Friday, November 30, 2012

ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​បារម្ភ​ពី​ការ​បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​ជា​លើក​ទី​ពីរ

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី កំណត់​ពេល​វេលា​ជា​លើក​ទី​ពីរ ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ចេញ​ពី​តំបន់​ភ្នំ​ដោះក្រមុំ បើ​មិន​ដូច្នេះ​ទេ ក្រុម​សមត្ថកិច្ច​នឹង​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​បង្ខំ។

ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ សម្រាប់​ប្រជាពលរដ្ឋ​តាំង​ទីលំនៅ​ថ្មី​ជា​មុន​សិន។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដោះក្រមុំ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កំពុង​ព្រួយ​បារម្ភ​ពី​ការ​បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​ជា​លើក​ទី​ពីរ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​សែនមនោរម្យ បាន​ប្រើប្រាស់​កង​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​រុះរើ​ផ្ទះ​សម្បែង និង​មិន​បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់។
អ្នក​ភូមិ​ដោះក្រមុំ សង្កាត់​សុខដុម្យ ក្រុង​សែនមនោរម្យ លោក ឃៀង សាយ័ន នៅ​ថ្ងៃ​ពុធ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ហេតុ​នេះ​ប្រជាពលរដ្ឋ​កំពុង​មាន​កង្វល់​មិន​ដឹង​ទៅ​រស់នៅ​កន្លែង​ណា។ ពួក​គាត់​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ផ្តល់​ដី​ សម្បទាន​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ ដើម្បី​តាំង​ទីលំនៅ​ថ្មី៖ «អា​ដី​ហ្នឹង​គេ​យក​ទៅ​ធ្វើ​កន្លែង​ទឹក​ស្អាត​ហ្នឹង ហើយ​ដេញ​ប្រជាពលរដ្ឋ​ចេញ អ៊ីចឹង​ហើយ​ប្រជាពលរដ្ឋ​នៅ​អត់​បាន»
កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​ភូមិ​ដោះក្រមុំ ជាង ១០​គ្រួសារ បាន​នាំ​គ្នា​ទៅ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​សែនមនោរម្យ ជួយ​ដោះស្រាយ​ផ្តល់​ដី​នៅ​ទីតាំង​ណា​មួយ ដើម្បី​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ​ថ្មី មុន​នឹង​រុះរើ​លំនៅឋាន​ចេញ។ ប៉ុន្តែ​រហូត​ពេល​នេះ សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។
ប្រជាពលរដ្ឋ​ភូមិ​ដោះក្រមុំ មួយ​រូប​ទៀត គឺ​លោក សេង លី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ភ័យ​ខ្លាច​ក្រុម​សមត្ថកិច្ច​ចុះ​រុះរើ​លំនៅឋាន​ពួក​ គាត់​ចោល ហេតុ​នេះ​ពួក​គាត់​បង្ខំ​ចិត្ត​រុះរើ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ខ្លះ​ទៀត​មិន​ទាន់​បាន​រុះរើ​នៅ​ឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​ព្រមាន​ថា នៅ​ចុង​ខែ​វិច្ឆិកា នេះ ប្រសិន​ប្រជាពលរដ្ឋ​មិន​រុះរើ​ផ្ទះ​ចេញ​ទេ ក្រុម​សមត្ថកិច្ច​នឹង​ប្រើប្រាស់​កង​កម្លាំង​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ និង​តម្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​ចេញ​ថ្លៃ​ពលកម្ម​រុះរើ​នេះ​ទៀត​ផង៖ «កន្លែង​ នោះ​គេ​អត់​រុះ​ទេ ហើយ​គេ​ធ្វើ​សាងសង់​ជា​ផ្ទះ​ថ្មៗ ហើយ​ដល់​ផ្ទះ​ពួក​ខ្ញុំ​ក្រៗ ធ្វើ​តូចៗ ប្រាំ​ម៉ែត្រ បួន​ម៉ែត្រ គេ​រុះ​ឈូស​អស់។ គេ​បង្ខំ​គេ​គាប​ឲ្យ​ខ្ញុំ​រុះ​តែ​ម្តង»
អភិបាល​ក្រុង​សែនមនោរម្យ លោក តេង សម្បត្តិ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​មាន​សិទ្ធិ​សម្រេច​លើ​សំណើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​របស់​ ប្រជាពលរដ្ឋ​នោះ​បាន​ទេ។ លោក​អះអាង​ថា បាន​ស្នើសុំ​ករណី​នេះ​ទៅ​អាជ្ញាធរ​ខេត្ត​ហើយ៖ «មិន​ដឹង​គាត់​ទៅ​ធ្វើ​ អ្វី​កន្លែង​ហ្នឹង ព្រោះ​អ្វី​ដី​ហ្នឹង​ដី​របស់​រដ្ឋ។ ដី​សម្បទាន យ៉ាង​ម៉េចៗ​ចង់​សម្លុត​រដ្ឋ។ ចុះ​ត្រឹម​តែ​ក្រុង​ទៅ​ដោះស្រាយ​ម៉េច​ចេញ មិន​ទាន់​ទេ​អា​ហ្នឹង ខ្ញុំ​សំណូម​ពរ​ទៅ​លើ​ដែរ​ដូច​គ្នា»
ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភិរម្យ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​អាជ្ញាធរ​គួរ​ស្វែង​រក​មធ្យោបាយ​សន្តិវិធី ដើម្បី​ដោះស្រាយ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​ជាង​ប្រើ​កម្លាំង​បណ្ដេញ​ចេញ៖ «ប្រជាពលរដ្ឋ​គាត់​មាន​តែ​ពឹងពាក់​ទៅ​ លើ​អាជ្ញាធរ​ហ្នឹង​ហើយ បើ​សិន​អាជ្ញាធរ​លោក​មិន​ដោះស្រាយ បែរ​ជា​គិត​តែ​បណ្ដេញ​ដោយ​ប្រើ​ហិង្សា យើង​យល់​ឃើញ​ថា​ប្រទេស​យើង ឬ​អាជ្ញាធរ​យើង គឺ​មិន​បាន​យល់​ពី​កាតព្វកិច្ច​របស់​ខ្លួន​ទេ គឺ​អាជ្ញាធរ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ»
អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បាន​បណ្ដេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចេញ​ពី​តំបន់​ភ្នំ​ដោះក្រមុំ ដើម្បី​រក្សា​តំបន់​នោះ​ទុក​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច។ បន្ទាប់​មក នៅ​ខែ​តុលា ឆ្នាំ​២០១២ សាលា​ក្រុង​សែនមនោរម្យ បាន​ចេញ​លិខិត​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​មាន​សំណង់​នៅ​លើ​ដី​នេះ រុះរើ​ចេញ​ជា​ថ្មី ក៏ប៉ុន្តែ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទេ ទើប​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២ អាជ្ញាធរ​ក្រុង​បាន​ប្រើប្រាស់​កង​កម្លាំង​នគរបាល កង​រាជ​អាវុធហត្ថ រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៣​ខ្នង៕(rfa)

Comments system

Disqus Shortname