កំពង់ចាម: បុរសអាយុ ២០ ឆ្នាំម្នាក់បានលួងលោមក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ យកទៅរួមភេទរហូតបានសម្រេច ប៉ុន្តែក្រោយពីធ្វើសកម្មភាពបានរយៈពេល ពីរ ថ្ងៃ ខាងជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ូលិសស្រុកកងមាស ឲ្យចាប់ខ្លួនជនសង្ស័យរូបនោះ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១២ ភូមិខ្ចៅទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
លោក អនុសេនីយ៍ទោ ជឹម ផុន នាយប៉ុស្តិ៍ប៉ូលិសឃុំខ្ចៅ បានប្រាប់គេហទំព័រ CEN ថា ជនសង្ស័យជាជាងជួសជុលម៉ូតូឈ្មោះ ឆេង ផល្លី អាយុ ២០ ឆ្នាំមានទីលំនៅចម្ងាយប្រមាណ ៦០០-៧០០ ម៉ែត្រពីផ្ទះក្មេងស្រីរងគ្រោះអាយុ ១៣ ឆ្នាំជាសិស្សថ្នាក់ទី ៨ ក្នុងភូមិខ្ចៅទី២ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមួយគ្នា។
លោកនាយប៉ុស្តិ៍បានឲ្យដឹងថា ប៉ុន្តែ ឆេង ផល្លី ជាជនល្មើសដែលជាប់សង្ស័យលួងលោមក្មេងស្រី មិនគ្រប់អាយុយកទៅរំលោភរហូតបានសម្រេចនោះ បានឆ្លើយបដិសេធការចោទប្រកាន់របស់ភាគីរងគ្រោះ។ ដូច្នេះយើងបានណែនាំឲ្យនាំកូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីឳ្យគ្រូពេទ្យធ្វើកោសល្យពិច័យ លើកូនស្រីរបស់គាត់ជាជនរងគ្រោះ។
លោក ប៉ុន សុខហឿន ជាឪពុកកុមារីរងគ្រោះបានឲ្យគេហទំព័រ CEN ដឹងថា គ្រូពេទ្យបានធ្វើកោសល្យពិច័យ និងពិនិត្យសុខភាពឲ្យកូនស្រីគាត់រួចហើយ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២។ ជាលទ្ធផលខាងគ្រូពេទ្យបានរកឃើញភស្តុតាង នៃការរំលោភសេពសន្ថវៈលើកូនស្រីអាយុ ១៣ ឆ្នាំនោះមែន។ ឥឡូវគាត់បានផ្តល់ព័ត៌មាន ទៅឲ្យមន្ត្រីប៉ូលិសខេត្តកំពង់ចាម ដែលកាន់សំណុំរឿងនេះ។
ឪពុកក្មេងរងគ្រោះបានឲ្យដឹង ទៀតថា កាលពីម៉ោងប្រហែល ៧ យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ ខណៈពេលកំពុងចូលរួមបុណ្យកឋិនទានក្នុងភូមិ ប្រពន្ធរបស់ខ្លួនបានប្រាប់ថា កូនស្រីអាយុ ១៣ ឆ្នាំអត់ឃើញវិលមកផ្ទះវិញទេ ពេលចេញទៅជួលឌីសរឿងវីដេអូ ជាមួយនារីឈ្មោះ ផយ ផាន់ណា អាយុ ២១ ឆ្នាំជាអ្នកជិតខាង។
លោក ប៉ុន សុខហឿន បានបន្តថា ពេលលោកមកដល់ផ្ទះបានជួប ផយ ផាន់ណា បានប្រាប់ថា កូនស្រីគាត់ពិតជាបានទៅជួលឌីសជាមួយមែន ប៉ុន្តែពេលធ្វើដំណើរទៅដល់សាលា ឆទាន បានជួបជាមួយឈ្មោះ ឆេង ផល្លី បានប្រាប់ថា ឲ្យនាងទៅជួលឌីសម្នាក់ឯងទៅ ទុកកូនស្រីគាត់ឲ្យនៅជាមួយខ្លួន ( ឆេង ផល្លី )។
ប្រហែលមួយម៉ោង ក្រោយក៏ឃើញកូនស្រីគាត់អាយុ ១៣ ឆ្នាំបានមកដល់ផ្ទះដោយមានទឹក ភ្នែកហូររហាម តែនាងមិនបាននិយាយស្តីអ្វីទាំងអស់។ ស្អែកឡើងថ្ងៃទី២៤ វិច្ឆិកា ទើបនាងបាននិយាយរៀបរាប់ប្រាប់ពីហេតុការណ៍ ដែលបានបាត់ខ្លួនទៅជាមួយឈ្មោះ ឆេង ផល្លី នោះថា គឺ ជននោះពិតជាបានល្បួង និង ចាប់អូសដៃនាងយកទៅរំលោភលើដីទួលមួយកន្លែងរបស់ឈ្មោះ ហេង ហៃ រហូតបានសម្រេច។ បន្ទាប់មកក៏បានទៅប្តឹងសមត្ថកិច្ចប៉ូលិសឲ្យអន្តរាគមន៍ចាប់ខ្លួន ជនល្មើស និង ទាមទារសំណងចំនួន ៣.០០០ ដុល្លារពីជាងជួលជុលម៉ូតូម្នាក់នោះ៕