លោក ឌុច គឹមសន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចផ្តន្ទាទោស ឈ្មោះ ទូច សុធា ហៅធាន ភេទប្រុសអាយុ ២៧ ឆ្នាំ អ៊ឹម ចំរើន ហៅ ថា ភេទប្រុសអាយុ ៣៣ ឆ្នាំ វ័ន ជីញ ភេទស្រីអាយុ ២៧ ឆ្នាំ និងកំបាំងមុខឈ្មោះ ជា សុវណ្ណឌី និង ឈួយ ម៉ៅ ឲ្យជាប់ពន្ធនាគារ ម្នាក់ៗ អស់មួយជីវិត និងបង្គាប់ឲ្យសងសំណងទៅជនរងគ្រោះសរុប៨០ លានរៀលពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅវាលស្រែផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ភ្នំពេញថ្មី ក្នុងខែមករាឆ្នាំ ២០១២។ ជនជាប់ចោទ ត្រូវឃាត់ខ្លួន និងឃុំខ្លួន នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១២ហើយត្រូវបានជំនុំជម្រះ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១២ ។
សំណុំ រឿងនេះ ជាសំណុំរឿង១ក្នុងចំណោមសំណុំរឿង ៤ ដែលតុលាការយកមកជំនុំជម្រះ បន្ទាប់ពី លោក កោ វណ្ឌី ចៅក្រមសាលាដំបូងរាជធានី បានសម្រេចបញ្ជូនសំណុំរឿងប្លន់សម្លាប់ និងរំលោភសេពសន្ថវៈ ទៅឲ្យចៅក្រមស៊ើបសួរធ្វើការស៊ើបអង្កេតបន្ថែម។
ក្នុង ករណីប្លន់សម្លាប់ និងរំលោភ សេពសន្ថវៈ មានជនជាប់ចោទ ៥ នាក់ រួមមាន ឈ្មោះ ទូច សុធា អ៊ឹម ចំរើន, វ័ន ជីញ, ឈួន ម៉ៅ និង ជា សុវណ្ណឌី។ នៅក្នុងសវនាការ កាលពីថ្ងៃទី ៧ ខែសីហា វ័ន ជីញបានប្រាប់តុលាការថា ពួកគេមានគ្នា ៥ នាក់ ពេលចេញពីការដ្ឋានសំណង់ ក៏ឃើញភ្លើងម៉ូតូមួយគ្រឿង នៅកណ្តាលវាលស្រែ ក៏នាំគ្នាទៅមើល ឃើញគូសង្សារមួយគូ កំពុងរួមរ័ក ហើយឈ្មោះ ឌី ជាមេខ្លោង និង សុធា ក៏វាយបុរសជាសង្សារ ៤-៥ ដំបង ហើយពួកគេក៏ចាប់រំលោភនារីរងគ្រោះ។ នាង វ័ន ជីញ និយាយថា៖«រំលោភរួច ឌី និងសុធា បានវាយសម្លាប់នារីរងគ្រោះ រួចយកម៉ូតូ»។ ឯនាង និងអ៊ឹម ចំរើន និង ឈួយ ម៉ៅ ជាអ្នកចាំផ្លូវ។
ប៉ុន្តែ ទូច សុធា និង អ៊ឹម ចំរើន អ្នកទាំង ២ នាក់ បានច្រានចោលការចោទប្រកាន់ករណីប្លន់សម្លាប់ និងរំលោភសេពសន្ថវៈ នេះ។ នៅចំពោះមុខតុលាការជនជាប់ចោទទាំង ២ នាក់ ទទួលស្គាល់តែករណីប្លន់ម៉ូតូ កាលពីថ្ងៃទី ២៣ ខែមករា នៅភូមិចម្ការឪឡឹកមួយប៉ុណ្ណោះ បទល្មើសក្រៅពីនោះ ពួកគេមិនទទួលស្គាល់ទេ។
លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១២ បានបើកប្រកាសសាលក្រមចំនួន៤ សំណុំរឿង បន្ទាប់ពីបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៧ខែសីហា។ ក្នុងសំណុំរឿងទី១ លោកបានសម្រេចផ្តន្ទាទោស ឈ្មោះ ទូច សុធា ភេទប្រុសអាយុ ២៧ ឆ្នាំ អ៊ឹម ចំរើន ភេទប្រុសអាយុ ៣៣ ឆ្នាំ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ១០ ឆ្នាំនិងឈ្មោះវ័ន ជីញ ភេទស្រី អាយុ ២៧ ឆ្នាំឲ្យជាប់ពន្ធនាគារ៨ឆ្នាំ និងកាត់ទោសកំបាំងមុខឈ្មោះ ឈួយ ម៉ៅ ដាក់ពន្ធនាគារ១០ឆ្នាំពីបទកំហែងយក ដោយប្រើអាវុធ តាមមាត្រា២៩, ៣៦៣ និងមាត្រា ៣៦៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី ២៣ ខែមករាឆ្នាំ ២០១២នៅភូមិចម្ការឪឡឹក សង្កាត់ចោមចៅ។
លោកបន្តថា៖ «បើកសិទ្ធិប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់»។
សំណុំរឿង ទី ២ លោក កោ វណ្ឌី ប្រកាសផ្តន្ទាទោស ទូច សុធា ឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ ដោយកែប្រែបទចោទពីលួចដោយហិង្សា ទៅជាបទកំហែងយកដោយប្រើអាវុធ និងផ្តន្ទាទោស វ័ន ជីញដាក់ពន្ធនាគារ ២ ឆ្នាំនិងពិន័យជាប្រាក់ ៤ លានរៀល ពីបទទទួលផលចោរកម្ម និងសម្រេចឲ្យអ៊ឹម ចំរើន រួចខ្លួនពីបទលួចតាមមាត្រា៣៥០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ក្នុងខែមករា ឆ្នាំ ២០១២។
រីឯសំណុំរឿង ទី ៣ លោក កោ វណ្ឌី បានកាត់ទោស ទូច សុធា ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទលួច តាមមាត្រា ៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តក្នុងខែមករាដើមឆ្នាំនេះ នៅខណ្ឌសែនសុខ។ រីឯ សំណុំរឿងទី ៤ ជារឿងឃាតកម្ម ត្រូវបានតុលាការលើកយកមកបើកសវនាជំនុំជម្រះ ម្តងទៀតក្រោមការដឹកនាំរបស់លោក ឌុច គឹម សន កាលពីថ្ងៃទី ២៦ ខែតុលា ហើយត្រូវបានប្រកាសសាលក្រមកាលពីម្សិលមិញ។
ជនជាប់ចោទ ទូច សុធា បានស្រែកទ្រហោយំ បន្ទាប់ពីលោកឌុច គឹមសន អានសេចក្តីសម្រេចផ្តន្ទាទោសនេះ។ ទូច សុធា បាននិយាយថា៖«ខ្ញុំមិនបានប្រព្រឹត្តទេ ហេតុអីអ្នកឯងឆ្លើយដាក់ខ្ញុំអ៊ីចឹង។ អស់លោកសុំជួយមើលអយុត្តិធម៌ណាស់»។ សមាជិកក្រុមគ្រួសារ និងមេធាវីការពារក្តីទណ្ឌិតទាំងនេះមិនអាចទាក់ទងសុំការបំភ្លឺបាន ទេពីម្សិលមិញ។
នាពេលបច្ចុប្បន្ននេះ ករណីសម្លាប់មនុស្សងាយៗសាហាវព្រៃផ្សៃបានកើតឡើងជាញឹកញាប់។
កាលពី ថ្ងៃអង្គារ នៅភូមិជយោ ឃុំជយោស្រុកចម្ការលើ ខេត្តកំពង់ចាម ឪពុកប្រមឹកវ័យ ៣៣ ឆ្នាំម្នាក់ឈ្មោះ ជ្រិន ជ្រាន បានកាប់កូនស្រីបង្កើតរបស់ខ្លួន ២ នាក់ ដែលម្នាក់មានអាយុ៦ឆ្នាំ និងម្នាក់ទៀត មានអាយុជាង ២ ឆ្នាំបណ្តាលឲ្យស្លាប់ និងបានកាប់អ្នកជិតខាងពីរនាក់ទៀត ឲ្យរបួសធ្ងន់។ អំពើដ៏ព្រៃផ្សៃអន់ជាងសត្វនេះ បានកើតឡើងដោយសារតែជនដៃដល់ស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធបន្តិចបន្តួច ក៏ឈានដល់ការប្រើកាំបិតកាប់សម្លាប់កូនខ្លួនឯង និងអ្នកជិតខាងបែបនេះ។
អ្នកឃ្លាំមើលបញ្ហាសង្គម បានចាត់ទុកការកើតឡើងជាបន្តបន្ទាប់នូវអំពើព្រៃផ្សៃទាំងនេះ ដោយសារតែការធ្លាក់ចុះនូវសីលធម៌សង្គម។
លោក កែម ឡី អ្នកវិភាគឯករាជ្យកត់សម្គាល់ថា៖«ជារួមសព្វថ្ងៃយើងឃើញសីលធម៌ សង្គមធ្លាក់ចុះហើយកត្តាដែលធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះបែបនេះ ធ្វើឲ្យមានអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស រំលោភផ្លូវភេទ ហើយបើតាមរបាយការណ៍ ក្នុងមួយឆ្នាំៗ មានពី ៥០០០ទៅដល់ ៦០០០ករណី»។ លោក កែម ឡី បានបន្តថា ការធ្លាក់ចុះនូវសីលធម៌សង្គម ដែលធ្វើឲ្យកើតមានការកាប់សម្លាប់គ្នាឪពុកសម្លាប់កូន រំលោភកូន ជីតារំលោភចៅ ឬអំពើហិង្សាផ្សេងៗដែលបានកើតឡើង តម្រូវឲ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឬអាព្យាបាល ចាំបាច់ត្រូវសាងអំពើល្អជាគំរូជាមុន ទើបអាចឈានទៅទប់ស្កាត់អំពើឃោរឃៅអសីលធម៌ទាំងនេះនៅក្នុងសង្គមបាន៕