ថ្ងៃបុណ្យអុំទូក ស្ងប់ស្ងាត់ នៅមុខវាំង ឯការលក់ទំនិញបញ្ចុះតម្លៃ មានតិចតួច |
យ៉ាងណាក៏ដោយ ទិដ្ឋភាពនៅជួរមាត់ទន្លេ នាព្រឹកព្រលឹម ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១២ មានសភាពស្ងប់ស្ងាត់ដូចថ្ងៃធម្មតា។ ផ្លូវជុំវិញព្រះបរមរាជវាំង នៅតែបន្តដាក់របាំងបិទចរាចរណ៍ ដូចសព្វដង។
មានប្រជាពលរដ្ឋតិចតួចណាស់ ដែលនៅតែបន្តទៅកាន់ព្រះបរមរាជវាំង ដើម្បីអុជធូប ថ្វាយផ្កា គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។ តែនៅពេលល្ងាច និងព្រលប់ មានមនុស្សច្រើនបន្តិច ដែលចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ ដោយមានទាំងការនិមន្តព្រះសង្ឃ សូត្រធម៌ បង្សុកូល ឧទ្ទិសកុសល ថ្វាយព្រះករុណាផង។
ងាកទៅមើលជួរមាត់ទន្លេវិញ គឺមិនមានការរៀបចំស្តង់លក់ទំនិញអ្វីឡើយ។ ប៉ុន្តែនៅកោះពេជ្រ មានស្តង់ទំនិញមិនដល់ ១០ ស្តង់ផង បានបើកទ្វារនៅព្រឹកព្រលឹម ថ្ងៃទី២៧វិច្ឆិកានេះ។ ឆាកប្រគំតន្ត្រីមួយ ឬពីរកន្លែង ត្រូវបានគេរៀបចំឡើងនៅជាប់នឹងអគារកោះពេជ្រ ដែលជាកន្លែងជប់លៀង ពិសាភោជនាហារ។
ហាងទំនិញ និងកន្លែងធ្វើការរបស់ក្រុមហ៊ុនឯកជន ព្រមទាំងមន្ទីរ ស្ថាប័នរដ្ឋ និងសាលារៀន ត្រូវបានបិទទ្វារ ក្នុងរយៈពេល៣ថ្ងៃនេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ បើទោះបីជាព្រះរាជពិធីបុណ្យអុំទូកមិនត្រូវបានគេរៀបចំនៅមុខ ព្រះបរមរាជវាំងក៏ដោយ។
ស្តង់លក់ទំនិញបញ្ចុះតម្លៃ ក៏ត្រូវក្រុមហ៊ុនលក់ផលិតផលនានា ដូចជា ឧបករណ៍អគ្គិសនី ទូទឹកកក និងទូរទស្សន៍ ជាដើម បានដាក់លក់នៅមុខហាង តាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ តែមិនមានច្រើនទេ ក្នុងអំឡុងពិធីបុណ្យអុំទូកពេលនេះ។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាល បានសម្រេចមិនរៀបចំពិធីបុណ្យអុំទូកនៅឆ្នាំនេះទេ ដើម្បីជាការកាន់មរណទុក្ខថ្វាយដល់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែលបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម ៩០ ព្រះវស្សា។ ព្រះបរមសពរបស់ព្រះអង្គ នឹងត្រូវថ្វាយព្រះភ្លើងបូជា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវាលព្រះមេរុ ខាងជើងជាប់ព្រះបរមរាជវាំង។
កាលពីឆ្នាំមុន ឆ្នាំ២០១១ ព្រះរាជពិធីបុណ្យអុំទូក ក៏មិនត្រូវបានរៀបចំឡើយ ដោយសារតែគ្រោះទឹកជំនន់ ដែលបានបំផ្លិចបំផ្លាញផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និងសម្លាប់ជីវិតពលរដ្ឋកម្ពុជា ជាង ២៥០ នាក់។
យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ដ៏សោកនាដកម្ម បានកើតឡើងកាលពីយប់ថ្ងៃទី៣ នៃពិធីបុណ្យអុំទូក ថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១០ ក៏បានបន្សល់ទុកជាមេរៀនមួយផងដែរ។ ព្រឹត្តការណ៍នៅលើស្ពានកោះពេជ្រ នៅថ្ងៃបុណ្យអុំទូក ដែលមនុស្សផ្អើលរត់ជាន់គ្នា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥៣ នាក់ បានស្លាប់ និងរងរបួសជាង ៤០០ នាក់ផ្សេងទៀត។
ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលបានសម្រេចលុបចោលការរៀបចំពិធីបុណ្យអុំទូក ២ ឆ្នាំ ជាប់ៗគ្នា។ មូលហេតុ មកពីគ្រោះទឹកជំនន់ នៅឆ្នាំ២០១១ ហើយនៅឆ្នាំ២០១២នេះ ដោយសារតែការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ៕ S