Sunday, November 25, 2012

យោធាស័ក្តិ៥ ម្នាក់ត្រូវបាន កម្លាំងអាវុធហត្ថ ឃាត់ខ្លួន ពាក់ព័ន្ធករណី ក្លែងឯកសារ យកដីប្រជាពលរដ្ឋ

www.dap-news.comបន្ទាយមានជ័យ៖កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ មន្ត្រីយោធាស័ក្តិ៥ ម្នាក់ត្រូវបានកម្លាំង អ.ហ ក្រុង ប៉ោយប៉ែត ឃាត់ខ្លួនពាក់ព័ន្ធករណី ក្លែងលិខិតសាធារណៈ យកដីប្រជាពលរដ្ឋ។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ នេះថា ពិតជាមានករណីឃាត់ខ្លួនមន្ត្រីយោធាម្នាក់មែន ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ចាន់ពិសិដ្ឋ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក ហម ម៉ុត បានបន្តថា ជនសង្ស័យ មានឈ្មោះ សុខ សុបិន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ទីតាំងខាង លើនេះ ជាមន្ត្រីយោធាស័ក្តិ៥ យោធភូមិភាគទី៥ កងពលជួរមុខ ត្រូវជាប់ចោទពីបទប៉ះពាល់ កម្មសិទ្ធឯកជន និងក្លែងលិខិតសាធារណៈ ដែលប្រព្រឹត្តនៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២ កន្លងទៅហើយក្រោយសួរនាំជនសង្ស័យ ត្រូវបានបញ្ជូន ទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

Comments system

Disqus Shortname