បញ្ហានេះបានក្លាយជាបញ្ហាកើតមានរ៉ាំរ៉ៃនៅកម្ពុជា បើទោះបីជាមន្ត្រីជំនាញក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយជាញឹកញាប់កន្លងមកក៏ដោយ។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍នៅកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា បានចេញរបាយការណ៍ សិក្សាស្រាវជ្រាវមួយបង្ហាញពីមូលហេតុនៃការដួលសន្លប់របស់កម្មករ រោងចក្រកាត់ដេរពេលកំពុងបំពេញការងារ។
របាយការណ៍ឲ្យដឹងថា មានកម្មករកាត់ដេរសរុបចំនួនជិត ២០០នាក់បានដួលសន្លប់ក្នុងរយៈពេល ២ថ្ងៃ កាលពីសប្ដាហ៍កន្លងមកនេះ នៅក្នុងរោងចក្រចំនួន ៥ នៅជាយទីក្រុងភ្នំពេញ។
រោងចក្រទាំងនោះមានឈ្មោះដូចតទៅ វឌ្ឍនៈ អ៊ិដាសស្រៀល ផាកធូ (Vattanac Industrial Park II) មូហា ហ្គាមិន ខូអិលធីឌី (Moha Garment Co., Ltd.) ដុងឌូ ថិចថាល ខេមបូឌា (Dongdu Textile Cambodia) ប៉ាពីឡាយអ៊ិន ថិចថាល ខេមបូឌា (Papillion Textile Cambodia) និង ញូវពិក ខូអិលធីឌី (Newpex Co., Ltd.) ជាដើម។
អាការៈដែលកម្មករបានដួលសន្លប់នោះ គឺកម្មករឈឺក្បាល វិលមុខ ក្រោយពីបានស្រូបក្លិនជាតិគីមីម្យ៉ាងនៅក្នុងរោងចក្រ។ កម្មករកាត់ដេរចំនួន ១៥០នាក់ត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់ទៅព្យាបាលនៅក្នុង មន្ទីរពេទ្យចំនួន ៨០ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងមកនេះ។
ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍នៅកម្ពុជា លោក មឿន តុលា ដែលបានតាមដានករណីនេះ បានមានប្រសាសន៍ថា កម្មករកាត់ដេរបានដួលសន្លប់ដោយសារតែគាត់បានទទួលក្លិនគីមីម្យ៉ាង ដែលគេមិនទាន់រកប្រភពឃើញ។
លោក មឿន តុលា៖ «គាត់មិនដឹងថា អាហ្នឹងជាក្លិនអ្វីដែរ ប៉ុន្តែពេលវាឆួលទៅធ្វើឲ្យអ្នកផ្សេងៗហ្នឹងគាត់វិលមុខធេងធោងទៅ ហើយក៏ដួលទៅ ហើយអ្នកផ្សេងគាត់អត់ធុំក្លិនអ៊ីចឹងដែរទេ គាត់អត់បានឆួលក្លិនអ៊ីចឹងទេ ប៉ុន្តែគាត់ឃើញគេដួលសន្លប់អ៊ីចឹងទៅ គាត់ញ័រ ក៏ដួលសន្លប់ដែរបាទ!»។
ទាក់ទងនឹងបញ្ហាកម្មកររោងចក្រដួលសន្លប់នេះដែរ ប្រភពពីសហជីពកម្មករកាត់ដេរបានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា មានកម្មករកាត់ដេរជាច្រើនរយនាក់ទៀតនៅរោងចក្រ អ៊ី ជិន (Y Chin) ឬហៅថា រោងចក្រ ៦ជាន់ បានដួលសន្លប់ ដោយសារក្លិនគីមី ឬសារធាតុកាវម្យ៉ាងសម្រាប់បិទស្បែកជើង។ រោងចក្រនេះមានទីតាំងនៅខណ្ឌដង្កោ ជាយទីក្រុងភ្នំពេញ។
ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុនី បានមានប្រសាសន៍ថា មានប្រភេទថ្នាំគីមីម្យ៉ាងដែលក្រសួងជំនាញបានអនុញ្ញាតឲ្យនាំចូល មកកម្ពុជា កន្លងមក សម្រាប់រក្សាគុណភាពក្រណាត់នៅតាមរោងចក្រ៖ «ថ្នាំ បាញ់សម្រាប់ការពារសត្វល្អិត ថ្នាំបាញ់សម្រាប់ការពារវត្ថុធាតុដើមកុំឲ្យហើរពណ៌ ហើយចំពោះរោងចក្រស្បែកជើងវិញ គឺពុលទៅលើកាវ។ កាវមួយចំនួនត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់ទេ ជាពិសេស កាវដែលមានរូបសញ្ញាក្បាលឆ្កែ ក្បាលខ្លា គឺកាវទាំងអស់ហ្នឹងគឺគេអត់ប្រើប្រាស់ទេ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សាត សមុទ្រ បានមានប្រសាសន៍ថា មន្ត្រីជំនាញតែងតែជួយដោះស្រាយតាមគោលការណ៍ច្បាប់ សម្រាប់កម្មករដែលបានដួលសន្លប់កន្លងមក៖ «តាំងពីព្យាបាល តាំងពីពិនិត្យលក្ខខណ្ឌការងារ សុខភាព អនាម័យ គឺមានមន្ត្រីយើងគ្រប់ជំនាញចុះទៅភ្លាមៗ ចុះទៅភ្លាមៗ។ ខាងក្រសួងការងារ គឺនិយាយថា គឺធ្វើយ៉ាងណាគឺរោងចក្រហ្នឹងទុកដាក់ក្រណាត់ ទុកដាក់សម្ភារៈទាំងអស់ហ្នឹង កុំឲ្យជះក្លិនមកដល់កម្មករ»។
បច្ចុប្បន្នមានរោងចក្រកាត់ដេរសរុបចំនួន ៦១៧រោងចក្រនៅកម្ពុជា និងមានកម្មករកាត់ដេរសរុប ចំនួនជាង ៤៥ម៉ឺននាក់។
របាយការណ៍របស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍នៅកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ២០ ១១ កន្លងទៅនេះមានកម្មករកាត់ដេរចំនួនជិត ២.៤០០នាក់ បានដួលសន្លប់ ប្រៀបធៀបឆ្នាំ២០១២ នេះ មានកម្មករកាត់ដេរចំនួន ១.១០០នាក់បានដួលសន្លប់នៅតាមរោងចក្រកាត់ដេរ កន្លងមក ដោយមិនទាន់បានគិតដល់ករណីដួលសន្លប់ថ្មីៗនេះនៅឡើយទេ៕(rfa)