ស្រវឹងស្រាជោកខ្លួន ខឹងប្រពន្ធ និងម្តាយក្មេក ស្តីបន្ទោសទាញខ្សែភ្លើងទំលាក់ចេញពីផ្ទះ ឆក់ស្លាប់មួយរំពេច |
ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីជនរងគ្រោះត្រឡប់មកពីផឹកស្រាជាមួយមិត្តភក្តិ កាលពីវេលាម៉ោង ១៧ និង ៣០ នាទី ព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រង់ចំណុចភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
បុរសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ូ ឃឹម អាយុ ២៧ឆ្នាំ មានទីលំនៅសិ្ថតក្នុងភូមិឃុំកើតហេតុខាងលើតែម្តង។
ក្រុមគ្រួសារជនរងគ្រោះបញ្ជាក់ថា មុនពេលមានរឿងនេះ បុរសរងគ្រោះ ព្រមជាមួយនឹងមិត្តភកិ្ត ៤ ទៅ ៥ នាក់ បាននាំគ្នាផឹកស្រាយ៉ាងសប្បាយ។ លុះស្រវឹង ក៏បែកគ្នា ត្រឡប់ចូលផ្ទះរៀងៗខ្លួន ប៉ុន្តែបុរសរងគ្រោះ ពេលដឹងខ្លួនឯងស្រវឹងជោកទៅហើយ មិនព្រមរកកន្លែងសំរាកនោះទេ បែរជាមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចដៀមដាមដល់ម្តាយក្មេកទៀត ដោយសារអត់ទ្រាំមិនបាន ម្តាយក្មេកក៏មានការតបតពាក្យសំដីគ្នា យ៉ាងតឹងសរសៃក។
ប្រភពបានឲ្យដឹងទៀតថា ផ្ទះបុរសរងគ្រោះ ជាកូនប្រសារ នៅជាប់នឹងផ្ទះម្តាយក្មេក ដោយបុរសនេះ ប្រើប្រាស់បណ្តាញភ្លើង តភ្ជាប់មកពីផ្ទះម្តាយក្មេក លុះពេលខឹងបងប្អូនលើកឡើងពីបញ្ហានេះ ក៏មានចិត្តខឹងក្រេវក្រោធ រួចបុរសរងគ្រោះ ក៏ផ្តាច់ភ្លើង ពីក្នុងផ្ទះរបស់ខ្លួន ហើយចាប់កាន់កន្ទុយខ្សែ ដែលគេមិនទាន់បានបិទបារ៉ែតភ្លើង ទើបបណ្តាលឲ្យឆក់ស្លាប់ភ្លាមមួយរំពេចតែម្តង។
តាមការអះអាង ពីសមត្ថកិច្ចមូលដ្ឋាន ក៏បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើ ពិតជាផ្តើមឡើង ព្រោះតែបុរសនេះ ផឹកស្រាស្រវឹងពេញបន្ទុក រួចរករឿងឈ្លោះប្រកែក ចង់វាយតប់ប្រពន្ធកូន ទើបរាលដាល រហូតដល់មានទំនាស់ជាមួយម្តាយក្មេក ហើយក៏មានការតបតតៀលត្មិះ បណ្តាលឲ្យកូនប្រសារចិត្តខ្លាំងខឹងសម្បា ទើបស្ទុះទៅទាញខ្សែភ្លើង បំណងផ្តាច់ចោល ដោយមិនបានបិទបារ៉ែត ទើបធ្វើឲ្យឆក់ស្លាប់គ្មានអ្នកណាជួយទាន់បែបនេះ។
សពបុរសរងគ្រោះ ក្រោយពីប៉ូលិសជំនាញ ធ្វើកោសល្យពិច័យរួចរាល់ ទើបប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕(CEN)