ភ្នំពេញ:
បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យមានគ្នា ២នាក់
យកដៃរឹតកពីក្រោយ ដើម្បីប្លន់យកម៉ូតូ សេ១២៥ កាលពីវេលាម៉ោង
១១និង១៥នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២
នៅចំណុចខាងក្រោយក្រសួងធនធានទឹក ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន។
ជនរងគ្រោះដែលត្រូវក្រុមចោរច្របាច់កប្លន់យក
ម៉ូតូខាងលើមានឈ្មោះ ឈាន បុណ្យ អាយុ៣៧ឆ្នាំ រត់ម៉ូតូឌុប បានឲ្យដឹងថា
មុនពេលកើតហេតុរូបគាត់ដឹកជនសង្ស័យ២នាក់នេះ ពីម្តុំណាហ្គាវើលដ៍
ទៅចំណុចកើតហេតុខាងលើ ខណៈឌុបមកដល់ចំណុចខាងលើ
ភ្លាមនេះមានជនសង្ស័យម្នាក់បានយកដៃរឹតករបស់គាត់ រួចប្រាប់ថា
បើចង់រួចខ្លួន ប្រគល់ម៉ូតូនេះឲ្យពួកគេតាមសម្រួល
ពេលនោះគាត់ក៏បានចុះពីលើម៉ូតូរត់គេចខ្លួន ហើយត្រូវជនសង្ស័យទាំង
២នាក់ រត់តាមបានបន្តិចក៏ឡើងជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោលតែម្តង
ពេលជនសង្ស័យគេចបាត់ទើបគាត់ស្រែកឆោឡោឲ្យគេជួយ។
ម៉ូតូដែលជនសង្ស័យ ទាំងពីរនាក់នោះ ប្លន់យកទៅបាត់ ម៉ាកហុងដា សេ១២៥
ស៊េរី២០០៥ ឡើងស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-4515។
ប៉ូលិសប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា
យោងតាមចម្លើយសារភាពរបស់ជនរងគ្រោះ
ហាក់ដូចជាមិនទាន់មានការច្បាស់លាស់នៅឡើយ ទើបសមត្ថកិច្ចនៅមានការសង្ស័យ
ហើយធ្វើការតាមដានបន្តទៀត ខ្លាចជាករណីដែលបុរសរងគ្រោះ
ឆបោកក្រុមគ្រួសារ ដើម្បីជាការដោះបន្ទុកដល់គ្រួសារ
បន្ទាប់ពីបាត់ម៉ូតូមួយគ្រឿង ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់៕