ភ្នំពេញៈ កម្មករនៅរោងចក្រកាត់ដេរ Conpress Holding ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចោទប្រកាន់ក្រុមហ៊ុនថា បានបណ្ដេញសមាជិកសហជីពសេរីកម្មករពីរនាក់ពីការងារ ព្រោះតែបដិសេធមិនចូលជាមួយសហជីពក្រុមហ៊ុន។
អ្នកស្រី ហ៊ឹម ពៅ អាយុ៣២ឆ្នាំ ជាសមាជិកសហជីពសេរីកម្មករ ដែលរងការបណ្ដេញចេញកាលពីសប្ដាហ៍មុនម្នាក់ បានឲ្យដឹងថា ក្រុមហ៊ុនបានជូនដំណឹង ឲ្យអ្នកស្រីទៅបើកប្រាក់ទាំងអស់ដែលបានធ្វើការរយៈ៥ខែនេះ ហើយថា គេបញ្ឈប់គាត់ពីការងារ។
អ្នកស្រីនិយាយថា៖«ខ្ញុំ មិនបានបើកយកប្រាក់គេឲ្យទាំងនោះទេ តែខ្ញុំបានយកប្រាក់ឈ្នួលមួយខែរបស់ខ្ញុំ ហើយខ្ញុំមិនទទួលយកលិខិតបណ្ដេញចេញដែរ ព្រោះខ្ញុំមិនបានប្រព្រឹត្តអ្វីខុស»។
អ្នកស្រី ហ៊ឹម ពៅ បានបន្តថា ក្រុមហ៊ុនមិនពេញចិត្តគាត់ បន្ទាប់ពីគាត់បង្កើតសហជីពនៅក្នុងរោងចក្រនេះ កាលពីខែសីហា ហើយក្រុមហ៊ុនបានបណ្ដេញកម្មករជាច្រើននាក់ ដែលចូលរួមនៅក្នុងសហជីពសេរីកម្មករនេះ។
អ្នកស្រីបញ្ជាក់ថា៖ «ក្រុមហ៊ុនប្រាប់ខ្ញុំ និងមិត្តភក្តិថា គេអាចនឹងទទួលយកពួកយើងឲ្យចូលធ្វើការវិញ បើសិនយើងលាឈប់ពីសហជីពសេរីកម្មករ ហើយមកចូលរួមនឹងសហជីពក្រុមហ៊ុន។ តែខ្ញុំមិនចូលរួមទេព្រោះពួកគេមិនបានការពារប្រយោជន៍អី ឲ្យកម្មករទេ»។
អ្នកស្រី ហ៊ឹម ពៅ ធ្លាប់ដឹកនាំក្រុមកម្មករធ្វើកូដកម្មកាលប៉ុន្មានខែមុន ដើម្បីទាមទារឲ្យមានលក្ខខណ្ឌការងារល្អប្រសើរ ហើយក្រុមហ៊ុនបានយល់ព្រមនឹងពួកគេនៅពេលចរចាគ្នា ប៉ុន្តែ ក្រោយមក ក្រុមហ៊ុន មិនអនុវត្តតាមអ្វីដែលបានសន្យានោះទេ។
លោក ថុន ប៊ុននី អ្នកគ្រប់គ្រងរដ្ឋបាល នៅរោងចក្រកាត់ដេរ Conpress Holding បានថ្លែងថា អ្វីដែលអ្នកស្រី ហ៊ឹម ពៅ ចោទប្រកាន់ក្រុមហ៊ុននោះ វាជាការប្រឌិតខុសទាំងស្រុង។
លោក បញ្ជាក់ថា៖ «យើងមិនបានបណ្ដេញ និងបង្ខំពួកគេឲ្យចូលរួមនឹងសហជីពក្រុមហ៊ុន ដូចពួកគេបានអះអាងទេ។ កិច្ចសន្យាពួកគេបានបញ្ចប់ ហើយស្របពេលដែលក្រុមហ៊ុនពុំមានការងារធ្វើច្រើនផង ទើបបានជាយើងផ្តាច់កិច្ចសន្យា មិនបន្តឲ្យទៀត»។លោក ថុន ប៊ុននី បានប្រាប់ដែរថា ពួកគេអាចធ្វើកូដកម្មបានតាមច្បាប់ការងារ។
តាមគេហទំព័រ របស់សហព័ន្ធការងារកម្ពុជាឲ្យដឹងដែរថា កម្មករជាង៧០០នាក់ មកពីក្រុមហ៊ុន ណីចធី អឹមភែរីល (Nex-t Apparel) ឋិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានជួបជុំគ្នានៅខាងមុខរោងចក្រ ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកសមាជិកសហជីពពីរនាក់ ជាសមាជិកសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ កម្ពុជា(ស៊ីខៅឌូ)ចូលធ្វើការវិញ និងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។
តំណាងកម្មករនិងក្រុមហ៊ុននឹងជួបគ្នាពិភាក្សារកដំណោះស្រាយ នៅនាយកដ្ឋានដោះស្រាយវិវាទ នៅថ្ងៃពុធនេះ៕ PN