Sunday, November 18, 2012

រដ្ឋមន្ត្រីការបរទេស​អាស៊ាន បញ្ចប់​កិច្ចប្រជុំ សម្រាប់​មេដឹកនាំ​កំពូល​អាស៊ាន នៅ​ថ្ងៃ​អាទិត្យ​

រដ្ឋមន្ត្រីការបរទេស ជួបប្រជុំ នាថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )
ភ្នំពេញ: កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ទាំង ១០ ប្រទេស បាន​ធ្វើឡើង កាលពី​ព្រឹក ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព ដើម្បី​ត្រៀម​រៀបចំ​ឯកសារ​សំខាន់ៗ សម្រាប់​មេដឹកនាំ​កំពូល​អាស៊ាន ជួបប្រជុំ និង​សំរេច នៅក្នុង​កិច្ចប្រជុំ​កំពូល លើក​ទី​២១ នៅ​ថ្ងៃ​ទី​១៨​វិច្ឆិកា ឆ្នាំ​២០១២​។​
​    ​
​ បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ពេល​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក កៅ គឹមហួន រដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានបញ្ចប់​កិច្ចប្រជុំ​បី ដែល​រួមមាន កិច្ចប្រជុំ​ការបរទេស​អាស៊ាន ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​សន្តិ​សុខ​ថ្នាក់​រដ្ឋមន្ត្រី ជា​កិច្ចប្រជុំ​លើក​ទី​៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​កម្រិត​ថ្នាក់​ រដ្ឋមន្ត្រី លើក​ទី​១១​។​

​លោក កៅ គឹមហួន បាន​បង្ហាញ​ពី​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​ទាំងបី​នោះ រួមមាន​៖ សម្រាប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ផ្លាស់ប្តូរ​មតិ យោបល់​អំពី​បញ្ហា​តំបន់​អន្តរជាតិ ដូចជា ព្រឹត្តិការណ៍​នៅ​ប្រទេស​ស៊ី​រី ជាដើម ទាក់ទង​នឹង​ឧបទ្វីប​កូរ៉េ​។ ក្រៅ​ពី​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​សមុទ្រ​ចិន​ខាងត្បូង និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​។ ដោយឡែក​ទៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​បាន​លើក​អំពី​ការងារ ដែល​ត្រូវ​តាមដាន​តាំងពី​កាល​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​៤៧ កាលពី​ខែ​កក្កដា និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ក្រៅផ្លូវការ នៅ​ទីក្រុង​លី​យ៉ុង​នៅ​ខែ​កញ្ញា​កន្លងទៅនេះ ហើយ​ការសំខាន់​ខ្លាំង​នោះ គឺ​ការជំរុញ និង​ការអនុវត្ត​នៃ​ធម្មនុញ្ញ​អាស៊ាន ក៏​ដូចជា​ពិនិត្យ​មើល​ឡើងវិញ នៃ​ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​របស់​អាស៊ាន ក្នុង​ការកសាង​សគម​ន៍​អាស៊ាន​។

​លោក កៅ គឹមហួន បាន​បន្ថែមថា ជា​សមិទ្ធផល​ដូច​យើង​ឃើញស្រាប់​ហើយ​នៅក្នុង​កិច្ចប្រជុំ​ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​លេចធ្លោ​ខ្លាំង ដូចជា​ការកសាង​សហគមន៍​អាស៊ាន​នេះ គឺ​ការផ្លាស់ប្តូ​រមតិ​ទៅលើ​សភាព​តំបន់​អន្តរជាតិ​។ រី​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​សន្តិ​សុខ​អាស៊ាន បាន​ពិនិត្យ​មើល​ការងារ​មួយចំនួន ដែល​បាន​សម្រេច​កន្លងទៅនេះ ជាពិសេស​នៅក្នុង​ក្រប​ខណ្ឌ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​សន្តិ​សុខ​នេះ​។ ក្នុងនោះដែរ គឺ​ការជំរុញ​ឲ្យមាន​សេចក្តី​ថ្លែងការណ៍​សិទ្ធិមនុស្ស​អាស៊ាន ការជំរុញ​ឲ្យមាន​ការ​ផ្តល់​នូវ​សច្ចាប័ន​នៃ​ការចូលរួម TSC​។
​លោក កៅ គឹមហួន បាន​លើកឡើង​ថា នេះ​មុន​កិច្ចប្រជុំ​សន្និសីទកាសែត យើង​បានឃើញ​ហើយ​ថា ប្រទេសប្រេ​ស៊ីល បាន​ចូល​ជា​ភាគី​មួយទៀត នៃ​សន្ធិសញ្ញា​មិត្តភាព​សហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍ ជា​ប្រទេស​ទី​៣១ ។

​ ក្រៅពីនេះទៀត លោក កៅ គឹមហួន បាន​លើកឡើង​ថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​មាន​ការជំរុញ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ត្រូវ​ពង្រឹង​ការប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស និង​បញ្ហា​ផ្សេងៗ​ទៀត​។ ដោយឡែក​ទៀត ការពិភាក្សា​ទៅលើ​សន្ធិសញ្ញា​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គ្មាន​អាវុធ​នុយក្លេអែរ កន្លងមកនេះ មាន​ការជំរុញ​ការងារ​នេះ មិនទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ដែល​យើង​កំពុង​ធ្វើការ​ចរចា​បន្ត​ទៀត ជាមួយ​ប្រទេស​មហាអំណាច​ទាំង​៥ ដែល​មាន​អាវុធ​នុយក្លេអែរ​នេះ​។​

​លោក កៅ គឹមហួន ក៏​បាន​បន្ថែមថា ចំពោះ​លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​កម្រិត​ថ្នាក់​ រដ្ឋមន្ត្រី លើក​ទី​១១ ហៅ​កាត់​ថា ACC ជា​ការត្រៀម​សម្រាប់ កិច្ច ប្រជុំ​អាស៊ាន​កំពូល​លើក​ទី​២១ កិច្ចប្រជុំ​អាស៊ាន​បូក​បី ខួប​ស្សាវ​រីយ៍​លើកទី​១៥ និង​កិច្ចប្រជុំ អាស៊ាន​កំពូល​បូក​១ ជាមួយ​ចិន ជប៉ុន កូរ៉េ និង​ប្រទេស​ឥណ្ឌា និង​លទ្ធផល​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​រវាង​អាស៊ាន និង​សហរដ្ឋអាមេរិក ក៏ដូចជា​កចិ្ចប្រជុំ​អាស៊ាន​កំពូ​លលើក​ទី​៧​។ ការត្រៀម​នេះ ជាពិសេស គឺ​ពិនិត្យ​មើល​ឯកសារ​ទាំងអស់​ដើម្បី​ឆ្លង​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល ក្នុង​ការចុះហត្ថលេខា និង​អនុម័ត ដែល​ឯកសារ​ទាំងអស់​ក្នុងនោះ​បាន​ឆ្លងកាត់ ACC ទាំងស្រុង​។ ដោយឡែក​ទៀត​រដ្ឋមន្ត្រី ACC ក៏បាន​អនុម័ត​ទៅលើ​អគ្គលេខាធិការ​ថ្មី ដែល​ជា​បេក្ខភាព​មក​ពី​ប្រទេស​វៀតណាម នឹង​ស្នើ​ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន សម្រេច​អគ្គលេខាធិការ​ថ្មី ដែល​នឹង​ចូល​មក​កាន់​អាណត្តិ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៣ ទៅ​ចន្លោះ​ឆ្នាំ​២០១៧ ហើយ​នឹង​ការឯកភាព​ទៅ​លើ​សម្រាប់​អគ្គលេខាធិការ​អាស៊ាន​នា​ឆ្នាំ​២០១៣​។​

​ សូម​រម្លឹកថា តាម​កម្មវិធី កិច្ចប្រជុំ​អាស៊ាន កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា ឆ្នាំ​២០១២ រួមមាន​៖ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​សហគម​សន្តិសុខ​នយោបាយ​អាស៊ាន កិច្ចប្រជុំ​រៀបចំ​សម្រាប់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ចប្រជុំ​លើក​ទី​១១​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​។​
​    ​
​ ក្នុងនោះ កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា ឆ្នាំ​២០១២ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​ប្រេ​ស៊ីល ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន ក៏​បាន​ចុះហត្ថលេខា​លើ​លិខិ​តូបក​រណ៍ នៃ​ការអនុញ្ញាត​ឲ្យចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ សម្រាប់​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ីល និង​លិខិ​តូបក​រណ៍នៃការ​សុំ​ចូល​ជា​ភាគី នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នៅ​អាស៊ី​អាគ្នេយ៍ របស់​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ីល​៕

Comments system

Disqus Shortname