Thursday, November 29, 2012

ក្រុមក្មេងទំនើង ជាកូនអ្នកធំ ទាស់ជាមួយ សមត្ថកិច្ច ថែមទាំងគំរាម អ្នកកាសែត

Photo by DAP-NEWSមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៩ វិឆ្ឆិកា ២០១២ ក្រុមក្មេងទំនើង មួយក្រុម ដែលជាកូនអ្នកធំ និងមានអំណាច នៅក្នុងខេត្ត បានជិះម៉ូតូ បីគ្រឿងមាន គ្នីគ្នាចំនួន៤-៥នាក់ នៅពេលដែល នគរបាល ចរាចរណ៏ ឃាត់ណែនាំពី ការបើកបរម៉ូតូ មិនមានបំពាក់សម្ភារៈ បច្ចេកទេស ត្រឹមត្រូវ ស្របតាមច្បាប់ បែរ ជានាំគ្នា សួរទៅសមត្ថកិច្ច វិញថា តើមានស្គាល់លោកនេះ ឬស្គាល់លោកនោះទេ? ហើយនៅពេលដែលភ្នាក់ងារ យកព័ត៌មាន ថតយករូបភាព នៃការចុះ អនុវត្តន៏ច្បាប់ ចរាចរណ៏ របស់នគរបាល ដើម្បីបង្កើន នូវសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ស្រាប់តែក្រុមក្មេងទាំងនោះ បានស្រែក នឹងចង្អុលមុខថា លោកឯងនៅអង្គភាព ណា? បានជាហ៊ានថត រូបភាព របស់ពួកគេ ដោយពុំមានការ អនុញ្ញត្ត ដូច្នេះទៅវិញ? មិនតែប៉ុណ្ណោះ ថែមទាំងបាន បញ្ជាឲ្យលុប រូបភាពនោះ ជាបន្ទាន់ បើមិនចង់មាន បញ្ហា។
នៅពេលនោះ ដោយអ្នកយកព័ត៌មាន មិនធ្វើតាមសំដី ក្មេងដែលអាង អំណាចឪពុកម្តាយនោះ ក្មេងស្រីម្នាក់ ក៏បាននិយាយ ទៅគ្នាគេម្នាក់ថា «បើមិនព្រមលុប រូបនោះចោលទេ ទៅហៅប៉ា យើងមក» តែគេមិនបានដឹងថា ឪពុករបស់ក្មេងស្រី ដែលមានចរិកជាក្មេងពាលនោះ ជានរណាទេ ហើយក៏មិនដឹងថា មានតួនាទី អ្វីដែលបានជា ហ៊ានប្រើពាក្យសំដីយ៉ាងដូច្នេះ? នៅពេលភ្លាមៗនោះ គេសង្កេតឃើញមាន ការអន្តរាគមន៏ ពីបុរសម្នាក់ ដែលគេស្គាល់ថា ជាខ្សែស្រឡាយរបស់ មន្ត្រីនៅ តុលាខេត្តមណ្ឌលគិរី ចេញមុខធានា ជំនួសក្មេង ទាំងនោះ។
ហើយពុំមានប្រភព ឬសមត្ថកិច្ចណា ហ៊ានបង្ហើបឈ្មោះ អាណាព្យាបាល ក្មេងអត់ចរិក ទាំងនោះទេ បើទោះបីជា គេស្គាល់ច្បាស់ក៏ដោយ។ លោក ញ៉ែម វ៉ាន់នី ស្នងការខេត្តបាន ឲ្យដឹងថា ការអនុវត្តន៏ច្បាប់ ចរាចរណ៏ មិនចំពោះតែបុគ្គល ណាមួយនោះទេ បើទោះជាអ្នកនោះមាន អំណាចបុណ្យសក្តិ ឬមិនមានបុណ្យសក្តិក្តី គឺត្រូវគោរព ច្បាប់ទាំងអស់គ្នា។
លោកបានបន្តថា សព្វថ្ងៃនេះ ឃើញថា មានជនខ្លះមាន ចរិកច្រឡើសប៉ើស កោងកាច យកសិទ្ធិអំណាច មកគំរាមកំហែង សមត្ថកិច្ចជារើយៗ។ លោកថា បញ្ហាធំបំផុតរាល់ថ្ងៃនេះ គឺបញ្ហាមនុស្សមិនគោរពច្បាប់ នេះហើយ ជាពិសេស កូនរបស់អ្នកមាន បុណ្យសក្តិមាន អំណាចនេះ តែម្តង ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ យើងនឹងព្យាយាម ពន្យល់ណែនាំពួកគាត់ ឲ្យងាកមកគោរពច្បាប់ទាំងអស់គ្នា។ ប៉ុន្តែលោកស្នងការ ក៏បានសម្តែងនូវ ការព្រួយបារម្ភ មិនដឹងថា ការព្យាយាម របស់សមត្ថកិច្ច មានប្រសិទ្ធិភាពដល់ណាទេ? គឺយើងនៅតែប្រឹង ធ្វើរហូតទៅ ព្រោះយើងក៏មិនដឹងត្រូវ ធ្វើយ៉ាងម្តេចដែរ ដោយសារ គេសុទ្ធតែជាអ្នកធំ អ្នកមាន អំណាច។
 លោកស្នងការបញ្ជាក់ថា តែយ៉ាងណា យើងនឹងនៅព្យាយាម បន្តពន្យល់ពួកគាត់។ មតិមហាជន ដែលបានមើលឃើញ ពីសកម្មភាព នៅកន្លែងកើតហេតុ បានកោតសសើរ ដល់ក្រុមក្មេងទាំងនោះថា អួតខ្លួនមានឪពុកម្តាយ ជាអ្នកធំតែបែរជាខ្លួនឯង និយាយស្តីហាក់ បីដូចជាពុំមាន ការប្រៀនប្រដៅទៅវិញ បញ្ចេញចរិក ជាក្មេងពុំមានការ សិក្សារៀនសូត្រ៕

Comments system

Disqus Shortname