Sunday, November 18, 2012

ក្រុម​សង្គម​ស៊ីវិល​និង​អ្នក​សារព័ត៌​មាន​ស្នើ​ឲ្យ​មេ​ដឹក​នាំ​អាស៊ាន​គិត​គូរ​ពី​ច្បាប់​ស្តី​ពី​សេរីភាព​សារ​ព័ត៌មាន


121116_08
​​ប្រ​ជាសហគមន៍​បឹងកក់​ទាម​ទារ​​ការ​ឆ្លើយ​តប​លើ​សិទ្ធិ​​រស់​នៅ នៅ​មុខ​រដ្ឋ​សភានាពេលកន្លង​​មក។ រូប​​ ជី​វ័ន​

ភ្នំពេញៈ ក្រុម ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​រួម​ទាំង​អ្នក​សារព័ត៌មាន ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​បាន​អំពាវនាវ​និង​ជំរុញ​ឲ្យ​ មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​គិត​គូរ​ពី​ការ​បង្កើត​ច្បាប់​ស្តី ពី​សេរីភាព​សារព័ត៌មាន​អាស៊ាន​រួម​គ្នា​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​លើក​ កម្ពស់​ការ​យល់​ដឹង​ពី​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​ពេញលេញ។
លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ទៅ​ជា​សហគមន៍​ប្រជាជាតិ​តែ​មួយ​មាន​វាសនា​តែ​មួយ នៅ​ឆ្នាំ​២០១៥​ខាង​មុខ អាច​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ សេដ្ឋកិច្ច សង្គម នៅ​ក្នុង​តំបន់​នេះ ពិសេស​ប្រទេស​កម្ពុជា តាម​រយៈ​លំហូរ​ចូល​នៃ​វិនិយោគិន ពី​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​សហគមន៍​អាស៊ាន និង​ប្រទេស​ដៃ​គូ​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​។ ទន្ទឹម​គ្នា​នេះ បញ្ហា​ប្រឈម​នានា​ក៏​នឹង​កើន​ច្រើន​ថែម​ទៀត បើ​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ ពុំ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន ទេ។
លោក​ ស្រី​បាន​ថ្លែង​ថា៖«​ការ​រៀបចំ​ច្បាប់​ស្ដី​ពី​សិទ្ធិ ទទួល​បាន​ព័ត៌មាន និង​ច្បាប់​ស្ដី​ពី​សេរី​ភាព​សារ​ព័ត៌មាន​អាស៊ាន​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ និង​ការ​យល់​ដឹង​ជា​មូលដ្ឋាន»។
កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នឹង​ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​នេះ​នៅ​រាជធានី​ភ្នំពេញ។មេដឹកនាំ​អាស៊ាន និង​មេ​ដឹកនាំ​ប្រទេស​មហា​អំណាច រួម​មាន​សហរដ្ឋ​អាមេរិក ចិន និង​មក​ពី​ប្រទេស​ដទៃ​ទៀត​គ្រោង​នឹង​ជជែក​គ្នា អំពី​បញ្ហា​បរិស្ថាន សន្តិសុខ ថាមពល បញ្ហា​តំបន់​និង​បញ្ហា​សកល​មួយ​ចំនួន​ផង។
លោក​ស្រី​ វេជ្ជបណ្ឌិត បាន​សម្ដែង​សុទិដ្ឋិ​និយម​ថា ប្រមុខ​រដ្ឋាភិបាល​ទាំងអស់​ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ាន ក៏​ដូចជា​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មហា​អំណាច​មួយ​ចំនួន ដែល​ចូលរួម​នៅ​ក្នុង​ជំនួប​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ នឹង​លើក​យក​អំពី​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី មក​ពិភាក្សា​និង​ជំរុញ​ឲ្យ​គិត​គូរ​អំពី​ការ​ធ្វើ​ច្បាប់​អាស៊ាន​រួម​មួយ ស្ដី​ពី​សេរីភាព​សារ​ព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី ។
បច្ចុប្បន្ន ថ្វី​បើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា​មិន​មាន​ការ​រឹត​ត្បិត​ខ្លាំង ដូច​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ក្តី ក៏​កង្វះ​ព័ត៌មាន​ស្ដី​ពី​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ដីសម្បទាន​សេដ្ឋកិច្ច សង្គម​កិច្ច និង​គម្រោង​វិនិយោគ​មួយ​ចំនួន រួម​ទាំង​ការ​ផ្ដល់​ដំណោះ​ស្រាយ​ដោយ​គ្មាន​តម្លាភាព​ទៀត​នោះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​ប្រទេស​ដែល​រស់នៅ​ក្នុង​ តំបន់​អនុវត្ត​គម្រោង​ត្រូវ​ប្រឈម​នឹង​បញ្ហា​បាត់បង់​ទី ជម្រក មុខរបរ និង​ការ​រៀន​សូត្រ​របស់​កូនៗ​ដែរ​។ លើស​ពី​នេះ​ទៀត សមាជិក​ពួក​គេ​ខ្លះ ដែល​សកម្ម​ក្នុង​ការ​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ​សមស្រប ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌ ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ដែល​ទាំង​នេះ​បង្ហាញ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។​
លោក ​មឿន តុលា មន្ត្រី​ផ្នែក​សិទ្ធិការងារ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លើក​ឡើង​ថា ជា​ការ​ពិត បើ​សិន​ជា​សិទ្ធិ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​បញ្ចេញ​មតិ​មិន​ត្រូវ​បើក​ចំហ​ ហើយ​ប្រព័ន្ធ​ច្បាប់​នៃ​ប្រទេស​នីមួយៗ មិន​មាន​ការ​កែសម្រួល​ទេ​នោះ​ ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ក្នុង​ឆ្នាំ ២០១៥ នឹង​មិន​នាំ​មក​នូវ​ភាព​រីកចម្រើន​ជឿន​លឿន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​នឹង​នាំ​មក​នូវ​បញ្ហា​ចម្រូងចម្រាស​ច្រើន​ឡើងៗ រវាង​ប្រជាពលរដ្ឋ អ្នក​ធុរកិច្ច និង​អាជ្ញាធរ រដ្ឋាភិបាល។
លោក​បន្ត​ ថា៖​«ដើម្បី​ចៀស​វាង​នូវ​វិបត្តិ​នេះ និង​ការ​ធានា​ឲ្យ​នូវ​គណនេយ្យភាព​សង្គម រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ចាំបាច់​ត្រូវ​តែ​មាន​អភិបាល កិច្ច​ល្អ តម្លាភាព និង​ការ​គោរព​ច្បាប់ ​ព្រម​ទាំង ការ​លើក​កម្ពស់​សិទ្ធិ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​ការ​រៀបចំ​បង្កើត​ច្បាប់​អាស៊ាន​រួម​មួយ​ស្ដីពី​សេរីភាព សារ​ព័ត៌មាន និង សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សេរី ដែល​មាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ គឺ​មាន​សារៈ​សំខាន់​ចាំបាច់​ណាស់ សម្រាប់​ប្រជាជន​និង​​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នីមួយៗ​ក្នុង​សហគមន៍​ អាស៊ី​អាគ្នេយ៍​នេះ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស»។
លោក ​បាន​បន្ត​ថា ដើម្បី​ធ្វើ​សមាហរណកម្ម​អាស៊ាន ឲ្យ​ក្លាយ​ជា​សហគមន៍​តែ​មួយ វាសនា​តែ​មួយ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៥ ដូច​ការ​គ្រោង​ទុក គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ចាំបាច់​ត្រូវ​បង្កើន​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​មន្ត្រី​និង​ប្រជា​ ពលរដ្ឋ​ខ្លួន ដើម្បី​ពង្រឹង​សមត្ថភាព​និង​ការ​យល់​ដឹង​កាន់​តែ​ខ្ពស់​លើ​មុខ​ជំនាញ​ វិជ្ជាជីវៈ បច្ចេកទេស។
លោក ឆាយ សុផល និពន្ធ​នាយក​កាសែត ​The ​Cambodia News បាន​លើក​ដែរ​ថា ថ្វី​បើ​ការ​បង្កើត​ច្បាប់​រួម​គ្នា​ដែល​មាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ​ សម្រាប់​អនុវត្ត​ជាទូទៅ​ក្នុង​សហគមន៍​អាស៊ាន ជា​ការ​ពិបាក​ដែល​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ឥឡូវ​នេះ ដោយ​ហេតុ​ប្រទេស​នីមួយៗ​មាន​និន្នាការ ឬ របប​នយោបាយ​ផ្សេងៗ​គ្នា​ក្តី​ប៉ុន្តែ ការ​គិត​គូរ​អំពី​ការ​បង្កើត​ច្បាប់​រួម​គ្នា​មួយ​សម្រាប់​អាស៊ាន គួរ​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​នេះ លើក​យក​មក​ពិចារណា។
លោក​ថ្លែង​ថា៖ ​«នៅ​ពេល​នេះ​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់​លើក​កម្ពស់​សិទ្ធិ​សេរីភាព​នៃ​បញ្ចេញ​មតិ ព្រោះ​ថា​ នៅ​ពេល​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ត្រូវ​បាន​រឹត​បន្តឹង​សិទ្ធិ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​បាត់​បង់​ព្រម​ជាមួយ​គ្នា​នោះ​ដែរ»៕

Comments system

Disqus Shortname