Sunday, November 25, 2012

ជម្លោះពាក្យសម្តី មន្រ្តីអាវុធហត្ថ បាញ់បុរសជាងទង នៅផ្សារសាំហាន់ រងរបួសធ្ងន់

ភ្នំពេញ៖ បុរសជាងទងម្នាក់ បានរងរបួសធ្ងន់ ដោយសារគ្រាប់កាំភ្លើង របស់មន្រ្តីអាវុធហត្ថ ម្នាក់ បានបាញ់ប្រហារ ទាំងព្រឹក បណ្តាលឲ្យធ្លាយពីក្រោយ ទៅខាងមុខ ចំបំពង់ក ក្រោយពីជនរងគ្រោះ និងជនសង្ស័យ ដែលកំពុងរត់គេចខ្លួន មានទំនាស់ពាក្យសម្តី ជាមួយគ្នា ប៉ុន្តែមិនទាន់ដឹងថា ផ្តើមចេញ ពីរឿងអ្វីនោះទេ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍ បាញ់ប្រហារ ដោយផ្តើមចេញ ពីទំនាស់ពាក្យសម្តីនេះ បានកើតឡើង កាលពីវេលាម៉ោង ៧៖១០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ នៅផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ អាត់ បូរី អាយុ៣៨ឆ្នាំ មុខរបរ ជាងទង នៅក្នុងផ្សារសាំហាន់ មានស្រុកកំណើត នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយត្រូវ បានសាច់ញាតិ និងសមត្ថកិច្ច ជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ។ ខណៈជនសង្ស័យ ដែលជាមន្រ្តី អាវុធហត្ថ មិនទាន់ស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាក់ស្កុបពី ពណ៌ក្រហម គេចខ្លួន បាត់តែម្តង។
ទាក់ទិនឹងបញ្ហានេះ អធិការនគរបាល ខណ្ឌឫស្សីកែវ ដែលទើបនឹងតែងតំាំងថ្មី លោក ទៀង ចាន់សា មិនទាន់អាចធ្វើការ អធិប្បាយនៅឡើយទេ ដោយនិយាយយ៉ាងខ្លីថា អ្នកកាសែតនៅ ឲ្យស្ងៀមសិន ហើយក៏បិទ ទូរស័ព្ទតែម្តង។
ស្នងការរងនគរបាល រាជធានីភ្នំពេញទទួល បន្ទុក ព្រហ្មទណ្ឌ លោក ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា ករណីនេះ គឺផ្តើមចេញពីទំនាស់ពាក្យសម្តី រវាងជនរងគ្រោះ និងជនបង្ក ហើយពេលនោះ ជនបង្កដែលជាមន្រ្តីអាវុធហត្ថ ក៏បានដកកាំភ្លើងបាញ់ ជនរងគ្រោះ តែម្តងរួចជិះម៉ូតូ រត់គេចខ្លួនបាត់ ហើយមិនមែនជា ករណីប្លន់នោះទេ ។
យ៉ាងណាក៏ដោយ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយបី ជួន សុវណ្ណ បានបញ្ជាក់ថា សមត្ថកិច្ច របស់លោកបាន ស្គាល់ អត្តសញ្ញាណ ជនបង្កហើយ និងកំពុងតាមស្វែងរក ចាប់ខ្លួន ឲ្យខាងតែបាន ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងទៀតថា ជនរងគ្រោះ និងជនបង្កជាមនុស្ស ស្គាល់គ្នាពីព្រោះ មានតូបលក់មាសនៅជិតគ្នា ប៉ុន្តែមិនដឹងថា បណ្តាលមកពី មូលហេតុ អ្វីនោះឡើយ។ បច្ចុប្បន្ន ជនរងគ្រោះ ស្ថិតក្រោមការ ជួយសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ កាល់ម៉ែត។
យោងតាមសេចក្តី រាយការណ៍ចុងក្រោយ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ខេង មានស្រុកកំណើត នៅស្រុកតំបែរ ខេត្តកំពង់ចាម និងមានជមន្រ្តីយោធា មិនមែនជាមន្រ្តី អាវុធហត្ថនោះទេ៕

Comments system

Disqus Shortname