Monday, November 19, 2012

លោក​បារ៉ាក់ អូបាម៉ា ​បាន​​​មក​ដល់​​​វិមាន​សន្តិភាព​ទទួល​ស្វាគមន៍​​ដោយ​​សម្តេច​​តេជោ ហ៊ុន សែន ​

រាជធានីភ្នំពេញ​ ៖ ​​ប្រធានាធិបតីអាមេរិក លោក​បារ៉ាក់​ អូបាម៉ា​ បានមកដល់​​ព្រល​ាន​យន្ត​ហោះ​អន្តរ​ជាតិភ្នំពេញហើយ តាម​ជើង​យន្តហោះ​​ពិសេស​របស់ប្រធានាធិបតី​ (Air Force One) កាលពីវេលាម៉ោង​៥ និង៤៥នាទីល្ងាចថ្ងៃទី១៩ វិច្ឆិកា ២០១២នេះ ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​រូប​នេះ​បញ្ចប់​បេសកកម្ម​ដ៏សំខាន់​ជាមួយ​ មេដឹកនាំ​មួយចំនួននៅ​ប្រទេស​មីយ៉ាន់ម៉ា និងទទួល​ស្វាគមន៍​ពីលោក​រដ្ឋ​មន្ត្រី​អ៊ឹម សិទ្ធី ។
ប្រព័ន្ធ​​សន្តិសុខ​​ត្រូវ​បាន​​ពង្រឹង​​ភ្លាមៗ ដោយ​​កម្លាំង​យោធាអាេមរិក ​សហការជាមួយ​កម្លាំង​​ប្រដាប់អាវុធ​​របស់កម្ពុជា​មាន​ប៉ូលិស​​ ប៉េអឹម ​និង​​កង​​យោធពល​ខេម​រភូមិន្ទចាប់​តាំងពី​ក្នុងព្រលាន ជុំ​វិញព្រលាន និងនៅតាមដង​មហាវិថីសហព័ន្ធ​រុស្ស៊ី​រហូតមក​ដល់​វិមាន​សន្តិភាព​ទីស្តីការ​ នាយក​រដ្ឋ​មន្ត្រី​​កន្លែង​ដែល​បើក​កិច្ច​ប្រជុំកំពូល​អាស៊ាន​​លើកទី២១ ហើយ​នៅទីនេះ គឺ​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​បានរង់ចាំ​ជាស្រេច ​ដើម្បី​ស្វាគមន៍​​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ។
​មុន​ពេល​មក​ដល់​​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​​ ភ្នំពេញប្រហែល​២០​នាទី​ គេឃើញ​​ឧទ្ធម្ភាគចក្រ​ ដែល​ជា​កង​ការពារ​​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ាជាច្រើន​​គ្រឿងហោះ​ឆ្វែល​ជុំ​វិញ​​ព្រលាន​ ដើម្បី​ត្រួតពិនិត្យ​សុវត្ថិភាព ហើយ​ប្រព័ន្ធ​ការពារ​នេះ ត្រូវបានរៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​អាេមរិក ​និង​រដ្ឋាភិបាល​កម្ពុជា ។
គួរ​បញ្ជាក់​ថា ចាប់​ពីវេលាថ្ងៃត្រង់​ថ្ងៃទី១៩​ វិច្ឆិកា ២០១២ នេះ កំណាត់មហាវិថី, ដងវិថីសំខាន់ៗ​ជា​ច្រើន​កន្លែង ត្រូវ​បានបិទ​ចរាចរ​​ចេញ​ចូល​មួយ​រយៈ​សិន ជាពិសេស​ដង​មហាវិថី សហព័ន្ធ​រុស្ស៊ី​តែម្តង មានសភាព​ស្ងាត់ជ្រងំ ។ ឯ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ជាច្រើន​កន្លែង​ នៅ​តាមមហាវិថី​ ដងវិថីសំខាន់ៗ ក៏ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ដែរ​ រហូត​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
ដំណើរទស្សនកិច្ចផ្លូវ​រដ្ឋនេះ លោក​បារ៉ាក់ អូបាម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​នៅថ្ងៃទី១៩​ និងថ្ងៃទី២០ វិច្ឆិកា ២០១២ ហើយ​លោកប្រធានាធិបតីអាមេរិករូបនេះ​នឹងជួបពិភាក្សាការងារទ្វេភាគី​ ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ផងដែរ ។​ ប៉ុន្តែចំពោះ​របៀបវារៈអ្វីខ្លះ ដែល​ប្រមុខរដ្ឋាភិបាលទាំងពីរ​ លើកឡើងនោះមិនត្រូវបានអ្នកនំាពាក្យរាជរដ្ឋាភិបាលកម្ពុជាបង្ហើបឲ្យដឹង​នោះឡើយ ។​ មក​ទល់នឹងពេលនេះ នៅមិនទាន់មានព័ត៌មានថា លោក​អូបាម៉ា​នឹងអញ្ជើញ​ទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះ​មហាវីរក្សត្រនៅឡើយទេ​ ពីព្រោះពេល​វេលារបស់លោក​អូបាម៉ា មកប្រទេសកម្ពុជា មានរយៈពេលខ្លី ។

Comments system

Disqus Shortname