ការអប់រំគឺជាការណែនាំប្រៀនប្រដៅ
សំដៅទៅរកអ្វីដែលល្អ សុចរិតទៀងត្រង់
លះបង់អំពើទុច្ចរិតប្រាសចាកទាំងឡាយ
ពោលគឺអ្វីដែលគេស្អប់ខ្ពើម ។ យ៉ាងណាមិញ
ដើម្បីអប់រំកូនឱ្យក្លាយជាមនុស្សល្អ
មិនមែនជាការងាយនោះទេ
ដូច្នេះឪពុកម្តាយគ្រប់រូបត្រូវផ្តល់ដំបូន្មានល្អៗ
អប់រំ ណែនាំស្តីប្រដៅ
និងយកចិត្តទុកដាក់មើលថែរក្សា
និងផ្តល់នូវព្រហ្មវិហារធម៌ចំពោះកូន
ជាពិសេសត្រូវធ្វើជាគំរូល្អៗ
ធ្វើយ៉ាងណាឱ្យកូនយកតម្រាប់តាម ។
លោកតាន់ ងី អាយុ៤៩ឆ្នាំ
ជានាយករងនៃសាលាថែទាំសុខភាពវិទ្យាសាស្ត្រ
និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខា
ភិបាលប្រាប់ឱ្យកោះសន្តិភាពដឹងថា
ការអប់រំកូនឱ្យក្លាយជាមនុស្សល្អ
គឺត្រូវផ្តល់ពេលវេលាសម្រាប់កូនឱ្យបានគ្រប់គ្រាន់
ផ្តល់នូវថវិកាដ៏សមស្របចំពោះការសិក្សារបស់កូន
និងត្រូវតាមដានរាល់សកម្មភាពរបស់កូនឱ្យបានទៀងទាត់ ។
លោកបន្ថែមទៀតថា ត្រូវណែនាំកូនឱ្យស្គាល់នូវសេចក្តីល្អ
និងអាក្រក់ និងប្រភេទមិត្តភក្តិដែលគួរសេពគប់
ម៉្យាងទៀតគួរផ្តល់ដំបូន្មានល្អៗ សម្រាប់អប់រំកូន
និងធ្វើជាគំរូល្អដល់កូន
និងត្រូវលើកទឹកចិត្តកូនឱ្យចេះប្រព្រឹត្តអំពើល្អ
ចេះគោរពចាស់ទុំ ព្រឹទ្ធាចារ្យជាដើម ។
ជាពិសេសត្រូវចំណាយពេលដើម្បីនៅជាមួយកូន
និងផ្តល់នូវភាពកក់ក្តៅជានិច្ច ។ដូចនេះ
ឪពុកម្តាយគ្រប់រូបត្រូវយកចិត្តទុកដាក់ចំពោះកូន
ផ្តល់ភាពកក់ក្តៅ និងដំបូន្មានល្អៗ
ដើម្បីឱ្យកូនក្លាយជាមនុស្សល្អ សង្គមទទួលស្គាល់
និងចៀសផុតអំពើអបាយមុខគ្រប់បែបយ៉ាង ៕