Friday, November 30, 2012

រូបសំណាក​ជា វិជ្ជា​ក៏​សង់​មិន​ទាន់​ហើយ​សាលដីកា​ក៏​មិនទាន់​ចេញ

លោក​ជាវិជ្ជា​ អតីត​ប្រធាន​សហជីព​កម្មករ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
រូបសំណាក​របស់​អតីត​ប្រធាន​សហជីព​សេរី​ កម្មករ​​ លោក​ជា វិជ្ជា ​នៅ​មិន​ទាន់ត្រូវបាន​សាងសង់​រួចរាល់​នៅឡើយទេ នេះ​បើតាម​ការអះអាង​របស់​លោក​ជា មុនី ​ដែល​ជាប្អូនប្រុស និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​បច្ចុប្បន្ននេះ។ លោក​ជា មុនី​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​នៅ​ពេល​ដែល​សាលាឧទ្ធរណ៍​នៅ​មិន​ ទាន់អាច​ប្រកាសសាលដីកា​ក្នុង​សំណុំរឿង​ឃាតកម្មលើ​បងប្រុស​ របស់លោករហូតដល់ពេលនេះ។

លោកជា មុនី បាន​ឲ្យដឹង​ថា រូបសំណាក​របស់លោក ជា វិជ្ជា នៅ​មិនទាន់​សាងសង់​រួចរាល់​នៅឡើយទេ​រហូតដល់​ពេលនេះ។ លោក​ជា មុនី​ ដែល​កំពុង​កាន់តំណែង​ជា​ប្រធាន​សហជីព​សេរី​កម្ម​​ផងនោះ បាន​បញ្ជាក់ថា គេត្រូវ​ផ្ចិតផ្ចង់​ឆ្លាក់រូប​លោក​ជា វិជ្ជា​អោយ​បាន​ស្អាត។ រូបសំណាក​លោកជា វិជ្ជា​ដែល​មាន​ទម្ងន់ ១តោន​ ត្រូវ​សាងសង់​ពី​ថ្មភក់។

រូបសំណាក​របស់​បងប្រុស​ ដែល​លោក​ជា មុនី​បាន​ស្នើ​សុំទៅ​អាជ្ញាធរ​​ជាច្រើន​ឆ្នាំ ដើម្បី​ទុកជា​ការ​គោរព​របស់​កម្មករ​កម្មការិនី​នៅសាងសង់​​មិនទាន់ហើយ រីឯជនល្មើសប្រព្រឹត្តឃាតកម្ម​លើ​លោក​ជា វិជ្ជា​ ក៏​មិន​ទាន់ត្រូវបាន​រកឃើញ​នៅឡើយដែរ។ ប្រការ​នេះ​ហើយ​ដែល​ធ្វើ​អោយ​លោកជា​ មុនី​នៅ​មាន​អារម្មណ៍​មិន​ទាន់អស់ចិត្ត​នៅ​ពេលនេះ។

កាលពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ ចៅក្រម​សាលាឧទ្ធរណ៍​បានសម្រេចលើកពេល​ប្រកាស​សាលដីកា​លើសំណុំរឿង​របស់​លោក​ជា វិជ្ជា​នេះទៀត។ ជាការ​លើកពេល​ដោយ​គ្មាន​កាល​កំណត់ទៀតផង។

លោក​ជា វិជ្ជា​ ប្រធាន​សហជីពសេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ត្រូវបាន​ឃាតក​បាញ់​ប្រហារ​ កាលពីព្រឹក​ថ្ងៃទី​២២​កុម្ភៈ ឆ្នាំ​២០០៤។ លោក​ជា មុនី​បាន​ថ្លែងថា រយៈពេល​ជិត​៩ឆ្នាំហើយ ​ដែល​លោក​នៅ​រង់ចាំ​មើលឃាតក​ត្រូវ​ចាប់ខ្លួន។

គួរ​រម្លឹកថា បើទោះជា​ចាប់ឃាតក​កាត់ទោស​មិនទាន់បាន​ក៏ដោយ តាម​រយៈការគោរព​វិញ្ញាណក្ខន្ធ​ជារៀងរាល់ឆ្នាំ លោក​ជា មុនី​ បាន​ស្នើសុំទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ដោយ​ផ្ទាល់​ ដើម្បី​សាងសង់​ និង​ដាក់តាំង​រូបសំណាក​បងប្រុស​របស់​លោកនៅ​លើពយ​សួនច្បារ​ ក្បែរវត្តលង្កា ទីដែ​ល​បងប្រុស​របស់​លោកត្រូវ​ឃាតក​បាញ់សំលាប់។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​យល់ព្រម​តាមការ​ស្នើសុំ​ តាំងពី​ក្នុង​ខែ​មករា​ដើមឆ្នាំ​២០១២​នេះ។

លោក​ជា​ មុនី​មិន​ទាន់ដឹង​ប្រាកដថា តើ​ការ​រម្លឹក​ខួប​នៃមរណៈភាពឆ្នាំ​ទី​៩របស់លោកជា វិជ្ជា​នឹង​អាច​ប្រារព្ធធ្វើ​ជាមួយ​នឹង​រូបសំណាក​របស់​លោក​ជា វិជ្ជា​បាន ឬក៏អត់​ទេ នៅពេល​ដែល​លោក​នៅ​មិន​ទាន់ដឹងថា តើ​រូបសំណាក​នោះ​នឹង​អាចសាងសង់​បញ្ចប់​នៅពេល​ណា? 

Comments system

Disqus Shortname