Wednesday, November 28, 2012

កម្លាំងចម្រុះ ចុះបង្រ្កាបការ ចិញ្ចឹមត្រីឆ្តោ ប្រជាពលរដ្ឋថា ពួកគាត់នឹង ដាច់បាយស្លាប់

Photo by DAP-NEWSកណ្តាលៈ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច ចម្រុះបានចុះបង្ក្រាបការចិញ្ចឹមត្រី ឆ្តោនៅចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ដែលមានអាជ្ញាធរមូលដ្ឋាន អភិបាល រងស្រុក នាយរង ខណ្ឌជលផល ផ្នែកជលផលបាសាក់ សង្កាត់ជលផលស្រុកស្អាង ព្រមទាំងកម្លាំងកង រាជអាវុធហត្ថស្រុកនិង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាលន់ផងនោះ ត្រូវបានដកថយយ៉ាងប្រញាប់ប្រញាល ដោយសារកម្លាំងប្រជាពលរដ្ឋនាំគ្នាតវ៉ាដល់សមត្ថកិច្ច ដោយខ្លះយុំស្រែក ខ្លះសំពះអង្វរថា សុំកុំដងត្រី ឆ្តោ របស់ពួកគាត់យកទៅចាក់ចោលអី បើពុំដូចនេះទេ ពួកគាត់នឹងត្រូវដាច់បាយ អស់ផ្ទះអស់ដីធ្លី ដោយសារធនាគារឯកជនមួយរឹបអូសយក។
ប្រជាពលរដ្ឋនាំគ្នាចិញ្ចឹមត្រីឆ្នោនោះ មានចំនួនប្រមាណជា១០គ្រួសារ ដែលសុទ្ធសឹង ជាប្រជាពលរដ្ឋរស់នៅក្នុង ឃុំប្រាសាទ ហើយធ្វើចំណាកស្រុកមករស់ នៅលើទីទួលមួយនៅកណ្តាល បឹងត្រង់ ចំណុច ភូមិឃុំកើតហេតុខាងលើ មានជីវភាពទីទ័លក្រ គ្មានដីធ្លីសម្រាប់ធ្វើស្រែចំការ ហើយគ្មានមុខរបរអ្វីក្រៅ ពីនេសាទត្រីនិងចិញ្ចឹមត្រីឆ្តោ នេះទេ ហើយការចិញ្ចឹមត្រីឆ្តោនេះ ពួកគាត់ខ្ចីប្រាក់ចងការពីធនាគារ ឯកជន មួយ ដើម្បីធ្វើដើមទុនសម្រាប់ប្រកប មុខរបរនេះ។
ប្រជាពលរដ្ឋម្នាក់បាននិយាយថា ពួកគាត់មានចំនួន១៥គ្រួសារ បានធ្វើចំណាកស្រុកពីឃុំប្រាសាទ មក រស់នៅលើទីទួល កណ្តាលបឹងនៅក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាងនេះ ខ្លះប្រកបមុខរបរចិញ្ចឹម ត្រីឆ្តោ ខ្លះនេសាទត្រី ។ ហើយបើពិនិត្យមើលឃើញស្រះត្រីចំនួនតែ៨ស្រះប៉ុណ្ណោះ ស្រះត្រីនីមួយៗខ្លះ មានដើមទុនតិច ដាក់ កូនត្រីបានប្រហែល១០០០កូន និងខ្លះទៀតគេមានដើមទុនច្រើន គេដាក់កូន ២០០០ទៅ៤០០០កូនប៉ុណ្ណោះ។
ប្រជាពលរដ្ឋឈ្មោះ លី ព្រឿង ភេទប្រុសអាយុ៥៤ឆ្នាំជាប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ដែលប្រកប មុខរបរចិញ្ចឹមត្រីឆ្តោនេះផងដែរ។ គាត់ជាជនពិការជើងម្ខាង ដោយសារបុព្វហេតុ ប្រទេស ជាតិ។គាត់មិនអាចប្រកបមុខរបរអ្វីក្រៅពីមុខរបរចិញ្ចឹមត្រីឡើយ ហើយដើមទុនរបស់គាត់ បានមកពីខ្ចី ចងការប្រាក់ធនាគារ ដើម្បីប្រកបមុខរបរនេះ។ បើកម្លាំងសមត្ថកិច្ចធ្វើការដងត្រីរបស់គាត់ទៅចាក់ចោលនោះ គាត់នឹងដាច់បាយ លក់អស់ផ្ទះសំបែង ដីធ្លីដើម្បីសងបំណុលគេជាមិនខាន។ ហើយការជ្រួលច្របល់របស់ប្រជាពលរដ្ឋចុះឡើងក្នុងការតវ៉ា យ៉ាងស្វិតស្វាញរហូតដល់វេលាម៉ោងប្រមាណ១០និង១៥នាទីព្រឹកថ្ងៃកើតហេតុ ទើបកម្លាំងសមត្ថកិច្ច ដកថយ មកវិញ។
ទាក់ទិនការដកថយរបស់សមត្ថកិច្ចនេះ លោក ញែម  វន្ថា អភិបាលរងស្រុកស្អាង បានមានប្រសាសន៍ ថា ការដក ថយនេះដោយសារឃើញប្រជាពលរដ្ឋប្រមាណជាជាង១០០នាក់ មកធ្វើការតវ៉ា ទើបខាង កម្លាំងសមត្ថកិច្ចរបស់លោកដកថយចេញសិន ដើម្បីចៀសវាងកុំឲ្យមានអំពើ ហិង្សាកើតឡើងនិងដើម្បីសុំយោបល់ថ្នាក់លើ ហើយការដកថយនេះមិនមែនជាការចុះចាញ់នោះទេ ។
លោកអភិបាលរងស្រុកបានបន្តទៀតថា ក្នុងខណៈនេះ លោកកំពុងតែសុំគោលការណ៍ពីថ្នាក់លើថា តើត្រូវតែបង្រ្កាប ឬក៏អនុគ្រោះឲ្យពួកគាត់ ដោយធ្វើកិច្ចសន្យាលើកក្រោយ ឈប់ចិញ្ចឹមទៀត។ ដោយ ឡែកមន្ត្រីជលផល ដើមអម្ពិលមិនអាចសុំការបញ្ជាក់បានទេ៕

Comments system

Disqus Shortname