Tuesday, November 27, 2012

សុខ សោម៉ាវត្តី រៀប​ការ​ជាមួយ​កូន​ផ្កាយ​២

ភ្នំពេញៈ ក្រោយ​ភ្ជាប់​ពាក្យ​យ៉ាង​ស្ងប់ស្ងាត់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ទីបំផុត​ស្នេហា​របស់​ សុខ សោម៉ាវត្តី ដែល​កន្លង​មក​ល្បី​ថា​ធ្លាប់​មាន​ការ​រារាំង​ពី​សំណាក់​ឪពុក​ម្តាយ​ខាង​ ប្រុស​នោះ នៅ​ពេល​នេះ​រូប​នាង​បាន​ក្លាយ​ជា​កូន​ក្រមុំ​ពេញ​សិទ្ធិ​របស់​លោក ទូច ដាណារ៉ា ហៅ ពេជ្រ ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នោះ​។
ចំណង ​ស្នេហ៍​ ដែល​មិន​អាច​កាត់​ផ្តាច់​បាន​រវាង​ពិធី​ការិនី និង​ជា​តារា​សម្តែង​ក្រមិច​ក្រមើម​នាង សុខ សោម៉ាវត្តី និង​លោក​ ទូច ដាណារ៉ា ដែល​ជា​កូន​អតីត​ស្នង​ការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​សាង​ស្នេហ៍​មិន​តិច​ឆ្នាំ​ទេ ទម្រាំ​តែ​ពន្លឺ​ស្នេហ៍​ពួក​គេ​បាន​រសាត់​អណ្តែត​មក​ទើរ​លើ​ចំណង​អាពាហ៍​ ពិពាហ៍​ដែល​ជា​ការ​ទទួល​ស្គាល់ និង​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​រៀប​មង្គល​ការ​នេះ​ឡើង​របស់​ឪពុក​ម្តាយ​ទាំង សង​ខាង​នោះ​។
មង្គល​ការ​តារា​ល្បី និង​កូន​មន្ត្រី​ពាក់​ផ្កាយ​២​បែប​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភ្ញៀវ​កិត្តិយស​មាន​កេរ្តិ៍​ឈ្មោះ​ជា​មន្ត្រី​ និង​តារា​ចម្រៀង សម្តែង​ កំប្លែង ប្រមាណ​ជា​២០០​តុ ដោយ​រៀប​ចំ​ពិសា​ភោជនាហារ​ចំនួន​៣​អគារ​ជាប់​គ្នា​នៅ​កោះ​ពេជ្រ ហើយ​ក្នុង​នោះ​គេ​ឃើញ​មាន​វត្តមាន​លោក​ស្រី ម៉ែន សំអន លោក គន់ គីម និង​លោក​ស្រី ហ៊ុន ម៉ាណា បាន​ចូល​រួម​ផ្តល់​កិត្តិយស​ផង​ដែរ​។
ជាមួយ ស្នាម​ញញឹម សុខ សោម៉ាវត្តី បាន​និយាយ​ថា៖​ «ខ្ញុំ​សប្បាយ​រីករាយ​មែន​ទែន​ថ្ងៃ​នេះ តែ​ខ្ញុំ​ក៏​ដូច​ជា​ភ័យ​ៗ​ផង​ដែរ​ក្នុង​ពិធី​ខ្លួន​ឯង​បែប​នេះ»។
ជាមួយ គ្នា​នោះ​ម្តាយ​ សុខ សោម៉ាវត្តី ក៏​បាន​ឲ្យ​ដឹង​នៅ​មុន​ពេល​ពិធី​មង្គលការ​កូន​អ្នក​ស្រី ជាមួយ​នឹង​កូន​អតីត​ស្នងការ​រាជធានី​ភ្នំពេញ​លោក ទូច ណារ៉ុថ ថា ភាគី​ដន្លង​ជា​អ្នក​រៀបចំ​ចាត់​ចែង​កម្មវិធី​ដោយ​ផ្ទាល់​។​ អ្នក​ស្រី​បញ្ជាក់​ថា មង្គលការ សុខ សោម៉ាវត្តី មាន​ភ្ញៀវ​កិត្តិយស​ចូល​រួម​យ៉ាង​ច្រើន​កុះករ​នៅ​កោះ​ពេជ្រ​ តែ​អ្នក​ស្រី​ក៏​មិន​ហ៊ាន​និយាយ​ថា កម្ម​វិធី​នោះ​ធំ​ប៉ុនណា​ដែរ គឺ​ស្រេច​តែ​លើ​ការ​វាយ​តម្លៃ​របស់​ភ្ញៀវ​កិត្តិយស។
អ្នក​ស្រី​​និយាយ​ថា៖​ «​អូ! ភ្ញៀវ​ចូល​រួម​ហ្នឹង​ច្រើន​ណាស់ ហើយ​រឿង​ថា ធំ ឬ​តូច​នោះ ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ»។
កន្លង មក ចំណង​ស្នេហ៍​រវាង សុខ សោម៉ាវត្តី និង​លោក ពេជ្រ មាន​ការ​ល្បី​ថា ក្រុម​គ្រួសារ​លោក ពេជ្រ មិន​ពេញ​ចិត្ត​ចំពោះ​ពិធី​ការិនី សុខ សោម៉ាវត្តី តែ​នាង​តែង​តែ​ចេញ​មុខ​បដិសេធ​។
ដើម្បី​បញ្ជាក់​បញ្ហា​នេះ​ជា​ថ្មី​ ម្តាយ សុខ សោម៉ាវត្តី បាន​ឲ្យ​ដឹង​ថា មិន​ដែល​មាន​រឿង​បែប​នោះ​ឡើយ ហើយ​នៅ​ក្នុង​ការ​រៀប​អាពាហ៍​ពិពាហ៍​នេះ អ្នក​ស្រី​ក៏​បាន​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ដន្លង​ឪពុក​ម្តាយ​ កូន​ប្រុស​ដែរ៕








Comments system

Disqus Shortname