ភ្នំពេញ:
ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ
ដែលជាស្ពានអាកាសទី៣ នៅរាជធានីភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី២៦
ខែវិច្ឆិកា ឆ្នាំ២០១២
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពានអាកាសស្ទឹងមានជ័យ
ប្រើពេលសាងសង់ ២៨ ខែ គិតចាប់ពីថ្ងៃទី២៦វិច្ឆិកានេះ ដោយចំណាយថវិកាសរុប
១៩ លានដុល្លារអាមេរិក។
សេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ
បង្ហាញថា ស្ពានអាកាសស្ទឹងមានជ័យ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ
ជាការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍរាជធានីភ្នំពេញ
និងដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរជាប្រចាំ
ដែលបណ្តាលមកពីការកើនឡើងនៃយានយន្តគ្រប់ប្រភេទនៅទីតាំងស្តុប
ស្ទឹងមានជ័យ នៃព្រំប្រទស់ខណ្ឌទួលគោក ខណ្ឌចំការមន និងខណ្ឌមានជ័យ។
គម្រោងសាងសង់ស្ពានអាកាសស្ទឹងមានជ័យ
បានប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ១១៨ខ្នង
បង្គោលភ្លើងអគ្គិសនី ចំនួន ៣០ បង្គោល បង្គោលភ្លើងបំភ្លឺសាធារណៈចំនួន
៤១ បង្គោល ដើមឈើចំនួន ១៩ ដើម រួមទាំងបណ្តាញលូ បណ្តាញខ្សែកាប ប្រៃសណីយ៍
ខ្សែកាបអុបទិក និងបំពង់ទឹកស្អាត របស់រដ្ឋាករទឹក មួយចំនួនទៀត។
ក្នុងឱកាសនោះ
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងថា
ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC
ជាអ្នកអនុវត្តការសាងសង់គម្រោងស្ពានអាកាស ស្ទឹងមានជ័យ។ គម្រោងនេះ
នឹងមានការសាងសង់ស្ពានសរុប ចំនួន ៥។ ក្នុងនោះ ស្ពានមេចំនួន១,
ស្ពានតូចចំនួន ៣ និងស្ពានក្រោមដី ចំនួន ១។ ស្ពានមេម្ខាងទី១
សាងសង់អំពីបេតុងអាមេ ស្របពីលើផ្លូវលេខ ២៧១ មានប្រវែងជាង ៤២៩
ម៉ែត្រ ទទឹង ៩ ម៉ែត្រ។ ស្ពានមេម្ខាងទី២ សាងសង់ពីបេតុងអាមេ
មានប្រវែងជាង ៣៧៦ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងមានស្ពានមួយកំណាត់ទៀត
តភ្ជាប់ស្ពានមេ ក្នុងភូមិសាស្ត្រ ដែលមានទទឹង ជាង ១៥ ម៉ែត្រ។
ស្ពានអាកាសតូច ជាស្ពានឯកទិស សាងសង់ពីបេតុងអាមេ មានប្រវែងជាង ១១២
ម៉ែត្រ ទទឹងជាង ៨ ម៉ែត្រ បែកខ្នែងរាងពត់កោង
ភ្ជាប់ពីផ្លូវព្រះមុនីរ៉េត ឡើងទៅភ្ជាប់ស្ពានមេ
និងសាងសង់ស្ពានកាត់ប្រឡាយស្ទឹងមានជ័យ ចំនួន ២ ទៀត ដែលស្ពានទី១
មានប្រវែង ១៨ ម៉ែត្រ ទទឹង ១១ ម៉ែត្រ។ រីឯស្ពានទី២ មានប្រវែង ២០
ម៉ែត្រ ទទឹងជាង ១២ ម៉ែត្រ។ ស្ពានទាំងអស់ អាចទទួលទម្ងន់ បាន ២៥ តោន។
ស្ថាបនា ពង្រីកផ្លូវអ៊ុតកៅស៊ូ អមសង្ខាងស្ពាន ទទឹងជាង ៥ ម៉ែត្រ
ប្រវែងសរុបជាង ១.១៣៤ ម៉ែត្រ និងផ្លូវវាងក្រោមស្ពានប្រវែង ៤៨៧ ម៉ែត្រ
ទទឹងជាង ៦ ម៉ែត្រ។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា
ការស្ថាបនាស្ពានអាកាសស្ទឹងមានជ័យ នឹងត្រូវស្ថាបនារយៈពេល ២៨ ខែ
គឺចាប់ផ្តើមពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១២
ដែលត្រូវចំណាយថវិកាសរុបប្រមាណ ១៩ លានដុល្លារអាមេរិក
ដោយប្រើប្រាស់កញ្ចប់ថវិកា ដែលបានមកពីដីវិនិយោគនៅជ្រោយចង្វារ
របស់ក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC។
ស្ពានអាកាស
ស្ទឹងមានជ័យនេះ គឺជាស្ពានអាកាសទី៣ បន្ទាប់ពីស្ពានអាកាស
ក្បាលថ្នល់ និងស្ពានអាកាស ៧មករា (ពេទ្យលោកសង្ឃ)
ក្នុងរាជធានីភ្នំពេញ។ គម្រោងស្ពានអាកាស នៅរាជធានីភ្នំពេញទាំងនេះ
ត្រូវបានសាងសង់ ដោយក្រុមហ៊ុន OCIC
ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕ S