Monday, November 26, 2012

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រំលោភក្មេងស្រី អាយុ ៥ឆ្នាំ

ជនសង្ស័យ ពេល​បញ្ជូន​ដល់​ស្នងការដ្ឋាន​ខេត្តកំពត ក្នុង​បទ​ចាប់រំលោភ​កុមារី​វ័យ​៥​ឆ្នាំ​
កំពត: ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​ឈូក កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់ មក​សាកសួរ​តាម​បណ្តឹង បន្ទាប់ពី​បុរស​រូបនោះ រំលោភ​ក្មេងស្រី​វ័យ ​៥​ឆ្នាំ ហើយ​ទៅសម្ងំ​លាក់ខ្លួន ​ក្នុង​លំនៅស្ថាន​។ នា​ថ្ងៃ​បន្ទាប់ ជនសង្ស័យ ​ត្រូវបាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត ពីបទ​សង្ស័យ​ករណី​ចាប់រំលោភ​នេះ​។ ក៏ប៉ុន្តែបុរសជាប់ចោទ បាន​ដោះសារថា ព្រោះតែ​ការ​ស្រវឹង​។

ហេតុការណ៍នោះ បានកើតឡើង​ កាលពី​វេលា​ម៉ោង​ប្រហែល ​១១ ​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​

​ ជនសង្ស័យ​ក្នុងករណីនេះ ឈ្មោះ ខុន ចាន់​ថៃ អាយុ ២៧​ឆ្នាំ​។ កុមារី​រងគ្រោះ​ និង​ជនសង្ស័យ ​ជា​អ្នករស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។​
​    ​
​ ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​ប្រហែល ​១១​ព្រឹក ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ក្រោយពី​ផឹកស្រា ​នៅ​តូប​មួយ ក្នុងភូមិ​អស់​រយៈពេល​ជា​ច្រើន​​ម៉ោង​មក ជនសង្ស័យ​ក៏​ដើរ​ចុះទៅបត់ជើងតូច ​ប្រមាណ​ប្រហែល ​៤០​ម៉ែត្រ ពី​តូប​​បាន​ជួប​ក្មេងស្រី​តូចៗ​ពីរ​នាក់ កំពុង​ដើរ​បេះ​កប្បាស​។ ក្នុង​ចំណោម​នោះ​ ក្មេង​ម្នាក់ ដែល​ត្រូវជា​កូន​របស់​ម្ចាស់​តូប​លក់​ស្រា ​បាន​ត្រឡប់ទៅផ្ទះ​មុន​។ ព្រោះតែ​បាត់​ក្មេង ស្រី​​ម្នាក់ទៀត​យូរពេក ឳ​ពុក​របស់​ម្ចាស់​តូប​ បាន​តាម​ទៅ​មើល ស្រាប់តែ​ឃើញ​ក្មេងស្រី​រងគ្រោះ​អង្គុយ​ទល់មុខនឹង ខុន ចាន់​ថៃ ដោយ​យំ​សស្រាក់​។

ម្ចាស់តូបលក់ស្រា ​ក៏​ទៅប្រាប់​រឿងនេះ ដល់​ឳ​ពុក​ម្តាយ​កុមារី ​ឱ្យបាន​ដឹង​។ ដោយ​ឡែក​​ ជនសង្ស័យ​ក៏​វិលត្រឡប់​ទៅផ្ទះ​វិញ មិន​បន្ត​ផឹក​ទៀត​ទេ​។

ក្រោយពី​ ទទួល​ដំណឹង​នោះ ឪពុក​កុមា​រី​រងគ្រោះ បាន​រត់​ទៅប្តឹង​ប៉ូលិស​មូលដ្ឋាន ប្តឹងជនសង្ស័យ ​ពីបទ​ចាប់រំលោភ​កូន​របស់ខ្លួន ទើប​ប្រហែល​មួយ​ម៉ោង​ក្រោយ សមត្ថកិច្ច​ចុះទៅ​នាំខ្លួន​ជនសង្ស័យ ពី​លំនៅស្ថាន រួច​បញ្ជូន​ឱ្យ​អធិការដ្ឋាន​ស្រុក​ឈូក សាកសួរ​តាម​បណ្តឹងរបស់​គ្រួសារ​កុមារី​នេះ​។

​ចម្លើយសារភាព​របស់​ ជនសង្ស័យ ​អះអាងថា នៅពេល​កំពុង​ស្រវឹង ​ខ្លួន​បាន​ដើរ​ចុះ ទៅរក​កន្លែង​បត់ជើងតូច ហើយ​ជួបនឹង​កុមារី​ពីរ​នាក់​ ក៏​ចាប់​ឱបថើប និង​ស្ទាប​ប្រដាប់​ភេទ​​ក្មេងស្រី​ម្នាក់ តែ​គេ​រើបម្រះ​រួច​។ ភ្លាមនោះ​ ពួកគេ​ទាំងពីរ​នាក់​ ក៏រ​ត់ទៅ​បេះ​កប្បាស។ ឯ​​ខ្លួន​ដើរ​ទៅមុខទៀត​។ ក្រោយ​បត់ជើង រួច​ពេល​ត្រឡប់មកវិញ ឃើញតែ​ក្មេងស្រី​ម្នាក់ ​នៅ​បេះ​កប្បាស ដោយ​អង្គុយ​លត់​ជង្គង់ ខ្លួន​ក៏​អង្គុយ​ជួយ​បេះកប្បាស ហុច​​ឱ្យ​ ហើយ​ក្មេង​នោះ បាន​រត់​ទៅផ្ទះ​បាត់ ទើប​ខ្លួន ដើរ​សំដៅ​រក​កន្លែង​ផឹកស្រា​បន្ត​ទៀត​។ ចំណែកឯ​ការចាប់ឱបថើប​នោះ មិនដឹង​ជា​ខ្លួន ​បានធ្វើ​អ្វី​លើស​ដល់​កម្រិតណា​ទេ ព្រោះ​ស្រវឹង​ខ្លាំងពេក​។

​ប៉ូលិស​ស្នងការដ្ឋាន បន្តថា តាម​សេចក្តីសន្និដ្ឋាន​របស់​ប៉ូលិស​អធិការដ្ឋាន​ស្រុក​ឈូក បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ខុន ចាន់​ថៃ ពិតជា​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​កុមារី​រងគ្រោះ​វ័យ​ ៥​ឆ្នាំ​ម្នាក់​នោះ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ប្រាកដ​មែន​។ ដូច្នេះ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន នឹង​ដំណើរការ​សាកសួរ​លម្អិត​បន្ត ដើម្បី​បំពេញ​សំណុំបែបបទ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕

Comments system

Disqus Shortname