Thursday, November 29, 2012

អាជីវករ​ខក​ចិត្ត​នៅ​ក្នុង​រដូវ​ទិញ​ទំនិញ​ឆ្នាំ​នេះ​ខណៈ​ដែល​ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​លុប​ចោល

អតិថិជន​ចូល​មក​មើល​ផលិត​ផលនានា ដែល​ដាក់​លក់​បញ្ចុះតម្លៃ​ក្នុង​ឱកាស​បុណ្យអុំទូក​កាល​ពីថ្ងៃម្សិលមិញ​​។ រូបថត ហុង មិនា
ភ្នំពេញៈ ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ពិធី​បុណ្យ​ អុំទូក​រយៈ​ពេល​បីថ្ងៃ មាន​ស្តង់​ទំនិញ​រាប់​រយ​នៅ​តាម​មាត់​ទន្លេ និង​តំបន់​នៅ​ក្បែរៗ​នោះ លាយ​ឡំ​នឹង​សំឡេង​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​តាម​ស្តង់​របស់​ក្រុម​ ហ៊ុន​នីមួយ​ៗ។
ពិធី​បុណ្យ​អុំទូក​ដែល​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​ជា​ឱកាស​ សម្រាប់​ក្រុម​ហ៊ុន​លក់​ដុំ​និង​លក់​រាយ​ផលិត​ផល​ជា​ច្រើន​រួម​ទាំង​អាជីវករ ​ក្នុង​ការ​ទទួល​បាន​ផល​ចំណេញ​ពី​អ្នក​ប្រើ​ប្រាស់​។
ឆ្នាំ​នេះ​មិន​ ដូច​ឆ្នាំ​មុន​ពិធី​បុណ្យ​អុំទូក​រយៈ​ពេល​បីថ្ងៃ​នៅ​ភ្នំពេញ​មាន​សភាព​ស្ងប់ ​ស្ងាត់ គេ​មិន​ប្រទះ​ឃើញ​មាន​ស្តង់​លក់​ទំនិញ​នៅ​តាម​មាត់​ទន្លេ​ដូច​រាល់​ឆ្នាំ​ទេ ​ខណៈ​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ពិធី​បុណ្យ ដោយ​សារ​ការ​យាង​ចូល​ទិវង្គត​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​។
បើ​ ទោះ​បី​យ៉ាង​នេះ​ក្តី​គេ​នៅ​តែ​ប្រទះ​ឃើញ​ការ​រៀប​ចំ​ស្តង់​ផលិត​ផល​នៅ​តាម​ មណ្ឌល​ពាណិជ្ជកម្ម​នានា​ក៏​ដូច​ជា​នៅ​តាម​ក្រុម​ហ៊ុន​ខ្លួន​ឯង​ផ្ទាល់​ជាមួយ ​នឹង​ការ​ផ្សព្វ​ផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដូច​រាល់​ឆ្នាំ​អ៊ីចឹង​ដែរ​។
ប៉ុន្តែ ​មិន​ទទួល​បាន​ការ​ទាក់​ទាញ​ពី​អតិថិជន​ខ្លាំង​ក្លា​នោះ​ទេ​។​នេះ​ជា​ការ​ កត់​សម្គាល់​របស់​អាជីករ​មួយ​ចំនួន​ដែល​តាំង​លក់​ផលិត​ផល​នៅ​ភ្នំពេញ​។
សកម្ម ​ភាព​លក់​ទំនិញ​បញ្ចុះ​តម្លៃ​នៅ​តែ​បន្ត​នៅ​កោះ​ពេជ្រ​ជា​កន្លែង​កម្សាន្ត​ ថ្មី​ដ៏​មាន​ប្រជាប្រិយ​មួយ​នៅ​ភ្នំពេញ​ទោះ​បី​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ឆ្នាំ​នេះ​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ​។
នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ​ អាជីវករ​ជា​ច្រើន​ដែល​បាន​តាំង​លក់​ផលិត​ផល​របស់​ខ្លួន​ក្នុង​ថ្ងៃ​ឈប់​ សម្រាក​នេះ បាន​ត្អូញ​ត្អែរ​អំពី​ការ​លក់​មិន​សូវ​កាក់​កប​ដូច​ឆ្នាំ​មុន​ៗ​ព្រោះ​អ្នក​ ធ្វើ​ដំណើរ​មាន​តិច​តួច​នៅ​ក្រុង​ភ្នំពេញ​។
លោក​ម៉ាត់​យូ​សុះ​នាយក​ ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​Pic Beauty​Co.​Ltd​ដែល​តាំង​លក់​ផលិត​ផល​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី​មាន​សាប៊ូ ​និង​គ្រឿង​ក្រអូប​បាន​និយាយ​ថា​ការ​លក់​ដូរ​ក្នុង​ឆ្នាំ​នេះ​បាន​ធ្លាក់​ ចុះ​ប្រហែល​១០​ដង​ប្រៀប​ធៀប​ទៅ​នឹង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ក្នុង​ឆ្នាំ​ មុន​ដែល​អាច​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន​មក​ពី​បណ្តា​ខេត្ត​។
លោក​ បន្ត​ថា​៖​«​មនុស្ស​មក​ពី​ខេត្ត​ច្រើន​ចំនួន​មនុស្ស​ដើរ​ច្រើន​ការ​ទិញ​ក៏​ ច្រើន​ដែរ​។​តែ​ពេល​អត់​ពិធី​បុណ្យ​ដូច​នេះ​អ្នក​ដែល​ដើរ​គឺ​មាន​តែ​អ្នក​ទី ​ក្រុង​ភ្នំពេញ​។​អ្នក​នៅ​ក្រុង​ភ្នំពេញ​របស់​ប្រើ​ប្រាស់​ដែល​គាត់​ប្រើ​ ប្រាស់​ជា​ប្រចាំ​គឺ​ងាយ​រក​ទិញ​នៅ​តាម​ទីផ្សារ​ដូច​នេះ​គាត់​មិន​សូវ​ទិញ​ ប៉ុន្មាន​ទេ​»​។
លោក​បាន​លើក​ឡើង​ថា​ពេល​មាន​ពិធី​បុណ្យ​អុំទូក​ចំណូល ​បាន​ពី​ការ​លក់​យ៉ាង​ហោច​ណាស់​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​តែ​ពេល​នេះ​ មិន​ចង់​បាន​១ពាន់​ដុល្លារ​ផង​។​លោក​បន្ត​ថា​តាម​ការ​ប៉ាន់​ប្រមាណ​កាល​ពី​ ថ្ងៃ​អង្គារ​មាន​ភ្ញៀវ​ចូល​មក​កាន់​ស្តង់​របស់​លោក​នៅ​កោះ​ពេជ្រ​មាន​ប្រមាណ ​១​ពាន់​នាក់​ប៉ុន្តែ​អ្នក​ទិញ​មាន​ប្រមាណ​តែ​៣០០​នាក់​ប៉ុណ្ណោះ​។​លោក​ ថ្លែង​ថា​៖​«មាន​ពិធី​បុណ្យ​អ្នក​មក​ពី​ខេត្ត​គឺ​ច្រើន​លើស​លប់​។​អ្នក​ ខេត្ត​ពេល​មក​សំដៅ​ទិញ​អីវ៉ាន់​ព្រោះ​ផលិត​ផល​នៅ​តាម​ខេត្ត​លំបាក​រក​និង​ តម្លៃ​ក៏​ខ្ពស់​»​។
ងាក​ទៅ​មើល​ហាង​លក់​ផលិត​ផល​អេឡិច​ត្រូនិក​ម៉ាក​ កាណុង​របស់​ក្រុម​ហ៊ុន​I-Quick​ស្ថ្តិត​នៅ​លើ​ផ្លូវ​ព្រះ​សីហនុ​ដែល​តាំង​ លក់​ផលិត​ផល​បញ្ចុះ​តម្លៃ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នេះ​។​បុគ្គលិក ​នៃ​ក្រុមហ៊ុន​នេះ​ក៏​បាន​អះ​អាង​ពី​ការ​លក់​ធ្លាក់​ចុះ​បើ​ប្រៀប​ធៀប​ទៅ​ នឹង​ឆ្នាំ​មុន​ដែរ​។
កញ្ញា​សេង​រជ្ជនី​អ្នក​គ្រប់​គ្រង​ការ​លក់​នៃ​ ក្រុម​ហ៊ុន​បាន​និយាយ​ថា​កាល​ពីឆ្នាំ​មុន​ការ​លក់​បាន​ចំណូល​ប្រមាណ​៣​ម៉ឺន​ ទៅ​៤​ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​តែ​ឆ្នាំ​នេះ​ការ​លក់​បាន​ធ្លាក់​ ចុះ​ប្រមាណ​៣០​ភាគរ​យ​ធៀប​នឹង​ឆ្នាំ​មុន​។
កញ្ញា​បន្ត​ថា៖​«​យើង​មិន​ តូច​ចិត្ត​ទេ​ទោះ​បី​យើង​លក់​មិន​បាន​ច្រើន​ដូច​កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ។​ ការ​លក់​ថយ​គឺ​ក្នុង​កម្រិត​មួយ​តូច​តាច​ទេ​វា​មិន​ប៉ះ​ពាល់​ដល់​ក្រុម​ហ៊ុន ​នោះ​ទេ​»​។
កញ្ញា​លើក​ឡើង​ថា​ផលិត​ផល​ដែល​លក់​ដាច់​ជាង​គេ​ក្នុង​ពេល ​បញ្ចុះ​តម្លៃ​គឺ​ម៉ាស៊ីន​គិត​លេខ​កាមេរ៉ា​និង ម៉ាស៊ីន​ព្រីន​ធ័រ​៖​«​យើង​លក់​បញ្ចុះ​តម្លៃ​ព្រោះ​យើង​ចង់​បង្កើន​ការ​ប្រើ ​ប្រាស់​នៃ​ផលិត​ផល​ម៉ាក​កាណុង​គ្រប់​ប្រភេទ​។​ថ្ងៃ​ធម្មតា​ក៏​យើង​លក់​ដាច់ ​ដែរ​តែ​ឱកាស​នេះ​យើង​ចង់​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ស្គាល់​ពី​ក្រុមហ៊ុន​ របស់​យើង​»​។
លោក​អាន​ដឺលុច​នាយក​ក្រុម​ហ៊ុន​អេស​អិល​កម្ពុជា​ដែល​មាន ​នាំ​ចូល​ផលិត​ផល​បរិភោគ​ដូចជា​ស្ករ​គ្រាប់​និង ផ្លែ​ឈើ​ក្រៀម​ពី​ប្រទេស​វៀតណាម​បាន​និយាយ​ថា​លោក​សុខ​ចិត្ត​តាំង​ផលិតផល​ លក់​ក្នុង​ឆ្នាំ​នេះ​ទោះ​បី​ដឹង​ថា​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ត្រូវ​គេ​លុប ​ចោល​ក៏​ដោយ​ព្រោះ​បទ​ពិសោធ​កាល​ពី​ឆ្នាំ​មុន​មាន​មនុស្ស​មក​ចូល​រួម​ច្រើន​ ។​លោក​បន្ត​វា​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​អាជីវករ​ខាង​លើ​ដែរ​ដែល​មួយ​ថ្ងៃ ​យ៉ាង​ហោច​ក៏​ទទួល​បាន​អតិថិជន​៣០០​នាក់​ចូល​មក​ទិញ​អីវ៉ាន់​ហើយ​ចំណូល​បាន​ ប្រមាណ​ចន្លោះ​ពី​៥០០​ទៅ​១០០០​ដុល្លារ​។
លោក​បាន​ថ្លែង​ទៀត​ថា​៖​«​យើង​ចូល​រួម​តាំង​ផលិត​ផល​លក់​ព្រោះ​យើង​ចង់​ឲ្យ​គេ​ស្គាល់​ផលិត​ផល​របស់​យើង​ដែល​ទើប​នាំ​ចូល»​។
ជា ​ធម្មតា ជា​រៀង​រាល់​ចុង​ឆ្នាំ​ក្រុម​ហ៊ុន​លក់​ផលិត​ផល​តែងតែ​ដាក់​លក់​ផលិត​ផល​ បញ្ជុះ​តម្លៃ​សម្រាប់​ដំណាច់​ឆ្នាំ​ឬ​ជា​អ្វី​ដែល​គេ​ហៅ​ថា«លក់​លាង​ឃ្លាំង​ »​៕(postkhmer)

Comments system

Disqus Shortname