Friday, November 30, 2012

ភ្លើងលេបត្របាក់ផ្ទះ ស្រ្តីមេម៉ាយក្រីក្រ កូន៨នាក់ នៅខេត្តពោធិ៍សាត់ ខ្ទេចគ្មានសល់

ពោធិ៍សាត់: ផ្ទះមួយ​ខ្នង​ទំហំ​៤,៥​ម៉ែត្រ​គុណ​នឹង​៣,៥​ម៉ែត្រ បាំងជញ្ជាំង​ស្លឹក​ក្រាល​រនាបឫស្សី ប្រក់​ស្បូវ​មួយ​ខ្នង របស់​ស្ត្រី​មេម៉ាយ​កូន​៨​នាក់ ត្រូវបាន​ភ្លើង​ឆាបឆេះ​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ ស្ថិតក្នុង​ភូមិ​ក្ដី​ខ្វាវ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ខណៈពេល​ស្ត្រី​ជា​ម្ដាយ​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ នៅឯ​ប៉ៃលិន​ទុក​ឲ្យ​កូនតូចៗ​នៅចាំ​ផ្ទះ​។​

​អ្នកស្រី ឡាយ ពៅ មេភូមិ​ក្ដី​ខ្វាវ ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ឈ្មោះ ហេង ញ៉ា​ញ់ អាយុ​៤០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ចំនួន​៨​នាក់​ស្រី​២​នាក់​។  នៅពេល​កើតហេតុ​ស្ត្រី​រូបនោះ គាត់​មិន​នៅផ្ទះ​ទេ គាត់​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ​គេ​នៅឯ​ប៉ៃលិន ដោយ​យក​កូនស្រី ២​នាក់​ទៅជា​មួយ​ផង សព្វថ្ងៃ​ឲ្យ​កូនប្រុស​៥​នាក់​នៅចាំ​ផ្ទះ ចំណែក​ម្នាក់ទៀត​នៅ​ជាមួយ​គេ​។

​អ្នកស្រី​មេភូមិ​បាន​បន្តថា នៅពេល​ភ្លើង​ឆេះ​នេះ បងៗ​មិន​នៅទេ ពួកគេ​រវល់​ទៅ​សាលារៀន គឺ​ទុក​ប្អូនប្រុស​ពីរ​នាក់​ដែលជា​កូនភ្លោះ​អាយុ​៦​ឆ្នាំ ឲ្យ​នៅចាំ​ផ្ទះ​។ ពួកវា​ទាំងពីរ​នាក់​ក៏បាន​យក​ដែកកេះ​ដុត​ស្បូវ​លេង បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​អស់រលីង​តែម្ដង​។ អ្នកស្រី​បាន​បន្តថា ក្នុង​ឧប្បទ្ទវ​ហេតុនេះ តាម​ការសាកសួរ​កូនប្រុស​បង ដែល​វា​ត្រឡប់​មកពី​សាលា​វិញ​បាន​រៀបរាប់​ប្រាប់ថា ឆេះ​អស់ កង់​មួយគ្រឿង ក្បាល​ឌី​ស ១ ទូរទស្សន៍​១ អាគុយ​៥០​អំពែ​១ និង​ថវិកា​ចំនួន ៧០​ម៉ឺន​រៀល​។ ចំពោះ​ថវិកា ៧០​ម៉ឺន​រៀល​នោះ គឺ​មុនពេល​ស្ត្រី​ហេង ញ៉ា​ញ់ ចេញទៅ​ស៊ីឈ្នួល​ច្រូតស្រូវ គាត់​បាន​ទុក​លុយ​ឲ្យ​កូន​គាត់​ម្នាក់​អាយុ​១៣​ឆ្នាំ ឲ្យ​សង​អង្គការ​នៅ​ថ្ងៃ​ខាងមុខ តែ​ពេលនេះ​ឆេះ​អស់​ទៅហើយ​។​
​    ​
​ អ្នកស្រី ឡាយ ពៅ បាន​បន្តថា ពេលនេះ​កំពុង​ធ្វើ​របាយការណ៍​ទៅ​លោក​ចៅសង្កាត់ ដើម្បី​សុំ​ជំនួយ​។ ក្នុងពេលនោះ លោកនាយ​ប៉ុស្ដិ៍​រដ្ឋបាល​ចំរើន​ផល ក៏បាន​ធ្វើ​របាយការណ៍​ទៅ អធិការ និង​ស្នងការ​ខេត្តពោធិ៍សាត់ ដើម្បី​ជួយសង្គ្រោះ​ផងដែរ​។​
​    ​
​លោក ឈុន សៀង ចៅសង្កាត់​ចំរើន​ផល បាន​ឲ្យ​ដឹងថា លោក​បានដាក់​សំណើ​ទៅ​លោក​អភិបាលក្រុង និង​បន្តទៅ​កាកបាទក្រហម ដើម្បី​នាំយក​សម្ភារៈ​មកជួយ សង្គ្រោះ​គ្រួសារ​ក្រីក្រ​នេះ​។

​ឆ្លើយតប​នឹង​សំណូមពរ និង​សំណើ ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ និង​សង្កាត់ អ្នកស្រី ម៉ែន ផល្លី អភិបាលរងក្រុង​ពោធិ៍សាត់ បាន​ប្រាប់​តាមរយៈ​មេភូមិ​ថា នៅពេលដែល​ម្ចាស់ផ្ទះ​ឈ្មោះ ហេង ញ៉ា​ញ់ ត្រឡប់​មកដល់​វិញ អ្នកស្រី និង​អញ្ជើញលោក​អភិបាលក្រុង និង​ខាង​កាកបាទក្រហម​ទៅដល់​ភ្លាម​៕(CEN)

Comments system

Disqus Shortname