រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកកែប
ជុតិមា បានចាប់ផ្តើមប្រើធម៌ក្តៅ
ហើយដោយដាក់ឱសានវាទដល់ម្ចាស់ហាងអាជីវកម្មទាំងអស់នៅតាមបណ្តោយ
មហាវិថីព្រះមុនីវង្សដោយមិនឲ្យមានការចតយានជំនិះគ្រប់ប្រភេទនៅលើ
ចិញ្ចើម និងទ្រូងផ្លូវចាប់ពីថ្ងៃទី១៥ ធ្នូ តទៅ បើមិនដូច្នេះទេ
នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខាតបង់
ឬខូចខាតទ្រព្យសម្បត្តិទាំងឡាយដែលកើតមានក្នុងពេលអនុវត្តវិធាន
ការនោះឡើយ ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំ
ពេញចុះថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា
សាលារាជធានីភ្នំពេញមានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណជន
និងម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងនៅតាមដងមហាវិថីព្រះមុនីវង្ស
ឲ្យបានជ្រាបថា
កន្លងមកដោយសង្កេតឃើញមានការប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ប្រកប
អាជីវកម្ម និងទ្រូងផ្លូវសម្រាប់ចតរថយន្ត
យានយន្តដោយឥតសណ្តាប់ធ្នាប់ បណ្តាលឲ្យមានការកកស្ទះ
ព្រមទាំងបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
ដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ
និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ
ឲ្យស័ក្តិសមជាប្រជាពលរដ្ឋថ្លៃថ្នូរ
មានសីលធម៌រស់នៅក្នុងសង្គមស៊ីវីល័យទីក្រុងរីកចម្រើន
មានការអភិវឌ្ឍ សាលារាជធានីភ្នំពេញ
កំណត់ឲ្យម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងនៅសងខាងដងមហា
វិថីព្រះមុនីវង្ស បញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវ
និងទ្រូងផ្លូវធ្វើជាទីតាំងអាជីវកម្មចំណតរថយន្ត
និងយានយន្តគ្រប់ប្រភេទ ដោយគិតចាប់ពីថ្ងៃទី១៥ ធ្នូ
ឆ្នាំ២០១២នេះតទៅ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះបាន
សង្កត់ធ្ងន់ថា ក្នុងករណីមិនគោរពតាមការណែនាំខាងលើ
សាលារាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលតាមច្បាប់
និងមិនទទួលខុសត្រូវចំពោះការខាតបង់
ឬខូចខាតទ្រព្យសម្បត្តិទាំងឡាយដែលកើតមានក្នុងពេលអនុវត្ត
វិធានការនោះឡើយ ។
សាលារាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា សាធារណជន
ដែលជាម្ចាស់យានយន្ត ម្ចាស់
អាជីវកម្មទាំងអស់ស្ថិតនៅទីតាំងខាងលើនឹងយោគយល់អធ្យាស្រ័យ
និងចូលរួមអនុត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ
ដើម្បីរួមគ្នាកសាងទីក្រុងយើងឲ្យមានរបៀបរៀបរយ
និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ។
ចុងបញ្ចប់នៃសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលរាជធានីភ្នំពេញ
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ
៧មករា ចំការមន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់
ត្រូវចូលរួមសហការថែរក្សាសណ្តាប់ធ្នាប់តាមដងមហាវិថីព្រះមុនីវង្ស
ធ្វើជាគំរូ និងបទពិសោធន៍សម្រាប់បន្តអនុវត្តនៅវិថីដទៃទៀត។
ពាក់ព័ន្ធទៅនឹងវិធានការក្តៅខាងលើនេះ
មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញម្នាក់សូមមិនបញ្ចេញឈ្មោះដែល
ស្និទ្ធនឹងលោកកែប ជុតិមាអភិបាលរាជធានីភ្នំពេញ
បានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា
ឆ្នាំ២០១២នេះថា បញ្ហាសណ្តាប់ធ្នាប់
និងរបៀបរៀបរយនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនេះពិតជាមានភាពរញ៉េ
រញ៉ៃខ្លាំងណាស់ ពិសេសនៅពេលយប់ និងនៅតាមតំបន់មុខហាងនានា ដូចជា
ហាងលក់គ្រឿងសមុទ្រជាដើម
មានការចតយានជំនិះគ្រប់ប្រភេទពាសពេញចិញ្ចើម
និងស្ទើរពាសពេញទ្រូងផ្លូវតែម្តង ។
ហើយអាជ្ញាធរតែងបានដាស់តឿនច្រើនលើកច្រើនសាមកហើយ តែនៅមិនស្តាប់ ។
ប៉ុន្តែសម្រាប់ពេលនេះ
សាលារាជធានីភ្នំពេញបានធ្វើលិខិតជាលាយលក្ខអក្សដាក់ឱសានុវាទត្រឹម
ត្រូវ គឺកំណត់ដល់ម្ចាស់អាជីវកម្ម ក៏ដូចសាធារណជន ។
មន្ត្រីដដែលនោះបានបញ្ជាក់ថា
ពេលនេះបើម្ចាស់អាជីវកម្ម
ឬសាធារណជនមិនអនុវត្តតាមការណែនាំខាងលើនេះទេ
សាលារាជធានីភ្នំពេញត្រូវតែអនុវត្តផែនការក្តៅ
ដោយមានការស្ទូចយករថយន្ត ។
ឯម្ចាស់អាជីវកម្មក៏ត្រូវទទួលការដាក់ពិន័យឲ្យរាងចាលតែម្តង ។
សាលារាជធានីភ្នំពេញមិនមានការយោគយល់ទៀតទេ
ដែលគោលបំណងសំខាន់គឺដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ
លើកកម្ពស់សោភ័ណភាពរាជធានី ហើយជាពិសេសទៅទៀតនោះ
គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ដូចយើងបានដឹង និងឃើញហើយថា
បើបណ្តោយឲ្យចតពាសពេញចិញ្ចើម និងចតលើទ្រូងផ្លូវទៀត
យើងត្រូវចោទសួរថា តើប្រជាពលរដ្ឋដែលជាអ្នកថ្មើរជើងដើរតាមណា
គឺពិតណាស់ ពួកគាត់បង្ខំចិត្តដើរលើផ្លូវតែម្តង ។
ហើយក៏ត្រូវចោទសួរមួយទៀតថា ពេលពួកគាត់គ្រោះថ្នាក់
តើអ្នកណាជាអ្នកទទួលខុសត្រូវ ហេតុនេះយើងត្រូវចូលរួមដើម្បីទាំងអស់គ្នា ។
យោងតាមសេចក្តីជូនដំណឹងខាងលើនេះ
បញ្ជាក់ជាថ្មីថា លោកកែប ជុតិមា ប្រើធម៌ក្តៅមែនទែនហើយ ។
គេបារម្ភ
និងសង្ស័យខ្លាចតែការប្រើធម៌ក្តៅនេះមានតែក្នុងក្រដាស
... ហើយអ្នកអនុវត្តនៅស្ងៀមមុខជាចៀសមិនរួចពី
«ដដែលវិញ» ប៉ុណ្ណោះ ៕