Wednesday, November 28, 2012

ចាប់​ខ្លួន​ឧកញ៉ា​ តាន់ សេងហាក់ និង​បក្ខពួក​១៥​នាក់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន

121128_01
លោកឧកញ៉ា តាន់ សេង​ហាក់ និង​​បក្ខពួក​១៥នាក់​ផ្សេង​ទៀត ត្រូវ​បាន​​មន្ត្រី​ប្រឆាំ​ងគ្រឿង​ញៀន​ចាប់​ខ្លួន​នៅ​ភូមិគ្រឹះ​របស់ខ្លួន​ ក្នុង​​ខណ្ឌ​​សែន​សុខ​ កាលពី​ថ្ងៃ​ម្សិល​មិញ​​​។ រូបថត ផា លីណ 

ភ្នំពេញៈ មនុស្ស​១៦​នាក់ រាប់​ទាំង​ឧកញ៉ា​និង​ជន​ជាតិ​ចិន ៣នាក់​ផង ត្រូវ​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​អះអាង​ថា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ​ពី​បទ​ប្រើប្រាស់​និង ចែកចាយ​គ្រឿង​ញៀន នៅ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។
លោក សឿង នុល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង ​ កាល​ពី​ម្សិលមិញ​ថា លោក​ឧកញ៉ា តាន់ សេងហាក់ ប្រពន្ធ កូន​ស្រី និង​កូន​ប្រុស​បី​នាក់ និង​ជនជាតិ​ចិន​៣នាក់ ក្នុង​នោះ មាន​ស្រី​ម្នាក់ និង​មនុស្ស​៨នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​ពេល​នគរបាល​ចុះ​បង្ក្រាប​នៅ​ភូមិ​គ្រឹះ​របស់​ឧកញ៉ា តាន់ សេងហាក់ ស្ថិត​ក្នុង​ភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាល​ពី​ម៉ោង​ប្រហែល ១១​ព្រឹក ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​៤ នាក់ រាប់​បញ្ចូល​ទាំង​កូន​ប្រុស​ពីរ​នាក់​របស់​ឧកញ៉ា តាន់ សេងហាក់ និង​បុរស​ពីរ​នាក់(កម្មករ) ត្រូវ​នគរបាល​ដោះលែង​វិញ​នៅ​ពេល​ក្រោយ​មក​បន្ទាប់​ពី​ការ​សាកសួរ ព្រោះ​ពួក​គេ​មិន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ឡើយ។​
លោក​បាន​បន្ថែម​ថា៖ «​ពួក​គេ​ជា​ក្រុម​អ្នក​ប្រើ​ប្រាស់ និង​ចែកចាយ​គ្រឿង​ញៀន​។ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ពេល​នគរបាល​របស់​យើង​បាន​ចុះ​បង្ក្រាប​ភូមិ​គ្រឹះ​របស់​ឧកញ៉ា តាន់ សេង​ហាក់ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី។
លោក​បាន​បន្ត​ថា ៖ «បន្ទាប់​ពី​ការ​សាកសួរ ជន​បួន​នាក់​នៅ​ក្នុង​ចំណោម ១៦ នាក់ នោះ​ត្រូវ​បាន​នគរបាល​ដោះ​លែង​ ព្រោះ​ពួក​គេ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី​នេះ​ទេ»។
លោក​បញ្ជាក់ បន្ថែម​ថា ដើម្បី​បង្ក្រាប​នៅ​ភូមិ​គ្រឹះ​ឧកញ៉ា តាន់ សេងហាក់ ​នគរបាល​ត្រូវ​បាន​ដាក់​ពង្រាយ និង​ឡោមព័ទ្ធ​ភូមិ​គ្រឹះ​តាំង​ពី​ម៉ោង ៩ ព្រឹក ហើយ​ដើម្បី​បង្ការ​ពួក​គេ​កុំ​ឲ្យ​រត់​គេច​ នគរបាល​ក៏​បាន​ធ្វើ​ការ​បាញ់​កាំភ្លើង​ឡើង​ទៅ​លើ​គំរាម​ផង​ដែរ។
លោក​ បាន​បញ្ជាក់​ថា៖ «ពួក​គេ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​នគរបាល ខណៈ​កំពុង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ផ្ទះ​ឧកញ៉ា តាន់ សេងហាក់ ហើយ​ដើម្បី​ចាប់​ខ្លួន​ពួក​គេ នគរបាល​បាន​បាញ់​ ៣ គ្រាប់​ឡើង​ទៅ​លើ​មេឃ​ក្នុង​គោល​បំណង​ដើម្បី​បង្ការ​ពួក​គេ​កុំ​ឲ្យ​រត់​គេច ​ ខ្លួន»។
លោក​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចាប់​ខ្លួន នគរបាល​រឹប​អូស​យក​បាន​ថ្នាំ​កូកាអ៊ីន​មួយ​កញ្ចប់ ធំ ​ថ្នាំ​មេតំហ្វេតាមីន​មួយ​កញ្ចប់​តូច បំពង់​មួយ​កញ្ចប់​ធំ ហើយ​និង​សម្ភារ​គ្រឿង​ញៀន​ពាក់ព័ន្ធ​ដទៃ​ទៀត​ លិខិត​ឆ្លង​ដែន​ពីរ ទូរស័ព្ទ​ចល័ត ៩ គ្រឿង ម៉ាស៊ីន​ថត​ឌីជីថល​៤គ្រឿង ​ម៉ូតូ​៩គ្រឿង រថយន្ត​មួយ​គ្រឿង ប្រាក់ ២៥០០ ដុល្លារ​អាមេរិក និង​គ្រឿង​អលង្ការ​មួយ​ចំនួន​ផង។
លោក​បាន​បន្ថែ​ថា៖ «​ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​បឋម​ដោយ​នគរបាល ពី​បទ​ប្រើ​ប្រាស់ និង​ចែក​ចាយ​គ្រឿង​ញៀន»។
លោក ​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​នៅ​សេស​សល់​១២​នាក់ ឥឡូវ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សាកសួរ​បន្ថែម និង​ស្រាវ​ជ្រាវ ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចោទ​ប្រកាន់ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​
លោក ជា ម៉េត ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ដឹក​នាំ​កម្លាំង​ នគរបាល​ចុះ​បង្ក្រាប​ករណី​គ្រឿង​ញៀន​ខាង​លើ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។
លោក​ ឧត្តម​សេនីយ ខៀវ សាម៉ន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន នៅ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា កង​កម្លាំង​ប្រឆាំង​គ្រឿង​ញៀន​បាន​ចំណាយ​ពេល​អស់​ជាច្រើន​ខែ ក្នុង​ការ​តាម​ដាន និង​ស៊ើប​អង្កេត​សកម្មភាព​របស់​ឧកញ៉ា តាន់ សេងហាក់ ​មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប និង​ចាប់​ខ្លួន​ពួក​គេ​នៅ​ភូមិ​គ្រឹះ​នេះ​កាល​ពី​ម្សិលមិញ។
លោក​បាន​ និយាយ​ឲ្យ​ដឹង​ថា៖ « នេះ​ជា​ជោគជ័យ​មួយ​ទៀត ដែល​នគរបាល​យើង​បាន​ចុះ​បង្ក្រាប​ការ​ជួញ​ដូរ​ថ្នាំ​ញៀន ហើយ​បាន​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​នៅ​កម្ពុជា។ ដើម្បី​បង្ក្រាប​សកម្មភាព​គ្រឿងញៀន និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន នៅ​កម្ពុជា​ យើង​នឹង​បន្ត​ខិតខំ​ប្រឹង​ប្រែង​តទៅ​ទៀត»។
លោក​ឧកញ៉ា តាន់ សេងហាក់ និង​ក្រុម​គ្រួសារ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕ TK(POSTKHMER)

Comments system

Disqus Shortname