Sunday, November 18, 2012

ជម្លោះ​ពេល​ផឹកស៊ី យក​អំបែង​កែវ​ឆូត​មុខ របួសធ្ងន់​ម្នាក់

ជនរងគ្រោះ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ដំបង​ប្រើប្រាស់​ពេល​ប្រយុទ្ធ​គ្នា
ខេត្តកំពត: បុរស​ម្នាក់​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ចូល​មន្ទីរពេទ្យ ទាំង​កំពុង​ឈាម​ហូរ​ស្រោច​ខ្លួន ក្នុងស្ថានភាព​របួសធ្ងន់ បន្ទាប់ពី​ទទួលរង​នូវ​ការចាក់​ឆូត​ដោយ​អំបែង​កែវ ព្រោះតែ​ជម្លោះ​ពាក្យសម្តី ពេល​ផឹកស៊ី​ជាមួយគ្នា​តែ​ពីរ​នាក់​។

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា ​ម៉ោង ១ រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១២ ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​កំពត​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពី​ព្យាយាម​រត់គេច ប្រមាណ​ជាង​មួយ​ម៉ោង​រួចមក​។​

​ជនរងគ្រោះ​ ឈ្មោះ លី ម៉ាត់ អាយុ ៧៣​ឆ្នាំ​។ ឯ​ជនសង្ស័យ​ឈ្មោះ ជា ឃីម អាយុ ៥១​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្តកំពត​។​

​ ដោយ​ស្រង់​សម្តី​ពី​កន្លែងកើតហេតុ ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា មុនពេល​កើតមាន​អំពើហិង្សា គេ​ឃើញ​បុរស​ទាំងពីរ​នាក់​អង្គុយ​ផឹកស្រា​តាំងពីព្រឹក ក្នុង​ខ្ចូ​ស​របស់​អ្នកស្រុក ស្ថិតនៅ​កន្លែងកើតហេតុ ដោយ​ផ្ទះ​នោះ​ធ្វើ​ពិធីបុណ្យ​មួយ​។ ការផឹកស៊ី​នៅតែ​បន្ត ទោះ​ពិធីបុណ្យ​បានបញ្ចប់ តាំងពី​ម៉ោង ១១ ព្រឹក ទៅហើយ​ក្តី​។

​ រហូតដល់​ម៉ោង​ប្រហែល ១ រសៀល គេ​ឮ​សំឡេង​អ្នក​ទាំងពីរ​ជជែក​គ្នា អំពី​រឿង​ភ្នាល់ តែ​មិនដឹង​ភ្នាល់​អ្វី​ទេ​។ ពេល​នោះគេ​ឃើញ​ជនរងគ្រោះ​ទះកំផ្លៀង​ជនសង្ស័យ​មួយ​ដៃ រួច​ជនសង្ស័យ​ក៏​ចាប់​បោក​កែវ ហើយ​យក​អំបែង​កែវ​ចាក់​ឆូត​លើ​ផ្ទៃមុខ​ជនរងគ្រោះ បណ្តាលឱ្យ​ហូរឈាម​ស្រោច​ពេញមុខ​។ ការប្រយុទ្ធ​នៅតែ​បន្ត ឈានដល់​ប្រើប្រាស់​ដំបង រហូត​បុរសរងគ្រោះ​ដួលសន្លប់ ទើប​ជនសង្ស័យ​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​។ ភ្លាមនោះ ម្ចាស់ផ្ទះ​ក៏​ជូនដំណឹង​ដល់​សាច់ញាតិ ឲ្យ​ប្រញាប់​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង​បន្ត​ប្តឹង​ចូល​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល​។

​ប្រហែល​មួយ​ម៉ោង​ ក្រោយ ពោលគឺ​ពេល​សមត្ថកិច្ច​កំពុង​សួរនាំ ស្រាប់តែ​ជនសង្ស័យ​វិល​ត្រឡប់មក​កន្លែងកើតហេតុ​វិញ ទើបត្រូវ​ឃាត់ខ្លួន បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ក្រុង ដើម្បី​ចាត់ការ​បន្ត​៕ J

Comments system

Disqus Shortname