Thursday, November 29, 2012

ការតាំង​ពិព័រណ៍​នៅ​ខាង​មុខ​​មន្ទីរពេទ្យ​​​ខេត្ត​ពោធិ៍​សាត់ ​ទទួល​ការ​រិះ​គន់​ពី​មហា​ជន​

ខេត្ត​ពោធិ៍សាត់ ៖ ​មតិ​មហា​ជន​​ជា​ច្រើន​​បានធ្វើការ​​រិះគន់​​អំពីការ​ដាក់​តាំង​​​ពិព័រណ៍​​ ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​​លើក​ទី​​១៣ នៅ​ខេត្ត​ពោធិ៍​សាត់ ដែល​ជ្រើស​រើស​​យក​ទីតាំង​​លើ​ផ្លូវខាងមុ​ខ​មន្ទីរ​ពេទ្យ​​ខេត្ត ។ មតិ​​បាន​រិះគន់​ថា ហេតុ​អ្វី​បាន​ជា​គេធ្វើ​ពិធីតាំង​ពិព័រណ៍​​នៅ​ខាង​​មុខ​មន្ទីរ​ពេទ្យ​​បែប​ នេះ​​ពុំ​មាន​​កន្លែង​ផ្សេង​ទេឬ? ​​ការ​តាំង​​ពិព័រណ៍​​នៅកន្លែង​​នោះ​បង្ក​ការ​លំបាក​គ្រប់​បែប​យ៉ាង​​ដូច​ជា ​បិទ​ផ្លូវ​មិន​អាច​ធ្វើ​​ចរា​ចរណ៍​បាន​ ​សំឡេង​​មនុស្ស​អ៊ូ​អរ និង​​​មាន​​សំឡេង​​តន្ត្រី​​ខ្ទរ​ដល់​អ្នក​​ជំងឺ​​ដែល​កំពុង​​សម្រាក​ព្យា​ បាលនៅ​​ក្នុង​មន្ទីរពេទ្យ​ ពិសេស​នៅ​ពេល​យប់​មាន​​មនុស្ស​ម្នា​​​ទៅ​ទស្សនា​ និង​ទិញ​​ផលិត​ផល​​យ៉ាងណែន​​ណាន់​តាន់​តាប់ ខណៈ​​នោះ​​បើ​សិន​​ជា​មានអ្នក​​​ជំងឺ​ឈឺធ្ងន់​​​ត្រូវការ​សង្គ្រោះ​បន្ទាន់ និង​អាច​ដាច់​ខ្យល់​ស្លាប់​នៅ​ខាងក្រៅ​របង​មន្ទីរ​ពេទ្យ​​នោះ​មិន​ខាន ដោយ​សារ​ស្ទះ​ចរា​ចរណ៍​​រថយន្ត​ចូល​មិន​រួច ព្រោះ​ក្លោង​​​ទ្វារ​មន្ទីរ​​ពេទ្យ​​មាន​តែមួយ​ប៉ុណ្ណោះ ។ ​ម្យ៉ាង​វិញ​ទៀត​សម្រាប់​​កាក​សំណល់​​ទឹក​នោម​ លាមក​ផ្សេង​ៗបោះ​ចូល​ក្នុង​ស្ទឹង​គ្មាន​អនាម័យ​ ប៉ះ​ពាល់​​ដល់​បរិ​ស្ថាន​ សុខ​ភាព និង​ប៉ះ​ពាល់​ដល់​សោភ័ណ​ភាព​កោះ​សំពៅ​មាស​ដែល​ជា​កន្លែង​​ភ្ញៀវ​​ទេស​ចរ​ចូល ​ទៅ​​​លេងក​ម្សាន្ត​​ទៀត​ផង ។
​ឆ្លើយ​តប​​ទៅនឹងការ​រិះគន់​នេះ​មន្ត្រី​សាលា​ខេត្ត​ ម្នាក់​បាន​​បក​ស្រាយ​​ថា កន្លង​មក​ពេល​មាន​ពិធី​បែប​នេះ​​យើងតែង​ធ្វើ​​នៅពហុ​កីឡ​​ដ្ឋាន​​ខេត្ត​ឯ​ ណោះ​ទេ ប៉ុន្តែ​​ដោយ​សារ​ពេល​នេះ​ក្នុង​បរិវេណ​​ពហុ​កីឡ​ដ្ឋាន​ខេត្ត​ភ្លៀង​ធ្លាក់​ ប៉ុន្មាន​​លើក​នៅ​ដក់​ទឹក និង​​ភក់​នៅឡើយ ទើប​​មក​ធ្វើ​នៅ​​លើ​ផ្លូវ​​ខាងមុខ​មន្ទីរ​ពេទ្យ​​នេះ។ នៅ​ទី​នេះទីធ្លា​​មិន​​តូច​ចង្អៀត​ប៉ុន្មាន​ទេ​សម​ល្មម​​អាច​រៀបចំ​​ធ្វើ​ បាន​​ហើយ​មាន​ទីធ្លា​​កោះ​សំពៅមាស​ដ៏​ស្រស់​​ស្អា​​ត​​សម្រាប់​​បង្ក​លក្ខណៈ ​​ផ្តល់​ឱកាស​ឱ្យភ្ញៀវ​ចូល​លេង​កម្សាន្ត​​ទៀត​ផង ។ ​ថ្វី​ដ្បិត​​ផ្លូវ​ខាង​​មុខមន្ទីរ​ពេទ្យ​​មិន​អាចធ្វើ​​​ចរាចរណ៍​បាន​​ក៏​ ពិតមែន ប៉ុន្តែ​​យើង​មាន​ផ្លូវវាង​​ខាងក្រោយ​​អាចធ្វើ​​ដំណើរបាន​មិន​​ ទាស់ខុសអ្វីទេ ។ ចំណែកផ្លូវ​​ចូល​មន្ទីរ​​ពេទ្យ​នោះ​​យើងមាន​កម្លាំង​​នគរបាល​​ប្រចាំ​​ការ​ សម្រាប់​អន្តរាគមន៍​​២៤​ម៉ោងលើ​២៤​ម៉ោង​មិន​​ឱ្យ​ស្ទះ​ចរាចរណ៍​នូវការ​នាំ​​ អ្នក​ជំងឺ​ចូល​នោះ​ទេ ។(KOH)


Comments system

Disqus Shortname