Tuesday, November 13, 2012

ហេង ពៅ ឈប់​ជឿ​ព្រះពុទ្ធ​មក​កាន់​គ្រិស្ត​វិញ


121112_09
ពិរុទ្ធ​ជន​​ ហេង​ ពៅ ​ពេល​ឡើង​សវ​នាការ​នៅ​សាលា​ឧទ្ធរ​ណ៍​កាល​ពី​កន្លង​​មក​។ រូបថត ​ផា​ លីណា

ភ្នំពេញៈ លោក ហេង ពៅ អតីត​ស្នងការ​រាជធានី អាយុ​៥៥ ឆ្នាំ បាន​លះ​បង់​សាសនា​ព្រះពុទ្ធ មក​កាន់​សាសនា​គ្រិស្ត​វិញ ព្រោះ​តែ​គិតថា លោក​រង​ភាព​អយុត្តិធម៌​នៅ​ក្នុង​ជីវិត។
លោក តាន់ សេណារ៉ុង ព្រះ​រាជ​អាជ្ញារង​នៃ​សាលា​ដំបូង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក ហេង ពៅ ឥឡូវ​លែង​ជា​ពុទ្ធសាសនិក​ហើយ គាត់​ជា​អ្នក​កាន់​សាសនា​គ្រិស្ត ហើយ​គាត់​បាន​សុំ​តុលាការ​ឲ្យ​រៀបចំ​កន្លែង​ស្បថ​តាម​ពិធី​សាសនា គ្រិស្ត នៅ​ពេល​តុលាការ​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​ក្នុង​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​របស់​គាត់ នៅ​ថ្ងៃ​អនាគត។
លោក កៅ ទី មេធាវី​នៃ​ក្រុម​មេធាវី​ភ្នំពេញ​ថ្លែង​ថា លោក ហេង ពៅ បាន​គោរព​សាសនា​គ្រិស្ត បន្ទាប់​ពី​ជាប់​ឃុំ ក្រោម​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១០០​ឆ្នាំ កាល​ពី​ឆ្នាំ​២០១០។
អនុរក្សនៅ ​មជ្ឈមណ្ឌល​កែប្រែ​ម.១ (ព្រៃ​ស) ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា លោក ហេង ពៅ ជា​អ្នក​ជឿ​ជាក់​ខ្លាំង​លើ​ព្រះពុទ្ធ​សាសនា។ ដោយ​ជំនឿ​លើ​ព្រះ​ពុទ្ធ​នេះ​ ក្នុង​ឆ្នាំ២០០១ គាត់​បាន​ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​ជួយសង់​រូប​ពុទ្ធបដិមា​ធំ​មួយ នៅ​ខេត្ត​សៀម​រាប។
លោកថា លោក​ ហេង ពៅ បាន​ក្លាយ​ជា​អ្នក​កាន់​សាសនា​គ្រិស្ត ​តាម​ការ​ណែនាំ​ពី​អ្នក​ទោស​បរទេស នៅ​ពន្ធនាគារ​ព្រៃស។
លោកបន្ត ​ថា៖ ​«​លោក ហេង ពៅ​មាន​មិត្ត​ភក្តិ​ជា​ច្រើនជា​ជន​បរទេស​និង​ជា​ប្រូតេស្តង់។ គាត់​បាន​ដាក់​ចិត្ត​កាន់​សាសនា​គ្រិស្ត មក​ពី​​គាត់​ស្អប់​ភាព​អយុតិ្តធម៌​និង​មនុស្ស​អាក្រក់...​ព្រោះ​គាត់​បាន​ រង​ភាព​អយុតិ្តធម៌ និង​ការ​ចោទ​ប្រកាន់​ខុស​សម្រាប់​គាត់»។
លោក កៅ សូផា មេធាវី​ការពារ​លោក ហេង ពៅ ថ្លែង​ថា មក​ដល់​ពេល​នេះ កូន​ក្តី​លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​១៦​ករណី​និង​កំពុង​ទទួល​ ទោស​ជាង ១០០ ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ។
លោកបន្តទៀត​ថា ក្នុង​ចំណោម​រឿង​ក្តី​ទាំង១៦ មាន​៨ករណី បាន​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​រួច​ហើយ ហើយ​ខ្លះ​ទៀត​កំ​ពុង​បន្ត​នីតិវិធី​នៅ​តុលាការ។
លោក​បន្ត​ថា៖ «​កូន​ក្តី​ខ្ញុំ​បាន​ទទួល​ភាព​អយុតិ្តធម៌​ក្នុង​ជីវិត។ តាម​ពិត​គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​ការ​ចោទ​ប្រកាន់​ទេ។ គាត់​គ្រាន់តែ​ជា​ជន​រង​គ្រោះ​នៃ​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ»។
លោក បន្ថែម​ថា៖ «ដើម្បី​រក​ការ​ពិត​និង​យុតិ្តធម៌​ឲ្យ​គាត់ ខ្ញុំ​សូម​តុលាការ​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​ឲ្យ​ស៊ី​ជម្រៅ​លើ​រឿង​ក្តី​នេះ ហើយ​បើក​សវនាការ​លើ​រឿង​ក្តី​ដែល​នៅសល់​ឲ្យ​បាន​ឆាប់»។
លោក ហេង ពៅ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ ពី​ម្សិលមិញ។ ប៉ុន្តែ ​ពី​ខែ​មិថុនា​ លោក​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ចោទ​ប្រកាន់​គាត់​ទាំង​អស់​មិន​ពិត​ទេ។ ​ការ​ចោទ​នោះ​គ្រាន់​តែ​ជា​ការ​បំផ្លើស ដោយ​អ្នក​ដែល​ស្អប់​គាត់ ហើយ​រៀបចំ​គម្រោង​ទម្លាក់​កំហុស​និង​ចាប់​ខ្លួន​គាត់។
លោកថា៖ «ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះដូច​ការ​ចោទ​ប្រកាន់​ទេ។ ដើម្បី​រក​យុតិ្តធម៌ និង​ការ​ពិត​សម្រាប់​រឿង​ក្តី​ខ្ញុំនេះ ខ្ញុំ​សូម​ឲ្យ​តុលាការ​រក​ចៅក្រម​យុតិ្តធម៌​មក​ស្បថ​មុនជំនុំ​ ជម្រះ។ សូម​កុំ​ជឿ​ថា​ខ្ញុំ​ជា​មនុស្ស​ល្អ តែសុំ​ជឿ​លើ​ភស្តុតាង»។ យោង​ឯកសារ​តុលាការ​ លោក​ ហេង ពៅ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​នគរ​បាល​ក្រសួង​មហា​ផ្ទៃ ក្នុង​ឆ្នាំ២០០៦។ គាត់​ត្រូវ​សាលា​ដំបូងភ្នំពេញផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​សរុប​១០៣​ឆ្នាំ៕ TK

Comments system

Disqus Shortname