បន្ទាប់ពីកិច្ចប្រជុំ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងសន្និសីទកាសែត ថា កិច្ចប្រជុំរវាងសម្តេច ហ៊ុន សែន និងលោកប្រធានាធិបតី អូបាម៉ា បានលើកឡើងពីបញ្ហាបំណុល ដែលកម្ពុជា ជំពាក់អាមេរិក ស្ថានភាពសិទ្ធិមនុស្ស ដំណើរការប្រជាធិបតេយ្យ និងដំណើរទៅកាន់ការបោះឆ្នោតនៅពេលខាងមុខ នៅកម្ពុជា បញ្ហាដីធ្លី និងការបណ្ថេញចេញ ព្រមទាំងការចាប់ឃុំប្រធានវិទ្យុសំឡេងសំបុកឃ្មុំ លោក ម៉ម សូណង់ដូ។
លោក ប្រាក់ សុខុន បានលើកឡើងថា សម្តេច ហ៊ុន សែន បានបញ្ជាក់ទៅកាន់លោក អូបាម៉ា ថា នៅកម្ពុជា មិនមានអ្នកទោសនយោបាយទេ។ ប៉ុន្តែមានតែអ្នកនយោបាយ ទៅប្រព្រឹត្តិបទល្មើស ហើយត្រូវកាត់ទោស។
លោក ប្រាក់ សុខុន បានលើកឡើងថា ក្នុងកិច្ចប្រជុំរវាងលោក អូបាម៉ា និងសម្តេច ហ៊ុន សែន មិនមានការលើកឡើងពីបញ្ហាលោក សម រង្ស៊ី ឡើយ។
ជាមួយគ្នានោះ លោក ប្រាក់ សុខុន បានលើកឡើងថា លោក អូបាម៉ា បានថ្លែងការចូលរួមរំលែកទុក្ខ ចំពោះការយាងចូលមរណភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ។
លោក ប្រាក់ សុខុន ក៏បានលើកឡើងថា ដំបូងឡើយ លោកប្រធានាធិបតីអាមេរិក បានលើកសរសើរពីដំណើរវិវឌ្ឍន៍ខាងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅប្រទេសភូមា ហើយថា សហរដ្ឋអាមេរិក ចង់ធ្វើការជាមួយនឹងប្រទេសណា ដែលលើកតម្លើងលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានោះ លោក ប្រាក់ សុខុន បានបន្ថែមថា សម្តេច ហ៊ុន សែន ក៏បានជម្រាបទៅកាន់លោក អូបាម៉ា ពីការពេញចិត្តរបស់សម្តេច ទៅនឹងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ សម្តេចថា វត្តមានរបស់ស្ថានទូតអាមេរិក នៅកម្ពុជា គឺជាការបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងអាមេរិក។
ក្នុងពេលនោះ លោក អូបាម៉ា បញ្ជាក់ថា បំណងរបស់លោក ចង់ឃើញស្ថានភាពនៅកម្ពុជា កាន់តែប្រសើរឡើង។ ក្រុមការងាររបស់លោកប្រធានាធិបតី នឹងបន្តធ្វើការជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែប្រសើរឡើង។
លោក អូបាម៉ា ក៏បានសម្តែងការសោកស្តាយ ចំពោះពេលវេលានៃទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា ពេលនេះ គឺខ្លីពេក ដែលលោកមិនអាចទស្សនាកម្ពុជាបានទេ។
ជាមួយគ្នានោះ លោក ប្រាក់ សុខុន បានអះអាងថា សម្តេច ហ៊ុន សែន និងលោក អូបាម៉ា ក៏បានសន្យាថា នឹងជជែកគ្នាបន្តទៀត នៅក្នុងពេលបាយល្ងាចនេះទៀត ហើយស្វែងយល់ពីគ្នាបន្ថែមទៀត៕