Cambodia Foreign Minister Hor Namhong |
ភ្នំពេញ៖ ក្រោយពីមានសម្ពាធជាបន្តបន្ទាប់ឲ្យលោកប្រធានាធិបតី
បារ៉ាក់ អូបាម៉ា
លើកយកបញ្ហារំលោភសិទ្ឋិមនុស្សដាក់នៅក្នុងជំនួបទ្វេភាគីរវាង
កម្ពុជា និងសហរដ្ឋអាមេរិក កម្ពុជាបានប្រកាសភ្លាមៗថា
ជំនួបទ្វេភាគីនេះនឹងនិយាយតែទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋ
អាមេរិកប៉ុណ្ណោះ។
នៅក្នុងសប្តាហ៍នេះ
មានសម្ពាធពីអន្តរជាតិជាបន្តបន្ទាប់លើលោកប្រធានាធិបតីសហរដ្ឋ
អាមេរិកបារ៉ាក់
អូបាម៉ាឲ្យលើកយកបញ្ហាសិទ្ឋិមនុស្សធំៗដែលបានកើតមានឡើងក្នុង
អំឡុងពេលជាង២៧ឆ្នាំនៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនទៅដាក់នៅក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋ
អាមេរិក។
ការរំលោភសិទ្ឋិមនុស្សទាំងនោះរួមមាន
ការសម្លាប់មនុស្សប្រមាណជាង៣០០នាក់ ការកាត់ទោសលោកម៉ម សូណង់ដូ
នាយកស្ថានីយវិទ្យុសម្បុកឃ្មុំ ការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ
គឺលោក ឈុត វុទ្ឋី ការកាត់ទោសលោកសម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងពាក់ព័ន្ឋនឹងបញ្ហាព្រំដែន
ការកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងការរំលោភចាប់យកដីធ្លីរបស់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រីហោ
ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់ក្នុងអង្គសន្និសីទ
ព័ត៌មាននៅថ្ងៃកាលពីព្រហស្បតិ៍ថា
កម្ពុជានឹងមានជំនួបទ្វេភាគីដោយឡែកមួយជាមួយនឹងសហរដ្ឋអាមេរិកក៏
ប៉ុន្តែក្នុងជំនួបនោះនឹងផ្តោតលើទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋ
អាមេរិកតែប៉ុណ្ណោះ។
លោកបានថ្លែងកោតសរសើរថា
ការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកក្នុងរយៈពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះកាន់តែមានភាពធំឡើងៗបើទោះបីមានការគាប
សង្កត់ក៏ដោយ។ លោកបានបញ្ជាក់ថា
កម្ពុជាទទួលឲ្យមានជំនួបទ្វេភាគីនេះគឺចង់ពង្រឹងឲ្យមានការគោរព
សិទ្ឋិមនុស្ស។
«ហេតុអ្វីបានជាកម្ពុជាទទួល?
កម្ពុជាទទួលគឺដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជាចង់កែលម្អ
ចង់ជំរុញ ចង់ពង្រឹងការគោរពសិទ្ឋិមនុស្ស»។
កម្ពុជាក្នុងនាមជាម្ខាស់ផ្ទះ ជាប្រធានប្តូរវេនបាន
រៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំតូចៗមួយចំនួនទៀតចាប់
ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២០ខាងមុខនេះ។
នៅថ្ងៃព្រហស្បតិ៍នេះកម្ពុជាបានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី
អាស៊ានដោយមានការចូលរួមពីថ្នាក់រដ្ឋលេខាធិការនិងឯកអគ្គរដ្ឋទូតនៃ
បណ្តាប្រទេសអាស៊ានទាំង១០ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់នាយក
រដ្ឋមន្ត្រីកំពូលអាស៊ាននៅថ្ងៃអាទិត្យខាងមុខនេះ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
បានបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ាននេះនឹងមានឯកសារ ត្រូវអនុម័ត
ចំនួន២ និងការប្រកាស នៃការបង្កើតវិទ្យាស្ថានអាស៊ីសម្រាប់សន្តិភាព
និងសម្របសម្រួល។
លោកមានប្រសាសន៍ថា
ឯកសារ២ដែលនឹងត្រូវអនុម័តគឺទី១-ការអនុម័តសេចក្តីថ្លែងការណ៍ ស្តីពី
សិទ្ធិមនុស្ស របស់អាស៊ាន Asean Human Rights Decleration និងទី២
ការបង្កើតមជ្ឈមណ្ឌលមីន របស់អាស៊ាន នៅកម្ពុជា
ដោយសារតែក្នុងប្រទេសអាស៊ានទាំង១០ នេះមានប្រទេសអាស៊ាន ប្រាំមួយ
បានជួបប្រទះបញ្ហាមីន។ ប្រទេសទាំងនោះរួមមានកម្ពុជា ឡាវ វៀតណាម
ថៃ ហ្វីលីពីន និងភូមា។ លោកបានបញ្ជាក់ថាប្រទេសអាស៊ានទាំងអស់
ក៏បានឯកភាពជាមួយកម្ពុជារួចហើយកម្ពុជាក៏បានរៀបចំឯកសារដាក់ជូន
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានដើម្បីអនុម័តនាពេលខាងមុខ៕