ដោយ សុខ សេរី
គណបក្សសង្គ្រោះជាតិ ជាគណបក្សដែលទើបនឹងបង្កើតថ្មី គ្រោងនឹងធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រអាណត្តិទី៥ នៅឆ្នាំ២០១៣ នោះទេ បើសិនជាលក្ខខណ្ឌនានារបស់ខ្លួនដែលស្នើទៅគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) កន្លងមក មិនត្រូវបានដោះស្រាយនោះទេ។ការប្រកាសបែបនេះ ស្របពេលដែលមន្ត្រីជាន់ខ្ពស់នៃ គ.ជ.ប គ្រោងប្រកាសជាផ្លូវការឲ្យគណបក្សនយោបាយនានាចុះឈ្មោះបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
គ.ជ.ប គ្រោងប្រកាសឲ្យគណបក្សនយោបាយចុះឈ្មោះនោះ នៅក្នុងរយៈពេល ៩០ថ្ងៃមុនថ្ងៃបោះឆ្នោតឈានមកដល់ គឺអនុញ្ញាតឲ្យចុះឈ្មោះរវាងខែមីនា ឬខែមេសា ឆ្នាំ២០១៣។
គ.ជ.ប បានកត់សម្គាល់ថា រហូតមកដល់ពេលនេះមានគណបក្សនយោបាយចំនួនជាង១០ ហើយ បានមកចូលរួមក្នុងការប្រជុំនានានៅ គ.ជ.ប តាមការអញ្ជើញរបស់ គ.ជ.ប កន្លងមក ប៉ុន្តែគណបក្សដែលបានចុះឈ្មោះចូលរួមក្នុងដំណើរការពិនិត្យបញ្ជី អ្នកចុះឈ្មោះបោះឆ្នោត គឺមានចំនួន ៦គណបក្សហើយ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានមានប្រសាសន៍ថា គ.ជ.ប ប្រឹងប្រែងរៀបចំការបោះឆ្នោតនោះប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកបញ្ជាក់ទៀតថា បើទោះបីជាគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី មិនចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ក៏ដោយ ក៏លោក ទេព នីថា រំពឹងថា ដំណើរការបោះឆ្នោតនៅតែបន្តដូចការគ្រោងទុក៖ «បើទោះបីជា គណបក្សពីរបូកចូលគ្នាទៅជាមួយ បើសិនជាគាត់មិនចូលរួមទេ នេះជាសិទ្ធិរបស់គាត់ ប៉ុន្តែដំណើរការបោះឆ្នោត យើងរៀបចំទូទៅ ហើយការរៀបចំរបស់ គ.ជ.ប យើងទូលាយ និងស្មើភាពគ្នាចំពោះមុខគណបក្សទាំងអស់»។
ជាមួយគ្នានេះ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ អាចនឹងដកខ្លួនពីការបោះឆ្នោតនោះ បើសិនណាមិនមានវត្តមានរបស់លោក សម រង្ស៊ី ក្នុងការបោះឆ្នោតនោះ៖ «តស៊ូដើម្បីកែទម្រង់ គ.ជ.ប បន្តទៅទៀត តាំងពីថ្នាក់ជាតិដល់ថ្នាក់រហូតដល់ថ្នាក់មូលដ្ឋាន ហើយនិងតស៊ូធ្វើម៉េចបើកផ្លូវឲ្យលោកប្រធានចូលរួមក្នុងការបោះ ឆ្នោត។ យើងកំពុងតែតស៊ូ យើងមិនអាចនិយាយអ្វីលើសពីនេះបានទេ»។
លោក គល់ បញ្ញា ជានាយកប្រតិបត្តិនៃអង្គការខុមហ្វែល (Comfrel) ឃ្លាំមើលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា បានបញ្ជាក់ថា វត្តមានរបស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី គឺចាំបាច់ណាស់ក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៖ «ធ្វើឲ្យ ការបោះឆ្នោតនោះកាន់តែមានអត្ថន័យ ហើយនិងធ្វើឲ្យការបោះឆ្នោតនោះមើលទៅការប្រកួតប្រជែងហ្នឹង ខិតទៅរកភាពយុត្តិធម៌បានប្រសើរជាងអវត្តមាន»។
លោក គល់ បញ្ញា បានមានប្រសាសន៍ទៀតថា លោកគ្រោងដាក់អ្នកសង្កេតការណ៦រយៈពេលខ្លីសរុបចំនួនជាង ៦ពាន់នាក់ ផ្ដោតលើការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត យុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតជាដើម។
ជាមួយគ្នានេះ លោកគ្រោងដាក់អ្នកសង្កេតការណ៍រយៈពេលវែងចំនួន ២៥០នាក់ទៀត ផ្ដោតលើការរាប់សន្លឹកឆ្នោត និងថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោត។ គម្រោងទាំងនោះត្រូវចំណាយថវិកាចំនួនជាង ៣០ម៉ឺនដុល្លារអាមេរិក។
ប្រភពពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប គ្រោងចំណាយថវិកាសរុប ២១លានដុល្លារអាមេរិក ដើម្បីរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ក្នុងនោះមានអង្គការជាតិ និងអន្តរជាតិ ចំនួន១២ ហើយត្រៀមចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនោះ៕(rfa)