Friday, November 30, 2012

ពី​អ្នក​បក​ក្ដាម​ទៅ​ជា​តារា ស៊ិន រតនា​ប្រកាស​រួមរស់​នឹង​សង្សារ​មុន​រៀបការ

121127_20a
តារា​បង្ហាញម៉ូដ ស៊ិន រតនា ពេលបង្ហាញម៉ូដនៅ​ណាហ្គាវើល។ រូបថត ឈឹម ស្រីនាង
ភ្នំពេញៈ បន្ទាប់​ពី​សាង​ភាព​ភ្ញាក់់​ផ្អើល ជុំវិញ​ការ​ចំណាយ​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​លើ​មុខ​ជំនួញ​លើក​ដំបូង ក្រោយ​ពី​ឱកាស​ប្រឡូក​ក្នុង​សង្វៀន​សិល្បៈ​តែ​មួយ​ប៉ប្រិច​ភ្នែក​នោះ ពេល​នេះ​តារា​សម្តែង​រូប​ស្រស់​ថ្ពាល់​ខួច​ ដែល​តោង​តំណែង​តួឯក​ភាពយន្ត បរទេស​ពីរ​រឿង​ជាប់​គ្នា កញ្ញា ស៊ិន រតនា បាន​សារ​ភាព​ថា ​មាន​មនុស្ស​ពិសេស​ក្នុង​ចិត្ត​ហើយ ​និង​កំពុង​រៀប​គម្រោង​មក​រួម​រស់​ជុំ​គ្នា​មុន​នឹង​ឈាន​ទៅ​រៀប​ចំផែន​ការ​ ដឹក ​ដៃ​គ្នា​ចូលរោង​ការ​ តាម​ប្រពៃណី។
មិន​ទាន់​បាន​២​ឆ្នាំ​ពេញ​លេញ ​ទេ ដែល​អតីត​អ្នក​ស៊ី​ឈ្នួល​ផាត់​មុខ​ ក្នុង​ហាង​កែ​សម្ផស្ស​សាមញ្ញ​ កញ្ញា ស៊ិន រតនា វិវឌ្ឍ​ខ្លួន​ឡើង​កាន់តំ​ណែង​ជាតារា​ភាព​យន្ត​ និង​តារា​ម៉ូដែល​ ក្រោយ​ឱកាស​ហុច​ឲ្យ​ដោយ​ចៃដន្យ​ក្នុង​កម្មវិធី​ដើរ​ម៉ូដ​មួយ​កាល​ពី ចុង​ឆ្នាំ​២០១០ ខណៈ​គេ​ត្រូវ​ការ​តារា​ម៉ូដែល​មក​បំពេញ​ភាព​ខ្វះ​ចម្លោះ​ តារា​ដែល​អវត្ត​មាន​នោះ។
ជីវិត​លើ​វិថី​សិល្បៈ​របស់​អតីត​អ្នក​ផាត់​ មុខ​ រូបនេះ​ ដ្បិត​ថា​មិន​ទាន់​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍ ឬ​រោង​ភាព​យន្ត​ក្នុង​ស្រុក​ក្ដី ប៉ុន្តែ​នាង​បែរ​ទទួល​បាន​ឱកាស​លោត​រំលង រនាំង​សិល្បៈ​ដ៏​សែន​ខ្ពស់​ឡើង​ទៅ​ដល់​ជា​តារា​ភាពយន្ត​អន្តរជាតិ​ទៅ​វិញ ដែល​តារា​ក្នុង​ស្រុក​មួយ​ចំនួន​ប៉ង​ប្រាថ្នា តែ​តោង​មិន​បាន។
ស្រី ស្រស់​មាន​កំណើត​មក​ពី​ខេត្ត​ព្រះសីហនុ និង​ជា​អ្នក​ស៊ី​ឈ្នួល​បក​ក្តាម​ រូប​នេះ​បាន​សារភាព​ថា៖ «ពិត​ណាស់ ​ការ​បញ្ចេញ​កាយវិការ​សម្តែង​ខ្សែ​ភាព​យន្ត​ក្នុង​ស្រុក ខ្ញុំ​នៅ​មិន​ទាន់​បាន​សម្តែង​មួយ​រឿង​ទេ បើ​សូម្បី​​តែ​ថត​ស្ប៉ត​ក៏​មិន​មាន​ដែរ​ ក្រៅ​ពី​ដើរ​ម៉ូដ​នោះ ជិត​ពីរ​ឆ្នាំ​មក​នេះ។​ តែ​បើ​និយាយ​ពី​ការ​សម្តែង​ភាព​យន្ត​បរទេស និង​សម្តែង​ជា​មួយ​តួប្រុស​ជន​ជាតិ​គេ​នោះ​ប្រហែល​ជា​មិន​ចាញ់​តារាៗ​ សម្តែង​រៀម​ច្បង​មួយ​ចំនួន​នោះ​ទេ​»។
ស៊ិន រតនា បាន​ឲ្យ​ដឹង​ទៀត​ថា៖​ «មក​ដល់​ពេល​នេះ​ ខ្ញុំ​សម្តែង​ភាពយន្ត ដែល​ផលិត​ដោយ​ផលិតករ​បរទេស​បាន​ចំនួន​ពីរ​រឿង​ហើយ​ រឿង​ទី១ ​«ព្រះអាទិត្យ​រះ​ក្នុង​ក្រុង​សេអ៊ូល» ដែល​សម្តែង​ជា​មួយ​តួប្រុស​ជនជាតិ​កូរ៉េ​ ហើយ​ការ​ផលិត​និង​ដឹក​នាំ​រឿង​ដោយ​ជន​ជាតិ​កូរ៉េ។ ចំណែក​រឿង​ទី២​ ដែល​ពេល​នេះ​កំពុង​ថត​បាន​៥០​ភាគ​រយ គឺ​​រឿង «ប៉ូលិស​ស្រី​ឆ្នើម» សម្តែង​ជា​មួយ​តួ​ជប៉ុន​ ដែល​ផលិត​និង​ដឹក​នាំ​ដោយ​ជន​ជាតិ​ជប៉ុន​ផង​ដែរ​»។
យោង ​តាម​សម្ដី​ តារា​រូប​នេះ រឿង​ «ព្រះ​អាទិត្យ​រះ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល» ​គឺជា​ខ្សែ​រឿង​មួយ​ដ៏​កម្សត់​ និយាយ​ពី​ខ្សែជី​វិត​នារី​ម្នាក់​ផ្សង​ព្រេង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ​និង​ត្រូវ​បុរស​ជន​ជាតិ​កូរ៉េ​ធ្វើ​បាប។​ ឯ​រឿ​ង «ប៉ូលិស​ស្រីឆ្នើ​ម» ​ធ្វើការ​ស៊ើប​អង្កេត​វាយ​តប់​ជាមួយ​ក្រុម​មនុស្ស​ក្នុង​សង្គម​ងងឹត ដែល​នាង​ដើរ​តួជា​ប៉ូលិស​តាម​ការពារ​រក​យុត្តិធម៌។
ទន្ទឹម​នឹង​ភាព​ លេច ​ធ្លោ ជាមួយ​ទីផ្សារ​សិល្បៈ​សម្តែង​ភាពយន្ត​ក្រៅ​ស្រុក​នេះ​ អតីត​អ្នក​បក​ក្តាម​នៅ​ទឹក​ដី​ទេសចរណ៍ នៅ​ក្រុង​ព្រះសីហនុ រូប​នេះ ​ស្រាប់​តែ​បញ្ចេញ​នូវ​ទុន​ខ្ទង់​ម៉ឺន​ដុល្លារ​ ឡើង​ធ្វើ​ជា​ថៅ​កែ​ហាង​កែស​ម្ផស្ស​ និង​ជា​អ្នក​បោះ​ដុំ​ផលិត​ផល​សម្អាង​ម៉ាក​ ENESTI ពី​ប្រទេស​កូរ៉េ នៅ​ស្រុក​ខ្មែរ​ ធ្វើ​ឲ្យ​នាង​ត្រូវ​ស្ថិត​ក្នុង​ចំណុច​សង្ស័យ​ថា ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​បុរស​ណា​ម្នាក់ ខណៈ​ដែល​កន្លង​មក ​ក៏​ធ្លាប់​ល្បី​ថា មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​បុរស​អាថ៌​កំបាំង​ដែល​ជូន​កាដូ​រថយន្ត​ឲ្យ​ នាង​ផង​ដែរ​នោះ​ ។
ឆ្លើយ តប​នឹង​ការ​សង្ស័យ​នេះ ​តារា​សម្តែង​ឆ្វាក់​តែ​តួប្រុស​បរទេស ​នាង ស៊ិន រតនា​ បាន​ប្រាប់​ថា៖ ​«ខ្ញុំ​មិន​មាន​បុរស​អាថ៌​កំបាំង​ណា ឧបត្ថម្ភ​ខ្ញុំ​ទេ។ អ្វី​ៗ​ដែល​អ្នក​បក​ក្តាម​ខ្ញុំ​នេះ​មាន​សព្វ​ថ្ងៃ​គឺជា​ការ​ទំនុក​បម្រុង​ ដោយ​ខ្លួន​ឯង​ ទាំង​លំបាក​លំបិន តាំង​ពី​ធ្វើជា​អ្នក​ស៊ី​ឈ្នួល​កែ​សម្ផស្ស ​រហូត​ក្លាយ​ជា​តារា​ភាពយន្ត»​។
ប៉ុន្តែ ​ស្រី​ស្រស់​ថ្ពាល់​ខួច​រូប​នេះ​បាន​ប្រកាស​ថា៖ ​«ពេល​នេះ​ខ្ញុំ​មិន​នៅ​ទំនេរ​ទេ ​ខ្ញុំ​មាន​ម្ចាស់​បេះដូ​ង​ហើយ​ ហើយ​ពួក​ខ្ញុំ​ក៏​យក​ចិត្ត​ថ្លើម​គ្នា ​ខ្វះតែ​ថ្ងៃ​រួមរស់​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​»។
កញ្ញា ស៊ិន រតនា បាន​ប្រាប់​ថា៖ «ម្ចាស់​ចិត្ត​ខ្ញុំ​ពេល​នេះ ​គាត់​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ហើយ​ពួក​យើង​បាន​ស្គាល់​ និង​បង្កើត​ចំណង​ស្នេហា​ជា​មួយ​គ្នា​អស់​៥ឆ្នាំ​ហើយ​ តាំង​ពី​មុន​ខ្ញុំ​ចូល​សិល្បៈ​ម្ល៉េះ។ ពួក​យើង​ស្គាល់​គ្នា​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្ញុំ គ្រា​ដែល​គាត់​មក​លេង​ស្រុក​ខ្មែ​រកាល​ពី៥​ឆ្នាំ​មុន»។
នាង​បាន​ ប្រាប់​ ទៀត​ថា៖ «ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​រស់​នៅ​បារាំង​នោះ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។ គាត់​ឈ្មោះ ​ហ៊ិន​ សុវុទ្ធី​ ឆ្នាំ​នេះ​មាន​អាយុ​៣៤​ឆ្នាំ​»។
ជាមួយ​ការ​ស្ម័គ្រ​លាត​ត្រដាង​រឿង​ អាថ៌កំបាំង​ ដែល​នាង​ព្យាយាម​លាក់​បាំង​រាប់​ឆ្នាំ​មក​នេះ​ តារា​សម្តែង​កុន​បរទេស​រូប​នេះ​បាន​និយាយ​ថា៖ «ល្មម​ដល់​ពេល​ ដែល​ខ្ញុំ​ត្រូវ​បញ្ចេញ​ហើយ ​មិន​ចាំបាច់​លាក់​លៀម​អី​ទៀត​ទេ ​ហើយ​ម្យ៉ាង​ខ្ញុំ​គិត​ថា ​ការ​បញ្ចេញ​ការ​ពិត​មួយ​នេះ ​ជា​ឱសថ​បន្សាប​ព័ត៌មាន​ថា​ខ្ញុំ​នេះ មាន​អ្នក​ឧបត្ថម្ភ​កំបាំង​មុខ​ ដែល​ជា​មន្ត្រី​មាន​លុយ និង​មាន​អំណាច​នៅ​ក្នុង​ស្រុក​»។​
នាង​បាន បញ្ជាក់​ដោយ​ភាព​ក្លាហាន​ថា៖ ​«ម្ចាស់​បេះដូង​ខ្ញុំ​គាត់​នឹង​​វិល​មក​នៅ​ រក​ស៊ី​នៅ​ស្រុក​ខ្មែរ​វិញ ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ហើយ​ដំណើរ​វិល​មក​វិញ​នេះ​ក៏​ដើម្បី​ពួក​យើង​បាន​រួម​រស់​សាង​សុភមង្គល​ គ្រួសារ​ជា​មួយ​គ្នា​ដែរ​ មុន​នឹង​ពួក​យើង​គិត​គូរ​រក​ថ្ងៃ​ខែ​ឆ្នាំ​ល្អ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ បំពេញ​ប្រពៃណី​ខ្មែរ​នោះ»៕

Comments system

Disqus Shortname