ទិដ្ឋភាពពេលរាត្រីនៅប៉ាតាយ៉ា ខេត្តឆុនប៊ូរី ចម្ងាយ៧០គម ពីក្រុងបាងកក ប្រទេសថៃ។ |
ដោយ Gabrielle Paluch
ប្រែសម្រួលដោយ លី សុខឃាង
លទ្ធផលនៃការសិក្សាដំបូងរបស់អង្គការសហប្រជាជាតិ
ដែលពិនិត្យមើលអំពីថាតើការធ្វើឲ្យពេស្យាកម្មក្លាយជាអំពើ
ឧក្រិដ្ឋកម្មបានប៉ះពាល់ដល់ជីវិតរបស់អ្នករកស៊ីផ្លូវភេទ
នៅទូទាំងទ្វីបអាស៊ី
និងបានធ្វើឲ្យការរាលដាលនៃមេរោគអេដស៍កាន់តែធ្ងន់ធ្ងរឡើងយ៉ាង
ដូចម្តេច ត្រូវបានផ្សព្វផ្សាយ។
អង្គការសហប្រជាជាតិ
បានស្ទាបស្ទង់មតិអ្នករកស៊ីផ្លូវភេទនៅក្នុងប្រទេសចំនួន៤៨
នៅទូទាំងទ្វីបអាស៊ី ដើម្បីកំណត់ថាតើច្បាប់ពេស្យាកម្ម
បានប៉ះពាល់ដល់សុវត្ថិភាពនិងសុខភាពរបស់ស្ត្រីរកស៊ីផ្លូវភេទ
និងក្រុមគ្រួសាររបស់ពួកគេយ៉ាងដូចម្តេច។
លោកស្រី ណយ ចាន់តាវីប៉ា អាពីស៊ុក (Noi Chantawipa Apisuk)
គ្រប់គ្រងមូលនិធិមួយសម្រាប់អ្នករកស៊ីផ្លូវភេទនៅប្រទេសថៃ
ដែលត្រូវបានស្គាល់ឈ្មោះជាភាសាអង់គ្លេសថា EMPOWER។ លោកស្រី ថ្លែងថា
ក្រុមអ្នករកស៊ីផ្លូវភេទនៅប្រទេសនេះ
អាចរកប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ
ប៉ុន្តែពួកគេខ្វះការការពារខាងផ្លូវច្បាប់
ដែលត្រូវបានផ្តល់ដល់កម្មករនៅក្នុងឧស្សាហកម្មដទៃទៀត។
លោកស្រីបានកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលថៃឲ្យធ្វើការផ្លាស់ប្តូរ
ជំហរបែបនោះ។
«ការងារផ្លូវភេទ ក៏ជាការងារមួយដែរ
ហើយកិច្ចការកំសាន្តគឺជាមុខរបរមួយដែរ។ បុគ្គលិកផ្នែកកំសាន្ត
ត្រូវបានការពារនៅក្រោមច្បាប់ការងារ
ដូចជាកម្មករក្នុងវិស័យរោងចក្រ និងកម្មករផ្នែកខាងកសិកម្មជាដើម។
ដូច្នេះ ប្រសិនបើយើងទទួលស្គាល់ការងារនេះ ប្រសិនបើពួកគេមានបញ្ហា
វាអាចត្រូវបានដោះស្រាយដោយនិយោជក
និងនិយោជិកនៅក្នុងតុលាការការងារ ជាជាងបញ្ចួនទៅឲ្យប៉ូលីស»។
ក្រុមអ្នកស្រាវជ្រាវនិយាយថា នៅទីកន្លែងដែលអំពើពេស្យាកម្ម
ត្រូវបានហាមឃាត់ អ្នករកស៊ីផ្លូវភេទ ងាយទទួលរងគ្រោះយ៉ាងខ្លាំង
ដោយសារការងាររបស់ពួកគេ ត្រូវបានផ្តល់នូវស្លាកស្នាមទុយ៌ស
និងមិនស្របច្បាប់។ ពួកគេអះអាងថា
ការដកចេញនូវការដាក់ទោសតាមផ្លូវច្បាប់សម្រាប់អំពើពេស្យាកម្ម
អនុញ្ញាតឲ្យមានឳកាសប្រសើរជាងមុនសម្រាប់ការពិនិត្យសុខភាព
និងកម្មវិធីព្យាបាលជាដើម។
បណ្ឌិត ម៉ានឌីប ថាលីវ៉ាល់ (Mandeep Dhaliwal)
នាយកស្តីទីនៃកម្មវិធីសុខភាពអេជអាយវី
និងការអនុវត្តន៍នៃការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN HIV Health
and Development Practice) ថ្លែងថា មានភស្តុតាង
ដែលរដ្ឋាភិបាលមួយចំនួន
កំពុងមានភាពជឿនលឿនទៅមុខក្នុងការផ្លាស់ប្តូរច្បាប់ទម្លាប់
ដែលកំពុងរារាំងដល់ការទប់ស្កាត់មេរោគអេជអាយវី
ប្រកបដោយប្រសិទ្ធភាព។
លោកស្រី បានកោតសរសើរប្រទេសវៀតណាម និងចិន ក្នុងការបញ្ឈប់កម្មវិធី
ដែលបានឃុំខ្លួនអ្នករកស៊ីផ្លូវភេទ និងកូនៗរបស់ពួកគេ។
នៅក្នុងប្រទេសកម្ពុជានិងភូមា
រដ្ឋាភិបាលបានស្នើសុំឲ្យក្រុមប៉ូលីសបញ្ឈប់ការយាយីដល់អ្នករកស៊ី
ផ្លូវភេទ។ ប៉ុន្តែ លោកស្រី និយាយថា
មានគោលនយោបាយប្រទាំងប្រទើសជាច្រើន
ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពសាធារណ។
«ម៉្យាងគឺថា អ្នកចំណាយថវិការរាប់លានដុល្លារ
ក្នុងការផ្តល់ស្រោមអនាម័យ
ដើម្បីទប់ស្កាត់ការចម្លងមេរោគអេជអាយវី ហើយបន្ទាប់មក
ម៉្យាងទៀតគឺថា អ្នកឃើញក្រុមប៉ូលីសរឹបអូសយកស្រោមអនាម័យ
ឬប្រើប្រាស់ស្រោមអនាម័យធ្វើជាភស្តុតាង ដើម្បីចាប់ខ្លួន
ឬយាយីដល់អ្នករកស៊ីផ្លូវភេទ។ វាជាភាពផ្ទុយគ្នាស្រឡះ
ដែលកំពុងធ្វើឲ្យបាត់បង់ជីវិតមនុស្ស»។
លោក ចន ហ្គដវីន (John Godwin)
មេធាវីសិទ្ធិមនុស្សនិងជាអ្នកសរសេររបាយការណ៍នេះ មានប្រសាសន៍ថា
ប្រទេសដែលអនុវត្តវិធីសាស្ត្រដាក់ទោសទណ្ឌតិចតួច
កាត់បន្ថយជាអប្បរមានូវការរំលោភសិទ្ធិមនុស្សនិងគ្រោះថ្នាក់ចំពោះ
សុខភាព។ លោកថ្លែងថា
កិច្ចប្រឹងប្រែងរបស់ប្រជាពលរដ្ឋមូលដ្ឋានដើម្បីធ្វើការជាមួយក្រុម
ប៉ូលីស និងអជ្ញាធរមូលដ្ឋាន
កំពុងរីកចម្រើនទៅមុខក្នុងការបង្កើតបរិស្ថានការងារប្រកបដោយ
សុខភាព សម្រាប់អ្នករកស៊ីផ្លូវភេទ។
«គំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍
ដែលតាមពិតកំពុងរៀបចំខ្លួនដើម្បីធ្វើការចរចាជាមួយក្រុមប៉ូលីសនិង
អជ្ញាធរមូលដ្ឋាន ដើម្បីធ្វើឲ្យលក្ខខណ្ឌការងារមានភាពប្រសើរឡើង។
ពួកគេមានការគាំទ្រពិតប្រាកដពីអជ្ញាធរ
ដើម្បីធ្វើការក្នុងស្ថានភាពប្រកបដោយសុខភាពល្អជាង
និងធ្វើការដោយគ្មានការយាយីពីក្រុមប៉ូលីស។
ដូចដែលខ្ញុំបាននិយាយហើយថា
អ្នកកំពុងមើលឃើញពីភាពជោគជ័យនៅកាល់គូតា(Calcutta)»។
ក្រៅពីប្រទេសឥណ្ឌា របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីប្រទេសប៉ាពួរ
ញ៉ូហ្គីណេ (Papua New Guinea) ម៉ុងហ្គោលី (Mongolia) ថៃ(Thailand)
ហ្វីជី (Fiji) ឡាវ (Laos) និងហ្វីលីពីន (Philippine)
ចំពោះភាពជឿនលឿនទៅមុខផ្នែកច្បាប់
ដែលធ្វើឲ្យប្រសើរឡើងនូវកិច្ចប្រឹងប្រែង
ដើម្បីព្យាបាលនិងទប់ស្កាត់មេរោគអេជអាយវី។
ខណៈដែលក្រុមអ្នកស្រាវជ្រាវថ្លែងថា
ការធ្វើឲ្យពេស្សាកម្មលែងជាអំពើឧក្រិដ្ឋកម្មនៅក្នុងប្រទេស
ទាំងនោះ
នឹងធ្វើឲ្យប្រសើរឡើងដល់ស្ថានភាពសម្រាប់អ្នករកស៊ីផ្លូវភេទ។
ស្ថានភាពនេះមានភាពខុសប្លែកគ្នានៅប្រទេស ឥណ្ឌូនេស៊ី (Indonesia)។
បើទោះជាអំពើពេស្យាកម្មនៅទីនោះ មិនមានភាពស្របច្បាប់ក៏ដោយ
អង្គការសហប្រជាជាតិនិយាយថា ជាទម្លាប់
អ្នករកស៊ីផ្លូវភេទត្រូវបានបំពារបំពានពីសំណាក់ទីភ្នាក់ងារ
អនុវត្តច្បាប់ និងត្រូវបានរើសអើងពីសំណាក់សាធារណ និងរដ្ឋាភិបាល៕