បុគ្គលិកបម្រើការងារសាខាក្រុមហ៊ុនមិតហ្វូន ខេត្តស្ទឹងត្រែងម្នាក់ ស្លាប់ ពេលជិះម៉ូតូបុកជង្ហុក។ (រូបថតៈ សុខុម) |
ជនរងគ្រោះឈ្មោះ ព្រំ អោក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មុនពេលកើតហេតុជននោះ ជិះម៉ូតូម៉ាកវេវ តែម្នាក់ឯង ទំនងក្នុងល្បឿនលឿន បើកទិសដៅពីកើតមកលិចតាមបណ្តោយកំណាត់ផ្លូវមាត់ទន្លេសេកុង។ លុះពេលមកដល់កែងសាលាក្រុងស្ទឹងត្រែង ក៏ទៅបុកជង្ហុកកាយផ្លួវ ដួលស្លាប់តែម្តង។
កន្លែងគ្រោះថ្នាក់ គឺជាការរដ្ឋានដែលខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងជួសជុលផ្លូវ។ កំណាត់ផ្លូវនោះ ត្រូវបានគេកាយដីដាច់ជាកង់ៗ និងមិនទាន់ជួលជុលរួចរាល់នៅឡើយទេ។ ដូចនេះ ពេលមានអ្នកជិះម៉ូតូឆ្លងកាត់មិនប្រយ័ត្ន ក្នុងល្បឿនលឿន នឹងងាយជួបគ្រោះថ្នាក់ណាស់។
ប៉ូលិសបាននិយាយថា ជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿន រួចបុកជង្ហុកកាយផ្លូវផ្លោងជាងប្រាំម៉ែត្រ។ រីឯកំហុសខាងមន្ទីរជំនាញ ពេលកាយផ្លូវហើយ មិនដាក់ស្លាកសញ្ញាប្រុងប្រយ័ត្នឱ្យគេដឹងនោះទេ៕