ភ្នំពេញៈ «បញ្ហាកង្វះអនាម័យនៅកម្ពុជា គឺជាកត្តាមួយដែលរួមចំណែក ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជួបប្រទះនូវភាពក្រីក្រ និងរាំងស្ទះទៅដល់ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ» នេះគឺជាសារមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើជូនជនរួមជាតិនៅក្នុង«ទិវាជាតិលើកកម្ពស់អនាម័យជនបទ» នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ម្សិលមិញនេះ។
នេះជាទិវា ជាតិលើកកម្ពស់អនាម័យជនបទលើកទី៣ ដែលប្រទេសកម្ពុជាបានរៀបចំប្រារព្ធទិវានេះឡើង ហើយប្រធានបទសម្រាប់ឆ្នាំនេះ បានផ្ដោតលើ«អនាម័យស្អាតដើម្បីជីវិតប្រពៃថ្លៃថ្លា»។
ក្នុង ឱកាសនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសតាមសារលិខិតមួយ ដោយបានអំពាវនាវឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋរួមទាំងព្រះសង្ឃផង ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការប្រតិបត្តិអនាម័យល្អ បីប្រការ គឺ «ការបរិភោគស្អាត ផឹកស្អាត និង រស់នៅស្អាត»។
ក្នុង សារលិខិតនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់លើបញ្ហាកង្វះអនាម័យថា ជាការបង្កឲ្យកើតមាននូវជំងឺតម្កាត់ផ្សេងៗ ដែលនាំទៅដល់ការខាតបង់ទាំងសុខភាពនិងថវិកា ហើយនិងអផលិតភាព។
តាមការសិក្សា លើប្រតិបត្តិអនាម័យល្អបានបង្ហាញឲ្យឃើញថា ការប្រើប្រាស់បង្គន់អនាម័យ អាចកាត់បន្ថយជំងឺរាករូស បាន ២៥ ភាគរយ ហើយការលាងសម្អាតដៃជាមួយសាប៊ូ អាចកាត់បន្ថយជំងឺរាកបាន ៤៨ ភាគរយ ចំណែកឯការបរិភោគទឹកស្អាតមានសុវត្ថិភាព អាចកាត់បន្ថយជំងឺរាកបានរហូតដល់ ២៧ ភាគរយ។
ពាក់ ព័ន្ធនឹងបញ្ហាអនាម័យនេះ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញផងដែរថា៖«យើងត្រូវយកចិត្តទុក ដាក់ ទាំងអស់គ្នាលើបណ្ដាចំណុចទាំងនេះ ដើម្បីធ្វើជាត្រីវិស័យតម្រង់ទិសឆ្ពោះទៅការលើកកម្ពស់អនាម័យ គុណភាពនៃការរស់នៅ ហើយនិងសេចក្ដីថ្លៃថ្នូរ របស់យើងទាំងអស់គ្នា...»។
ចំពោះប្រធានបទ ដែលបានផ្ដោតលើ «អនាម័យស្អាត ដើម្បីជីវិតប្រពៃថ្លៃថ្លា» សម្រាប់ទិវាជាតិអនាម័យជនបទឆ្នាំនេះ មានសារៈសំខាន់បំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៍សហគមន៍ជនបទនៅកម្ពុជា ក្នុងការជួយឲ្យសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៥ ដែលបានចែងថា ប្រជាជនកម្ពុជារស់នៅជនបទ ៥០ ភាគរយ នឹងទទួលសេវាផ្គត់ផ្គង់ទឹកស្អាត ហើយនិង ៣០ភាគរយទៀតនឹងទទួលបានសេវាអនាម័យ និងការប្រតិបត្តិអនាម័យល្អក្នុងគ្រួសារ។
ថ្មីៗកន្លងទៅ នេះ អង្គការទឹកស្អាត១០០១ ដែលធ្វើការពាក់ព័ន្ធនឹងគម្រោងទឹកស្អាត គ្រោងនឹងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅតាមទីជនបទ៦០កន្លែង បន្ថែមទៀត ចាប់ពីឆ្នាំ២០១៣ ដល់ ២០១៦ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់បម្រើសេចក្តីត្រូវ ការរបស់ប្រជាជន។ អង្គការនេះចាប់ផ្តើមគម្រោងទឹកស្អាតដំបូងនៅក្នុងខេត្តភាគពាយព្យ នៅឆ្នាំ២០០៥ ដែលមកដល់ពេលនេះដំឡើងស្ថានីយផលិតទឹកស្អាតបាន៦២កន្លែង សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់មនុស្សជាង១០ម៉ឺននាក់នៅតាមខេត្តគោលដៅដែលរួម មានខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប កំពង់ធំ កំពង់ឆ្នាំង ក្រចេះ កណ្តាល ព្រៃវែង និងខេត្តកំពង់ស្ពឺ។
លោក ម៉ៅ សារ៉ាយ ប្រធាននាយកដ្ឋានផ្គត់ ផ្គង់ទឹកស្អាតជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា កម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍កម្មវិធីទឹកស្អាតតាំងពីឆ្នាំ១៩៩៣ ហើយដល់ឆ្នាំ២០០៨ អត្រាអ្នកប្រើប្រាស់ទឹកស្អាតមានចំនួន៤,៤៩ភាគរយនៅទូទាំង ប្រទេស។
លោកម៉ៅ សារ៉ាយ បានបន្តឲ្យដឹងថា អត្រាកំណើននៃអ្នកប្រើប្រាស់ទឹកស្អាត កើនប្រមាណ១,៥ភាគរយ ក្នុងមួយឆ្នាំ ហើយការដំឡើងស្ថានីយផលិតទឹកស្អាតចំនួន៦០កន្លែងនៅពេលខាងមុខ អាចនឹងជួយសម្រួលដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនឲ្យ កាន់តែទូលំទូលាយ។ លោកថ្លែងថា៖ «តាមរយៈគម្រោងនេះ វានឹងធ្វើឲ្យការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទកើនឡើង»៕