ទិដ្ឋភាពនៅឆ្នេរសមុទ្រដ៏សក្បុសព័ទ្ធទៅដោយផ្ទៃទឹកសមុទ្រដ៏ថ្លាឆ្វេងនៃកោះរុង ជាទីសែនមនោរម្យសម្រាប់ភ្ញៀវទេសចរ។ |
ភ្នំពេញ : តំបន់ភាគខាងត្បូងនៃសមុទ្រកម្ពុជានោះ ត្រូវបានប្រោសប្រទាននូវអំណោយពីធម្មជាតិដ៏សម្បូរបែប គឺបណ្ដាកោះត្រូពិកដែលបីដូចជារតនសម្បត្តិសម្រាប់វិស័យទេសចរណ៍។ កោះដែលគ្របដណ្ដប់ដោយរុក្ខជាតិបៃតងហ៊ុមព័ទ្ធដោយវាលខ្សាច់សក្បុស និងផ្ទៃសាគរខៀវស្រងាត់ទាំងនោះត្រូវបានរក្សានូវសម្រស់ដើម ពីធម្មជាតិ ។
តំបន់កោះត្រូពិកទាំងនោះ មានកោះប្រមាណជាង៦០បានបណ្តែតខ្លួននៅលើផ្ទៃឈូងសមុទ្រថៃ។ កោះទាំងនោះមានទីតាំងនៅក្នុងខេត្តមួយចំនួនរបស់ខ្មែរ ដូចជា ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកោះកុង។ វិសាលភាពដ៏ធំទូលាយបានផ្តល់នូវទេសភាពស្រស់ត្រកាលមិនអាចកាត់ ថ្លៃបាន សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរដែលនិយមការសម្រាកលម្ហែកាយយ៉ាង ស្ងប់ស្ងាត់។
ដំណើរកម្សាន្តមួយថ្ងៃនៅកោះឫស្សី
ភ្ញៀវទេសចរ គ្រាន់តែចំណាយប្រាក់ត្រឹមតែ១០ ដុល្លារប៉ុណ្ណោះសម្រាប់ការជិះទូកលេងកម្សាន្តនាពេលព្រឹកម៉ោង៩:៣០ ឆ្ពោះទៅកាន់កោះឫស្សីនេះ ខណៈវាស្ថិតតាមបណ្តោយឆ្នេរខ្សាច់ពណ៌មាសនៅខេត្តព្រះសីហនុ។ ទីនេះគឺជាឆ្នេរខ្សាច់ដ៏ល្អប្រណីតគ្មានពីរ សម្រាប់ក្រុមភ្ញៀវទេសចរដោយមិនចាំបាច់ចំណាយប្រាក់ច្រើននោះ ឡើយ។
គេឃើញមានផ្លូវលំមួយស្ថិតនៅចំកណ្តាលនៃទឹកដីកោះឫស្សី នេះតែម្តងដែលវាបានផ្តល់នូវភាពងាយស្រួលសម្រាប់ការគយគន់នូវ ទេសភាពទាំងសងខាងបាន ពេលធ្វើដំណើរ។ ប្រសិនបើភ្ញៀវទេសចរមិនចង់លម្ហែកាយ ដោយការដេកហាលថ្ងៃលើឆ្នេរខ្សាច់នោះទេ ទីនេះក៏មានសំណង់ផ្ទះបឹងហ្គាឡូមួយចំនួនសម្រាប់សម្រាកលេងផងដែរ ប៉ុន្តែវាទាមទារការកក់កន្លែងទុកជាមុន។
ផ្ទះបឹងហ្គាឡូនោះ គឺជាទីដ៏ស័ក្ដិសមដើម្បីទស្សនាទេសភាពថ្ងៃរៀបអស្ដង្គតយ៉ាងលន្លង់ លន្លោចផងដែរ។ សម្រាប់ការស្នាក់នៅក្នុងផ្ទះបឹងហ្គាឡូប្រក់ស្លឹកមួយយប់មានតម្លៃ ១៥ដុល្លារ។
ជ្រមុជទឹកក្រោមសមុទ្រនៅកោះតាង
ទឹកដីកោះតាង នេះក៏ធ្លាប់ត្រូវបានគេស្គាល់ថា បង្កើតនូវឧបទ្ទវហេតុមួយនៃសម័យសង្គ្រាមវៀតណាម និងអាមេរិកដែរ។ វាមាននាវាចម្បាំងអាមេរិកឈ្មោះ ម៉ាយ៉ាហ្គូអេ បានបើកឆ្លងកាត់ នាសម័យខ្មែរក្រហមឆ្នាំ១៩៧៥។ កោះនេះមានលក្ខណៈជាទីកម្សាន្តហែលទឹក និងមុជទឹកតាមស្តង់ដារពិភពលោកតែម្តង។
ដើម្បីទៅដល់ទីនោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកចេញពីដីគោកប្រហែលជា៥ម៉ោងឯណោះ។
កោះ តាងជាទីដ៏មនោរម្យសម្រាប់ហែលទឹកលេងកម្សាន្ត ឬជ្រមុជទឹកមើលផ្កាថ្ម ពពួកសត្វ ឬរុក្ខជាតិនៃអាណាចក្រក្រោមបាតសមុទ្រដ៏អស្ចារ្យ។
អ្វីដែល ភ្ញៀវតែងប្រទះឃើញ និងចាប់អារម្មណ៍នោះគឺជីវិតសត្វសមុទ្រដូចជាមឹក និងសត្វសេះសមុទ្រ ដែលស្ថិតនៅបរិវេណក្បែរកោះព្រីង ជាទីមានកន្លែងពីរសម្រាប់លោត និងជ្រមុជទឹកលេងកម្សាន្ត។ ប្រសិនបើភ្ញៀវមិនចង់លេងនៅទីនេះទេ ពួកគេក៏អាចបង្ហួសទៅកោះមួយទៀតគឺកោះរុងសន្លឹម ដែលមានទីតាំងក្បែរខេត្តព្រះសីហនុ។
ភ្ញៀវទេសចរអាចមុជទឹក កម្សាន្តជាមួយនឹងការទស្សនាត្រីសមុទ្រ និងសត្វសមុទ្រដទៃទៀតប្រកបដោយសុវត្ថិភាពទាំងពេលរាត្រីផងដែរ។
ភូមិនេសាទប្រពៃណីលើកោះស្តេច
កោះ ស្តេចគឺជាកោះមួយសម្បូរទៅដោយក្រុមមច្ឆាសមុទ្រច្រើនប្រភេទ ស្ថិតនៅក្នុងទឹកដីសមុទ្រខេត្តកោះកុងដែលស្ថិតនៅតាមព្រំដែន កម្ពុជា-ថៃ។
នៅលើកោះនេះ មានផ្ទះប្រជាជនសង់អំពីឈើច្រងេងច្រងាង ខ្វាត់ខ្វែង ខណៈដែលប្រជានេសាទក៏មមាញឹកនឹងការងារនេសាទចិញ្ចឹមជីវិតនោះ។
ភ្ញៀវ ទេសចរអាចមើលឃើញនូវទិដ្ឋភាពនៃជីវិតរស់នៅរបស់ក្រុមអ្នក នេសាទនៅលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយតែម្តង។ ក្រៅពីហែលទឹកកម្សាន្តតាមបណ្តោយឆ្នេរខ្សាច់ ភ្ញៀវទេសចរក៏អាចរីករាយនឹងការដើរចាប់សត្វក្តាមខ្យងនៅទីមានទឹក រាក់ៗផងដែរ។
ផ្ទះបឹងហ្គាឡូនៅកោះទន្សាយ
ដោយធ្វើដំណើរតាមទូកត្រឹម ២០ នាទីប៉ុណ្ណោះពីក្រុងកែបយើងនឹងទៅដល់កោះទន្សាយហើយ។
ទី នេះមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសកម្ពុជានាឆ្នាំ១៩២០។ ខណៈបច្ចុប្បន្ននេះមានក្រុមគ្រួសារខ្មែរមិនច្រើនទេដែលបានមករស់ នៅទីនេះ ដើម្បីសង់ភូមិឋាន និងប្រកបរបរបើកអាហារដ្ឋានសម្រាប់ក្រុមភ្ញៀវទេសចរ។
តំបន់ឆ្នេរខ្សាច់មានទឹករាក់ៗអាចមុជហែលលេង ឬចងអង្រឹងសម្រាកផឹកស្រាបៀរលម្ហែកាយយ៉ាងរំភើយក៏បាន។
បើ ទោះ ជាភ្ញៀវចង់បន្តការស្នាក់នៅដល់ពេលយប់ក្ដី ក៏ពួកគេត្រូវទ្រាំនឹងជីវភាពបែបជនបទ ដោយសារតែចរន្តអគ្គិសនីមានត្រឹមតែពីម៉ោង ៦ ល្ងាចដល់ ៩ យប់ប៉ុណ្ណោះ។ ស្ថិតនៅក្នុងភាពងងឹតនៃស្បៃរាត្រី ភ្ញៀវអាចឆ្លៀតគេងគយគន់ហ្វូងតារាលើមេឃាយ៉ាងភ្លឺច្បាស់។
សម្រាប់ ការស្នាក់នៅវិញគឺ១០ដុល្លារសម្រាប់បន្ទប់ស្នាក់នៅវិញគឺ១០ ដុល្លារគ្មានបន្ទប់ទឹក និង១៥ដុល្លារសម្រាប់បន្ទប់ស្នាក់មានបន្ទប់ទឹកខាងក្នុង។
ឆ្នេរខ្សាច់ដ៏ល្វឹងល្វើយលើកោះរុង
ប្រសិន បើជាភ្ញៀវចង់មានអារម្មណ៍អណ្តែតអណ្តូងហាក់ដូចជាចង់នៅលើ វាលដ៏ធំល្វឹងល្វើយតែម្នាក់ឯងនោះ កោះរុងអាចជួយបម្រើនូវសេចក្តីត្រូវការនេះបាន។ ធ្វើដំណើរប្រហែលជាពីរម៉ោងកន្លះដោយទូកពីក្រុងព្រះសីហនុ ភ្ញៀវទេសចរនឹងទៅដល់កោះដ៏មានសម្រស់ជាទីទាក់ទាញមិនខាន។ កោះរុងសម្បូរទៅដោយព្រៃរបោះក្រាស់ៗព័ទ្ធជុំវិញ ដែលភ្ញៀវទេសចរកម្របានជួបនូវទិដ្ឋភាពបែបនេះណាស់។ វាស្ថិតនៅភាគខាងនិរតីដោយគេក៏បានស្គាល់វាថាជាកោះឆ្នេរ ខ្សាច់សផងដែរ។
ទីនេះមិនមានសេវាបម្រើម្ហូបអាហារដូចជាកោះ ដទៃ នៅឡើយទេ ខណៈក្រុមភ្ញៀវត្រូវមានការត្រៀមចំណីចំណុកដោយខ្លួនឯង ឬក៏អាចទាក់ទងអ្នកនេសាទតាមភូមិដើម្បីទិញគ្រឿងសមុទ្រស្រស់ៗមកទទួល ទានក៏បាន៕ PR(POSTKHMER)