថ្ងៃទី១៣ វិច្ឆិកា នៅពេលគណៈប្រតិភូធ្វើដំណើរមក»។
លោកថ្លែងថា៖ «យើងដឹងថា ចរាចរណ៍នឹងមានការលំបាកបន្តិចដល់បងប្អូន ដូច្នេះទើបបានជាសាលារាជធានីប្រកាសជូនដំណឹងឲ្យដឹងជាមុន ដើម្បីឲ្យបងប្អូនជួយសហការនិងមានការយល់អធ្យាស្រ័យ»។
លោក សេង វណ្ណៈ ប្រធាននាយកដ្ឋាននគរូបនីយកម្មពីដើមខែនេះ បានឲ្យដឹងថា សាលារាជធានីចំណាយកន្រ្តកផ្កាជាង១២ម៉ឺនដើម្បីតុបតែងសួនច្បារ នៅខាងមុខអគារវិមានសន្តិភាព៕ PN