សហគមន៍ ជាច្រើននៅសហរដ្ឋ អាមេរិក បានទទួលយកបុរស និងស្រី្តភេទទី ៣។ អង្គការ Long Beach Lesbian & Gay Pride Festival & Parade បានក្លាយជាអង្គការធំបំផុតទី ៣ នៅសហរដ្ឋអាមេរិក ដែលឥឡូវនេះ ទាក់ទាញអ្នកចូលរួមជាង ៧៥០០០ នាក់ ក្នុងពិធីមួយ រយៈពេលពីរថ្ងៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា។
កាលពីសប្តាហ៍មុន ការបោះឆ្នោតប្រធានាធិបតី គឺជាលើកទី ១ ដែលអ្នកបោះឆ្នោត បានអនុម័តវិធានការដែលផ្តល់ភាពស្របច្បាប់ ដល់អាពាហ៍ពិពាហ៍មនុស្សភេទទី ៣ ក្នុងរដ្ឋចំនួន ៩។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃមតិសាធារណៈ កំពុងគាំទ្របុព្វហេតុរបស់មនុស្សភេទទី ៣ ខណៈដែលមនុស្សកាន់តែច្រើនឡើងទម្លាប់ទៅនឹងអាពាហ៍ពិពាហ៍ រវាងមនុស្សភេទទី ៣ ប៉ុន្តែ នេះនៅតែជាបញ្ហានៃវិវាទ ព្រោះចំពោះព្រះវិហារសាសនាគ្រិស្ត និងសាសនាគ្រិស្តនិកាយកាតូលិក បានបេ្តជ្ញាការពារអាពាហ៍ពិពាហ៍ពីធម្មជាតិ។ បុរសភេទទី ៣ ឬស្រ្តីភេទទី ៣ ជាបុគ្គលដែលចូលចិត្តភេទដូចគ្នា។
ការ រើសអើងភាគច្រើន ចំពោះមនុស្សភេទទី ៣ គឺផ្អែកលើរឿងមិនពិត ដែលប្រជាជនជឿជាក់។ ឧទាហរណ៍ ជំងឺអេដស៍ជាជំងឺមនុស្សភេទទី ៣។ ជំងឺអេដស៍បង្កដោយវីរុស ហើយវីរុសឆ្លងមនុស្សគ្រប់រូប ដោយមិនគិតពីភេទរបស់ពួកគេឡើយ។ ឧទាហរណ៍មួយទៀត គឺមនុស្សភេទទី ៣ មានបញ្ហាផ្លូវចិត្ត។ ក្នុងឆ្នាំ ១៩៧៣ សមាគមចិត្តសាស្រ្តអាមេរិក បានឲ្យដឹងថា ភេទទី៣ មិនមែនជាជំងឺផ្លូវចិត្តទេ ហើយក្នុងឆ្នាំ ១៩៩០ អង្គការសុខភាពពិភពលោក បានប្រកាសដកភេទទី ៣ ចេញពីប្រភេទជំងឺផ្លូវចិត្ត។ ច្បាប់កម្ពុជាចែងថា មនុស្សភេទទី ៣ មានសិទិ្ធទាំងអស់ដូចបុគ្គលដទៃទៀតផងដែរ។ ប៉ុន្តែអាពាហ៍ពិពាហ៍រវាងមនុស្សភេទទី ៣ ត្រូវបានហាមឃាត់។ ច្បាប់សិទិ្ធមនុស្សអត់ឱនដល់អាកប្បកិរិយារបស់បុរសភេទទី ៣ ប្រសិនបើវាមិនប៉ះពាល់ដល់រចនាសម្ព័ន្ធគ្រួសារជាប្រពៃណីនោះទេ។ មានសម្ពាធក្នុងសង្គមកម្ពុជា ត្រូវរៀបការ និងមានកូន ដែលបន្ថែមពីលើការលំបាកដែលបុរសភេទទី៣ ត្រូវ ប្រឈមក្នុងការព្យាយាមលាក់បាំងភេទរបស់ខ្លួន។
ក្នុងរាជធានី ភ្នំពេញ សហគមន៍មនុស្សភេទទី ៣ (LGBT) កាន់តែបើកចំហថែមទៀត។ ចាប់តាំងពីឆ្នាំ ២០០៣ មក ការដើរក្បួនមោទនភាព LGBT ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលអបអរមោទនភាពរបស់មនុស្សភេទទី ៣។ បារ៍មនុស្សភេទទី ៣ ដូចជា Blue Chilli និង Rainbow បានទាក់ទាញសហគម៍មនុស្សភេទទី ៣ ឲ្យចូលរួមក្នុងសង្គម និងជាសាធារណៈ។ មួយទៀត គឺតាមប្រព័ន្ធអ៊ិនធឺណិត ដូចជា Facebook ជាកន្លែងដែលការទំនាក់ទំនងដំបូងបានចាប់ផ្តើម។ ប៉ុន្តែ មនុស្សភេទទី ៣ នៅតំបន់ជនបទ ជាញឹកញាប់ ទទួលរងការរើសអើង ការគំរាមកំហែង ហើយសិទិ្ធរបស់ពួកគេត្រូវបានរំលោភ។ គម្រោងអត្តសញ្ញាណយេនឌ័រ និងភេទនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា មានគោលបំណងផ្តល់អំណាចដល់ប្រជាជនកម្ពុជាភេទទី ៣ តាមរយៈការផ្តល់ព័ត៌មាន និងការសម្របសម្រួល ដើម្បីអនុញ្ញាតឲ្យក្រុម និងបុគ្គលបង្កើតបណ្តាញប្រកបដោយប្រសិទ្ធភាព ផ្តល់ការបណ្តុះបណ្តាល ដើម្បីកត់ត្រា ករណីរំលោភបំពានដែលកើតឡើង និងគាំទ្រការតស៊ូមតិ ដើម្បីឲ្យមានការទទួលស្គាល់ថា មនុស្សភេទទី ៣ មានសិទិ្ធដូចអ្នកដទៃទៀតដែរ។ ខ្ញុំបានហូបអាហារថ្ងៃត្រង់ ជាមួយនឹងបុរសវ័យក្មេងម្នាក់ ដែលប្រាប់រឿងរ៉ាវរបស់ខ្លួន អំពីការក្លាយជាបុរសភេទទី ៣។ គ្រួសាររបស់គាត់ បានកាត់កាលគាត់ចោល ហើយគាត់បង្ខំចិត្តត្រូវរស់នៅតាមផ្លូវដោយខ្លួនឯង។
ចាក ឆ្ងាយពីមនុស្សដែលគាត់ស្រឡាញ់ជារឿងគួរឲ្យភ័យខ្លាច ជាងការពិតដែលគាត់ជាមនុស្សភេទទី ៣ ទៅទៀត។ ប៉ុន្តែគាត់ទ្រាំទ្របាន ហើយឥឡូវនេះ គាត់កំពុងអប់រំអ្នកដទៃទៀត តាមរយៈបទពិសោធរបស់ខ្លួន ហើយជឿជាក់ថា វិធីល្អប្រសើរបំផុតក្នុងការលុបបំបាត់ការភ័យខ្លាចមនុស្សភេទទី ៣ គឺការលុបបំបាត់ភាពល្ងង់ខ្លៅអំពីភេទ។ អ្នកគួរសម្លឹងទៅរកភាពល្អក្នុងរូបអ្នករាល់គ្នា ដែលអ្នកបានជួប ហើយគោរពផ្លូវដើររបស់ពួកគេ ក៏ដូចជាភេទរបស់ពួកគេផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា តាមរយៈ www.cchrcambodia.org៕ TK