កំពង់ចាម:
ភាគច្រើនជាក្មេងក្នុងពីរគ្រួសារអាយុចាប់ពី ២
ឆ្នាំដល់អាយុ ១២ ឆ្នាំ និងស្ត្រីជាម្តាយអាយុ ៣៤ ឆ្នាំ
បានមានអាការៈក្អួតចង្អោរ រាករូស វិលមុខ ទន់ដៃទន់ជើង
ក្រោយពីទទួលទានទឹកស៊ីអ៊ីវ ម៉ាក “ស៊ូគីស៊ូគី” ស្រូបក្នុងបបរស
និងបាយអង្ករស្រូវថ្មី កាលពីក្បាលព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា
ឆ្នាំ២០១២។
ជនរងគ្រោះក្នុងពីរគ្រួសារមានគ្រួសារទី ១
មានអ្នកទំនងជាពុលជាស្ត្រីឈ្មោះ គិត គីមហ៊ន់ អាយុ ៣៤
ឆ្នាំជាមួយកូនប្រុសចំនួន ពីរ នាក់ និង កូនស្រីចំនួន បី
នាក់អាយុចាប់ពី ៣-១២ ឆ្នាំ និង គ្រួសារទី ២ មានក្មេងប្រុសម្នាក់អាយុ
៥ឆ្នាំ និងប្អូនស្រីគេម្នាក់អាយុ ២ ឆ្នាំ បានទឹកស៊ីអ៊ីវម៉ាកខាងលើ
ពីផ្ទះអ្នកលក់ឥវ៉ាន់ជិតខាងក្នុងភូមិគកកណ្តាល ឃុំតុងរុង
ស្រុកព្រៃឈរ ខេត្តកំពង់ចាម យកមកទទួលទានរួចបានចូលដេក
រហូតដល់កណ្តាលយប់ថ្ងៃទី២៧ ដដែលក៏មានអាការៈទំនងជាពុល។
លោក អៀ ចាន់ថា នាយប៉ុស្តិ៍ប៉ូលិសឃុំតុងរុង
ដែលបានចុះទៅសាកសួរផ្ទាល់ដល់ផ្ទះ ជនរងគ្រោះបានឲ្យដឹងថា
បន្ទាប់ពីមានការពុលនោះអ្នកទទួលទានទឹកស៊ីអ៊ីវដំបូងបាននាំគ្នា
រាវទឹកស្ករ លាយជាមួយក្រូចឆ្មារផឹក
ហើយបាននាំគ្នាជិះរ៉ឺម៉កម៉ូតូមកមន្ទីរពេទ្យស្រុកព្រៃឈរ។
ប៉ុន្តែខាងមន្ទីរពេទ្យអត់ថ្នាំ ហើយសភាពក្នុងខ្លួនហាក់ដូចជា
ធូរស្បើយបន្តិចផង ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។
អ្នកស្រី
គិត គីមហ៊ន់ បានប្រាប់គេហទំព័រ CEN នៅរសៀលថ្ងៃទី២៨ វិច្ឆិកា ថា
គាត់លែងក្អួតចង្អោរ និង រាករូសមែន តែនៅវិលៗ និងទន់ដៃទន់ជើង។
ចំណែកក្មេងៗ ពួកគេបានរត់លេងបាន។ ការមានសភាពបែបនេះ គឺគាត់ និង
កូនៗទាំងបួនអត់មានម្ហូបផ្សេងក្រៅពីទឹកស៊ីវអ៊ីវ ម៉ាក
“ស៊ូគីស៊ូគី” ដែលទិញពីអ្នកលក់នៅក្នុងភូមិជិតផ្ទះនេះ
ទទួលទានស្រូបក្នុងបបរ និង បាយអង្ករស្រូវថ្មីនោះទេ។
លោក អៀ ចាន់ថា បានឲ្យដឹងទៀតថា
នៅចំពោះមុខនេះខាងក្រុមជំនាញមានខាងមណ្ឌលសុខភាព ប៉ូលិសបច្ចេកទេស
ប៉ូលិសព្រហ្មទណ្ឌបានដកហូតទឹកស៊ីអ៊ីវម៉ាក ខាងលើផលិតនៅផ្លូវលេខ៣៦៩
ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនៅសល់ពីការទទួលទានរបស់អ្នកពុល
យកទៅពិនិត្យឲ្យបានច្បាស់លាស់ តើមានសារធាតុពុលពិតមែនឬអត់?៕