បណ្តាញសង្គមហ្វេសប៊ុកកម្ពុជា
ចាប់ផ្តើមមានឥទ្វិពលលើការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ខាងមុខនេះ
ហើយវានឹងមានឥទ្ធិពលកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ការបោះឆ្នោតជាតិ
ឆ្នាំ២០១៨។ នៅឆ្នាំ២០១២នេះ
អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានគណនីយមានចំនួនជាង៧សែននាក់នៅ
ក្នុងប្រទេសកម្ពុជា។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង
នៅក្នុងរយៈពេលចុងក្រោយនេះ។
តួលេខពីប្រភពផ្សេងៗគ្នាបានបញ្ជាក់ថា
ប្រទេសកម្ពុជានៅឆ្នាំ២០១២នេះមានអ្នកប្រើប្រាស់គណនីយហ្វេសប៊ុក
ចំនួនជាង៧សែននាក់។ប្រសិនបើគេយកចំនួនអ្នកលេងហ្វេសប៊ុកបូកបញ្ចូលជាមួយអ្នកតាមដាន ព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនោះ អ្នកជំនាញមួយចំនួនប៉ាន់ស្មានថា វាអាចមានចំនួនជិត១លាននាក់។ ការកើនឡើងចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងចំនួនអ្នក ប្រមាញ់ព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែតកាន់តែច្រើនយ៉ាងដូច្នេះបង្ក អោយមានសំណួរជាច្រើនលើកឡើងថា តើការទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមគេហទំព័រព័ត៌មានអាចមានឥទ្ធិពលលើការសម្រេចចិត្តរបស់ អ្នកបោះឆ្នោតដែរឬទេ ?
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកគាំទ្របណ្តាញសង្គមម្នាក់យ៉ាងសកម្មដែរនោះ បាននិយាយដោយត្រង់ៗថា ការចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក និងតាមគេហទំព័រព័ត៌មានពិតជាមានឥទ្ធិពលលើការសម្រេចចិត្តរបស់ អ្នកបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ហើយវានឹងមានឥទ្ធិពលកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ការបោះឆ្នោត តំណាងរាស្រ្តនៅឆ្នាំ២០១៨។ មូលហេតុគឺដោយសារ យុវជនមានចំនួនកាន់តែច្រើនឡើងៗនាំគ្នាប្រមាញ់ព័ត៌មានតាមបណ្តាញ សង្គមហ្វេសប៊ុក និងតាមគេហទំព័រព័ត៌មាន។
លោក អ៊ូ វីរៈ បានបញ្ជាក់ថា គណបក្សនយោបាយវៃឆ្លាតអាចទាញសំឡេងឆ្នោតបានពី៣ទៅ៤%ពីបណ្តាញ សង្គមហ្វេសប៊ុក និងអាចច្រើនជាងនេះពីបណ្តាញគេហទំព័រព័ត៌មានបន្ថែមទៀត។ លោក អ៊ូ វីរៈ បានបន្តទៀតថា គេហទំព័រព័ត៌មាន និងបណ្តាញហ្វេសប៊ុកបាននិងកំពុងតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ ព័ត៌មានបន្ទាប់ពីវិទ្យុនិងទូរទស្សន៍។
លោក អ៊ឹង ចំរើន អ្នកកាសែតដែលមានបទពិសោធន៍ខ្ពស់ម្នាក់នៅក្នុងប្រទេសកម្ពុជានិងជា អ្នកបង្កើត blog ម្នាក់យ៉ាងសកម្មដែរនោះ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ អ្នកនយោបាយខ្មែរកាន់តែច្រើនឡើងនាំគ្នាបង្កើតទំព័រគាំទ្រនៅ លើហ្វេសប៊ុកដើម្បីបញ្ចេញទស្សនៈនយោយរបស់ពួកគេដោយមិនសូវភ័យខ្លាច ដូចពីមុនទៀតឡើយ។ បើយោងតាមការកត់សម្គាល់ អ្នកនយោបាយកាន់តែច្រើនឡើងហ៊ានបង្ហាញសារនយោបាយនៅលើទំព័រហ្វេសប៊ុក របស់ខ្លួនមែន ប៉ុន្តែពួកគេនៅមិនទាន់សូវហ៊ានបង្ហាញមុខពិតប្រាកដនៅឡើយទេ។
លោក អ៊ឹង ចំរើន បានបន្តទៀតថា ចង់មិនចង់ នៅពេលដែលព័ត៌មានមានលំហូរកាន់តែច្រើននៅលើបណ្តាញសង្គមនោះ ពេលនោះ វាពិតជាមានឥទ្ធិពលតិចឬច្រើនទៅលើការសម្រេចចិត្តរបស់អ្នក បោះឆ្នោតជាក់ជាពុំខាន៕