Friday, November 30, 2012

តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​កើត​ឡើង​?


121129_02
អ្នក ​ភូមិ​ក្នុង​ស្រុក​បទុម​សា​គរ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​​ចិន​​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​ ​អង្គ​ការ​សង្គម​ស៊ី​វិល​ រិះ​រក​វិធី​​​ការ​ពារ​ដី​ធ្លី​តាម​ផ្លូវ​ច្បាប់​កាលពី​ខែ​មិថុនា​​​។ រូបថត ហេង ជី​វ័ន



























ជូន​លោក​ការី​និពន្ធ​ភ្នំពេញ ប៉ុស្តិ៍
ខ្ញុំបាន ​អាន​អត្ថបទ​របស់​លោក​តុង សុប្រាជ្ញ​ ចុះ​ផ្សាយ​ ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ចន្ទ​លើ​ប្រធាន​បទ​ស្តី​ពី របៀប​ធ្វើ​ការ​ងារ ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ទទួល​ខុស​ត្រូវ ​របស់​អាជ្ញាធរ​រដ្ឋបាល​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។​ សំណេរ​របស់​លោក​តុង សុប្រាជ្ញ ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​របស់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល បច្ចុប្បន្ន​។
តាម​ការ​សង្កេត​ឃើញ​របស់​ខ្ញុំ​ ប្រព័ន្ធ​គ្រប់គ្រង​សព្វ​ថ្ងៃ គឺ​ជា​រដ្ឋបាល​របស់​បក្ស គឺ​ហាក់​ដូច​ជា​មិន​មែន​ជា​របស់​រដ្ឋ (យើង​មិន​និយាយ​ពី​អាជ្ញាធរ​ក្រុម​ប្រឹក្សា) ទេ​។
មុន​នេះ​លោក​នាយក​ រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​គំរាម​ថា​នឹង​មិន​ដោះ​ស្រាយ​បញ្ហា​ដីធ្លី ដល់​ប្រជា​ពល​រដ្ឋ ប្រសិន​បើ​មាន​គណបក្ស​ប្រឆាំង និង​ NGOs ​ចូល​រួម។
តទៅ នេះ ខ្ញុំ​សូម​សម្ដែង​នូវ​ទស្សនៈ​ និង​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​អស់​រយៈ​ពេល​ជា​ ច្រើន​ឆ្នាំ​មក​ហើយ៖
តើ​មាន​មូល​ហេតុ​អ្វី ដែល​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ហាម​ប្រាម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ប្រឆាំង​ ចូលរួម និង​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​ដីធ្លី ?
១-តើ​មាន​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​កើត​ឡើង?

រដ្ឋាភិបាល ​ពុំ​មាន​វិធាន​ការ​គ្រប់​គ្រង​ដីធ្លី​ ឲ្យ​បាន​ច្បាស់​លាស់​ រដ្ឋាភិបាល​ពុំ​បាន​ធ្វើ​ការ​កំណត់​ប្រភេទ​ និង​បោះ​បង្គោល​ព្រំ​ដី​ឲ្យ​បាន​ច្បាស់​លាស់​ ដូច​ជាដី​សាធារណៈ​របស់​រដ្ឋ និង​ដី​ឯក​ជន​របស់​រដ្ឋ។ ដំណើរ​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​ភាព​យឺតយ៉ាវ ប្រជា​ពលរដ្ឋ គ្មាន​លទ្ធភាព ​ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី ដោយ​សារ​ចំណាយ​ថ្លៃ​រត់​ការ​អស់​ច្រើន​ពេក​។ ប្រជា​ពលរដ្ឋ ខ្វះ​ខាត​ដី​សម្រាប់​តាំង​លំនៅដ្ឋាន ដីធ្វើ​ចម្ការ និង​ដី​សម្រាប់​ធ្វើ​ស្រែ។ ប្រជា​ពលរដ្ឋ​ខ្លះ​ គ្មាន​ប្រាក់​ចំណូល បាន​លក់​ដីធ្លី​របស់​ខ្លួន ដើម្បី​សង​បំណុល​គេ​ឬ​ក៏​យក​ទៅ​ព្យាបាល​ជំងឺ រត់​ការ​ផ្សេងៗ រួច​ទៅ​ចាប់​យក​ដី​ថ្មី។ នីតិវិធី​ដោះស្រាយ​វិវាទ​ដី ធ្លី ប្រើ​រយៈ​ពេល​យូរ អាជ្ញាធរ​សមត្ថកិច្ច​គ្មាន​ឆន្ទៈ គ្មាន​សមត្ថភាព​ចំណេះ​ដឹង​ផ្លូវ​ច្បាប់ និង​នីតិវិធី ក្នុង​ការ​ដោះស្រាយ​។ ម្យ៉ាង​ទៀត ពួក​គេ​ធ្លាប់​ការពារ​អ្នក​មាន​ប្រាក់ ក្រុមហ៊ុន ឧកញ៉ា​ និង​អ្នក​មាន​អំណាច។ ​

ករណី​ខ្លះ អាជ្ញាធរ​មូលដ្ឋាន​មាន​មេ​ភូមិ មេឃុំ អាជ្ញាធរ​ស្រុក បាន​ឃុប​ឃិត​គ្នា លួច​ធ្វើ​ប្លង់​ដីឲ្យ​អ្នក​មាន។ មាន​ការ​រើសអើង​ប្រជា​ពលរដ្ឋ​ណា​ដែល​មិន​មែន​ជា​សមាជិកបក្ស​របស់​ខ្លួន។ ​រាជ​រដ្ឋាភិបាល​ចេញ ស.ជ.ណ ឬ​កិច្ច​សន្យា​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន ឬ​ឧកញ៉ា ដោយ​ពុំ​មាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ ពោល​គឺ​យក ស.ជ.ណ និង​កិច្ច​សន្យា​ទៅ​បណ្តេញ​អ្នក​ម្ចាស់​ដី ដោយ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផល​ដំណាំ​អ្នក​ស្រុក​ដូច​ជា​ករណី​ប្រជា​ពល​ រដ្ឋ​ចំនួន ២២០ គ្រួសារ នៅ​ភូមិ​ជី ខ ភូមិ​ត្រពាំង​កណ្តោល​ ភូមិ​ឈូក​ ឃុំ​ ជីខ​លើ ស្រុក​ ស្រែ​អំបិល ប្រជា​ពលរដ្ឋ​ចំនួន ១៣ គ្រួសារ នៅ​ភូមិ​ធ្នង់ ឃុំ កណ្តោល ស្រុក​បទុម​សាគរ និង​ប្រជា​ពលរដ្ឋ​ចំនួន​១១៤៣​គ្រួសារ​ នៅ​ឃុំថ្មស ឃុំ តានូន ស្រុក​បទុម​សាគរ និង ឃុំភ្ញី​មាស ឃុំ កោះ​ស្តេច ឃុំ​ព្រែក​ខ្សាច់ ស្រុក គិរីសាគរ ខេត្ត​កោះកុង​ជាដើម។
២-មូលហេតុ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​ពាក់​ព័ន្ធ​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លីៈ
ពេល ​កើត​មាន​ការ​រំលោភ ការ​បំពាន ឬ​ការ​រឹប​អូស​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ ​អ្នក​ភូមិ​តែង​តែ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ រារាំង​គ្រឿង​ចក្រ​របស់​ជន​ប្រព្រឹត្ត​នៅ​នឹង​កន្លែង​ដី​ទំនាស់ បន្ទាប់​មក​ពួក​គេ​ក៏​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ស្នើ​សុំ​ការ​ជួយ​អន្ត​រាគមន៍​ បញ្ឈប់​សកម្មភាព ដើម្បី​រក​ដំណោះស្រាយ ដូច​ជា មេ​ឃុំ អភិបាល​ស្រុក គណៈ​កម្មការ​សុរិយោដី​សាលា​ខេត្ត និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​។​ ពេល​នោះ​គណបក្ស​ប្រឆាំង​បាន​ចូល​ខ្លួន​ទៅ​ដើម្បី​ក្តាប់​បញ្ហា​និង​រក​ វិធីសាស្រ្ត​ស្វែងរក​ដំណោះស្រាយ​ដើមី្ប​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់ របស់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​បាត់បង់។
ក្រោយ​ពី​ពល​រដ្ឋ​ដាក់​ពាក្យ​ បណ្តឹង​ទៅ​ស្ថាប័ន​រដ្ឋ​ពាក់​ព័ន្ធ​រួច​ ហើយ​គ្មាន​ដំណោះស្រាយ ទើប​ពួក​គេ​ចាប់​ផ្តើម ស្វះ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​នៅ​ជិត។ បន្ទាប់​មក​ទើប​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ចាប់​ផ្តើម​ចុះ​ទៅ​ស៊ើប​អង្កេត សិក្សា​ស្រាវជ្រាវ ដើមី្ប​ស្វែង​រក​នីត្យានុកូលភាព Legal និង​ អង្គហេតុ​ពិត​នៃ​ជម្លោះ​ដីធ្លី​នោះ​។ បន្ទាប់​មក​ទៀត​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​របាយការណ៍ ដាក់​ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អន្តរាគមន៍​រក​ដំណោះ​ស្រាយ​ការពារ​ផល ​ប្រយោជន៍​ស្រប​ច្បាប់​របស់​ជន​រងគ្រោះ។ ឆ្លៀត​ក្នុង​ឱកាស​នោះ ប្រសិន​បើ​គណបក្ស​ប្រឆាំង​រក​ឃើញ​នូវ​កំហុស​របស់​រដ្ឋាភិបាល ដែល​មិន​បាន​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ ពួក​គេ​ក៏​បញ្ចុះ​បញ្ចូល​ជន​រងគ្រោះ រួច​វាយ​បក​ទៅ​រដ្ឋាភិបាល​ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ ជម្លោះ​នោះ។
នៅ​ពេល​ដែល​អាជ្ញាធរ ឬស្ថាប័ន​ដែល​ត្រូវ​ដោះ​ស្រាយ​ នៅ​តែ​ព្រងើយ​កន្តើយ​មិន​ព្រម​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទៀត​ នោះ ជន​រងគ្រោះ ចាប់​ផ្តើម​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង​វិញ។ ជាក់​ស្តែងជា​ទឡ្ហីករណ៍ ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​ ៣ ​ខែ​មិថុនា​កន្លង​មក​ ឃុំ​ដែល​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​ខ្លាំង​ក្លា​និង​ក្តៅ​គគុក គេ​សង្កេត​ឃើញ គណបក្ស​ប្រឆាំង​ បាន​ទទួល​អាសនៈ ១ កន្លែង​ដែរ ដូច​ជា​ឃុំ តានូន ស្រុក បទុមសាគរ​ពី​មុន​ឃុំ​នេះ​ សមាជិក​ក្រុម​ប្រឹក្សា​គ្មាន​មក​ពី​គណបក្ស​សម រង្ស៊ី​ទេ ឥឡូវ​នេះ បាន​ទទួល១ អាសនៈ។
ប្រហែល​ជា​បញ្ហា​នេះ​ហើយ ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាប់​អារម្មណ៍​ខ្លាំង ហើយ​មាន​ការ​ភ័យ​ខ្លាច ទើប​ហាម​ប្រាម មិន​ឲ្យ​គណបក្ស​ប្រឆាំង​ ចូល​រួម​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី។ ករណី​នេះ រដ្ឋាភិបាល​ចង់​យក​ជ័យជម្នះ​តែ​ម្នាក់​ឯង និង​ប្រជា​ប្រិយភាព​ខ្លួន​ឯង​។
សូម ​ជូន​ករណី​សិក្សា​មួយ៖​ ប្រជា​ពលរដ្ឋ​ចំនួន​១៣​ គ្រួសារ​ នៅ​ភូមិ​ធ្នង់ ឃុំ កណ្តោល ស្រុក​បទុម​សាគរ បាន​កាន់ កាប់​ប្រើ​ប្រាស់​ដី​ភូមិ និង​ដី​ចម្ការ តាំង​ពី​ដូន​តា​របស់​ខ្លួន​គឺ​តាំង​ពី​មុន​ឆ្នាំ​១៩៧០ រហូត​មក​ដល់​បច្ចុប្បន្ន ពួក​គេ​បាន​ដាំ​ដំណាំ​មាន​ដូច​ជាដូង​ ស្វាយ ស្វាយចន្ទី ខ្នុរ ចេក ត្របែក ទៀប ជា​ដើម​។
រយៈ​ពេល​នៃ​ការ​កាន់​កាប់ ​ចាប់​តាំង​ពី ឆ្នាំ​១៩៧៩​មក​ដល់​បច្ចុប្បន្ន​នេះ​មិន​ដែល​ឃើញ​អ្នក​ណា​ម្នាក់​មក​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​ឡើយ។ កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​មក​នេះ មាន​ក្រុម​យុវជន ​បាន​ចុះ​ទៅ​វាស់​វែង​ដី​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​នោះ​ ពេល​នោះ​មាន​ឧកញ៉ា​ម្នាក់​ឈ្មោះ ហេង ហ៊ុយ រួម​ទាំង​អភិបាល​រង​ស្រុក​បទុម​សាគរ​ម្នាក់​ផង បាន​មក​បង្ខំ​ប្រជាជន​ទាំង​ចំនួន ១៣ គ្រួសារ​នោះ​ឲ្យ​ប្រគល់​ដី​គ្រប់ៗ​គ្នា​នូវ​ចំណែក​ពាក់​កណ្តាល​ម្នាក់​ឲ្យ​ ទៅ ពួក​គេ​ព្រោះ​ពួក​គេ មាន​ប្លង់​តែ​មិន​បង្ហាញ​ឲ្យ​អ្នក​ភូមិ​ឃើញ​ទេ។ លោក​ហេង ហ៊ុយ គំរាម ប្តឹង​អ្នក​ភូមិ​ទាំង​នោះ​ទៅ​តុលាការ​ប្រសិន​បើ​អ្នក​ភូមិ​ទាំង​នោះ​ មិន​ចែក​ដី​ឲ្យ​គាត់​ពាក់​កណ្តាល ទេ​នោះ​ ។ ដោយ​ភ័យ​ខ្លាច​ពួក​អ្នក​ភូមិ​ក៏​យល់​ព្រម​ផ្តិត​មេ​ដៃ។ បន្ទាប់​មក​លោក​ ហេង ហ៊ុយ​ បាន​យក​គ្រឿង​ចក្រ​មាន​ត្រាក់ទ័រ​២​គ្រឿង​មក​ឈូស​ឆាយ​ផល​ដំណាំ របស់​ពួក​អ្នក​ភូមិ​។ ពេល​នោះ​អ្នក​ភូមិ បាន​ចេញ​មក​រារាំង និង​ហាម​ឃាត់ ហើយ​បាន​បដិសេធ​លុប​ស្នាម​មេដៃ​របស់​ពួក​ខ្លួន​វិញ។
ដោយ​អស់​ជំនឿ​ លើ​អាជ្ញាធរ​ស្រុក ប្រជា​ពលរដ្ឋ​រង​គ្រោះ​ទាំង​១៣ គ្រួសារ​នោះ ​បាន​មក​ពឹង​ធ្វើ​អន្តរាគមន៍ ដោយ​សុំ​អង្គការ LICA DHO និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស ADHOC ខេត្ត​កោះកុង​ជួយ​ពួក​គាត់​ដោយ​បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​សាលា​ខេត្ត​កោះកុង ទៅ​សភា​តំណាង​រាស្រ្ត​មណ្ឌល​កោះកុង និង​ទៅ​មន្ទីរ​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ សុរិយោដី​និង​សំណង់​ ខេត្ត​កោះកុង​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។
អង្គការ​ក្រៅ​រដ្ឋាភិបាល មាន​តួនាទី​គ្រាន់​តែ​ជា​អ្នក​ឃ្លាំ​មើល​ ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​តែ​ប៉ុណ្ណោះ។ យើង​គ្មាន​តួនាទី​អ្វី​ទៅ​ជ្រៀតជ្រែក លើ​កិច្ចការ​ងារ​របស់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ការ​ដោះស្រាយ​ជម្លោះ​ដី​ ធ្លី​របស់​រដ្ឋាភិបាល​នោះ​ឡើយ។ យើង​គ្រាន់​តែ​ចង់​ឲ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​បញ្ចេញ​មតិ​របស់​អ្នក​កាន់​ កាប់​ដី​ធ្លី ធ្វើ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​មាន​តម្លាភាព មាន​យុត្តិ​ធម៌ និង​ឈរ​លើ​ផល​ប្រយោជន៍​របស់​ជន​រង​គ្រោះ។ យើង​អបអរ​សាទរ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ពិត​ជា​មាន​សុច្ឆន្ទៈ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិបត្តិ​ទំនាស់​វិវាទ​ដីធ្លី​បច្ចុប្បន្ន ដោយ​ឈរ​លើ​គោលការណ៍ ច្បាប់ ការ​គោរព​សិទ្ធិ​មនុស្ស និង​រក​ផល​ប្រយោជន៍​ដល់​ជន​រង​គ្រោះ គ្មាន​ការ​គាប​សង្កត់ និង​បង្ខិត​បង្ខំ​ឲ្យ​ទទួល​យក​ដំណោះ​ស្រាយ​ដោយ​អយុត្តិធម៌៕(postkhmer)
ពីខ្ញុំ អ៊ិន គង់ជិត​ អ្នក​សម្រប​សម្រួល​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង

Comments system

Disqus Shortname