ខេត្តបាត់ដំបង ៖ អ្នកភូមិបាននិយាយថា
ពស់ថ្លាន់ព្រៃមួយក្បាលប្រវែងជាង៣ម៉ែត្រគេប្រទះឃើញលូន
ចុះពីលើភ្នំទៅសម្ងំនៅក្បែរកុដិព្រះសង្ឃ
ក្នុងវត្តមួយភាគខាងត្បូងជាប់តំបន់ទេសចរណ៍«អាងកំពីងពួយ»
ក្នុងឃុំតាគ្រាម ស្រុកបាណន់
មុនពេលមានអង្គកឋិនទានមួយដង្ហែមកកាន់វត្តនោះ២ថ្ងៃ ។
បើទោះជាអ្នកភូមិចាប់ច្រកការុងសែងយកទៅ
ប្រលែងលើភ្នំវិញ
ក៏ពស់នោះមិនចាកចេញដែរបានលូនពីលើភ្នំចុះមកចូលរួម
អង្គកឋិនទានជាមួយមនុស្សដដែល
ជាហេតុនាំឱ្យមនុស្សមួយចំនួនដែលមានជំនឿផ្សេងៗបាននាំ
គ្នារាំឆ្វែលសត្វពស់នោះដោយមានក្រុមភ្លេងឆៃយ៉ាំប្រគំ
កំដរឡើងកក្រើកកងរំពងភ្នំនៅក្បែរនោះទៀតផង ។
តាមការអះអាងពីអ្នកភូមិ និងព្រះសង្ឃថា
ពស់ថ្លាន់នោះបានលូនចុះពីភ្នំខ្ពស់មកសម្ងំក្បែរកុដិក្នុង
វត្តមួយនៅក្បែរជើងភ្នំនោះឈ្មោះវត្តភ្នំខ្ពស់
ហើយព្រះសង្ឃប្រទះឃើញតាំងពីថ្ងៃទី២៣ វិច្ឆិកា
មុនអង្គកឋិនមកកាន់វត្តនៅថ្ងៃទី២៥ វិច្ឆិកា ។
ប្រភពដដែលបន្តថា ដោយខ្លាចពុទ្ធបរិស័ទមានការភ័យខ្លាច
អ្នកភូមិ
និងព្រះសង្ឃក៏សម្រេចចាប់ពស់ថ្លាន់ព្រៃមួយក្បាលនោះច្រក
ការុងសែងយកទៅឱ្យរស់នៅលើភ្នំវិញ
មុនពេលអង្គកឋិនទានដង្ហែចូល ។
ប៉ុន្តែដល់ថ្ងៃអង្គកឋិនទានដង្ហែចូលក្នុងវត្ត
ស្រាប់តែគេប្រទះឃើញសត្វពស់ថ្លាន់ដដែលនោះលូនចុះពីលើភ្នំចូល
ទៅក្នុងបរិវេណវត្តជាថ្មីទៀត
ដែលជាហេតុឱ្យមនុស្សម្នារាប់រយនាក់មានការភ្ញាក់ផ្អើល
និងចោមរោមមើលក្លាយជាទីសក្ការបូជា ។
ព្រះសង្ឃដែលគង់នៅក្នុងវត្តមានសង្ឃដីកាថា
ការពិតថ្លាន់ព្រៃប្រវែង៣ម៉ែត្រមួយក្បាលនោះធ្លាប់លូន
ចុះពីលើភ្នំមកសម្ងំរស់ក្នុងវត្តខាងលើម្ដងហើយកាលពីខែមុន
ប៉ុន្តែដោយខ្លាចមានមនុស្សម្នាប្រទះឃើញចាប់យកទៅធ្វើបាប
ទើបអ្នកភូមិ
និងព្រះសង្ឃចាប់យកទៅលែងលើភ្នំក្បែរនោះវិញ ។
សមណេរដដែលថា
ពស់ថ្លាន់ចម្លែកនោះបានបង្ហាញខ្លួនជាថ្មីសម្ងំក្បែរកុដិ
លោកក្នុងវត្ត
មុនពេលមានអង្គកឋិនដង្ហែចូលមកកាន់វត្តភ្នំខ្ពស់នេះចំនួន
២ថ្ងៃ ហើយវាមិនព្រមចាកចេញពីក្នុងវត្តទេ
បើទោះជាអ្នកភូមិចាប់ច្រកការុងសែងយកទៅលែងនៅលើភ្នំម្ដង
ហើយ ម្ដងទៀតក្ដីគឺនៅតែលូនចុះពីភ្នំ
មកកាន់បរិវេណវត្តដដែលរហូតដល់ថ្ងៃអង្គកឋិនទានដង្ហែចូល
ប្រៀបដូចជាមកចូលរួមទទួលអង្គកឋិនជាមួយគេដែរ ។
ខណៈពេលអង្គកឋិនទានដង្ហែចូលដល់ក្នុងវត្ត
ពស់ថ្លាន់ដ៏ស្លូតមួយក្បាលនេះក៏បានលូនចេញមកកណ្ដាល
វាលក្នុងបរិវេណវត្តធ្វើឱ្យមនុស្សម្នារាប់រយនាក់ភ្ញាក់ផ្អើល
ចោមរោមមើលដែលមើលទៅហាក់ដូចវាបានចេញមកទទួលអង្គកឋិនទាន
ជាមួយមនុស្សដែរ
គ្មានខ្លាចញញើតមនុស្សដែលឈរមើលណែនណាន់តាន់តាប់នោះ
ឡើយ ។ តាមការផ្ដល់ព័ត៌មានពីភាពជាក់ស្ដែងថា
ដោយសារការមិនព្រមចាកចេញ
និងសកម្មភាពរបស់ថ្លាន់នាពេលនោះបានធ្វើឱ្យមនុស្សជាច្រើន
ហាក់មានជំនឿផ្សេងៗទៅលើសត្វពស់ដែលគួរឱ្យស្រឡាញ់មួយ
ក្បាលនេះ ជាពិសេសមនុុស្សចាស់ៗ តែម្ដង ។
ក្នុងឱកាសដ៏អធិកអធមនោះយាយៗនិងអ្នកភូមិដែលមានជំនឿ
បាននាំគ្នាបន់ស្រន់ និងប្រស់ព្រំទឹកមន្តលើសត្វពស់នោះ
ថែមទាំងនាំគ្នារាំឆ្វែលសត្វពស់ថ្លាន់ព្រៃនោះដោយមាន
ប្រគំកំដរ ដោយក្រុមភ្លេងឆៃយ៉ាំឡើងលាន់កងរំពងភ្នំទៀតផង
។
អ្នកភូមិក៏បានបញ្ជាក់ដែរថា
សត្វពស់នោះមិនខ្លាចមនុស្សម្នាទេ
ពេលមនុស្សជាច្រើនកំពុងដង្ហែកឋិនណែនពេញវត្ត
បែរជាសត្វពស់នោះលូនចូលបរិវេណវត្តដូចចូលរួមដង្ហែអង្គកឋិន
ទានជាមួយមនុស្សដែរ
បើទោះជាគេដេញវាចេញឱ្យឆ្ងាយពីមនុស្សក៏វាមិនចេញដែរ
ពិតជាចម្លែកមែន ។ យ៉ាងនេះក្ដីពួកគេនាំគ្នានិយាយថា
គួរតែថែរក្សាវាឱ្យបានហ្មត់ចត់ចៀសវាងក្រែងមានជនខិលខូចចាប់
យកវាទៅធ្វើបាប ឬយកទៅលក់ដូរ ៕