ក្រុមកម្មកររោងចក្រស្បែកជើងហ្វូយៀន ខេមបូឌា (POUYEN Cambodia)
អះអាងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ថា
ពួកគាត់ត្រូវថៅកែរោងចក្រប្រកាសកាត់យកប្រាក់ម្នាក់ ១០ដុល្លារ
ដោយសារពួកគាត់ចេញមុនម៉ោងធ្វើការកន្លះម៉ោង កាលពីល្ងាចថ្ងៃទី២០
ខែវិច្ឆិកា។
កម្មការិនីសុំមិនបញ្ចេញឈ្មោះ ថ្លែងថា រដ្ឋាភិបាលកម្ពុជា
ប្រកាសបិទផ្លូវសហព័ន្ធរុស្ស៊ី ថ្ងៃទី១៩ និងទី២០ វិច្ឆិកា
ដើម្បីសម្រួលចរាចរណ៍ក្នុងកិច្ចប្រជុំអាស៊ាន នៅកម្ពុជា។ នៅថ្ងៃទី១៩
វិច្ឆិកា ថៅកែបានឲ្យកម្មករចេញមុនម៉ោងធ្វើការ
ដើម្បីដើរឆ្លងផ្លូវប្រញាប់ទៅផ្ទះ។
នៅថ្ងៃទី២០ វិច្ឆិកា កម្មករជាង ៣០០នាក់ ដែលផ្ទះឆ្ងាយ
ចេញមុនម៉ោងធ្វើការកន្លះម៉ោង ដើម្បីឆ្លងផ្លូវបិទប្រញាប់ទៅផ្ទះ
ព្រោះកាលពីថ្ងៃទី១៩ វិច្ឆិកា ពួកគេទៅដល់ផ្ទះយប់ជ្រៅពេក
មកពីលំបាកឆ្លងផ្លូវដែលបិទនោះ។ នៅថ្ងៃ២៦ខែវិច្ឆិកា
ថៅកែរោងចក្រស្បែកជើងហ្វូយៀន ប្រកាសកាត់យកប្រាក់ព្រីមចំនួន
១០ដុល្លារម្នាក់ ព្រោះកម្មករទាំងនោះចេញមុនម៉ោងធ្វើការកន្លះម៉ោង
កាលពីថ្ងៃទី២០ ខែវិច្ឆិកា៖ «លើកកង់ឆ្លងផ្លូវនោះ ហើយរត់ទៅផ្ទះ។ អ្នកដែលចេញទាំងប៉ុន្មានហ្នឹង គេឲ្យដាច់លុយព្រីម ១០ដុល្លារ»។
កម្មការិនីម្នាក់ទៀតថ្លែងថា ម៉ោងឲ្យចេញធ្វើការ គឺម៉ោង ៤ល្ងាច។
ក្រុមកម្មករសុំឲ្យថៅកែកាត់យកប្រាក់តែ ១ម៉ោង
ដែលកម្មករចេញមុនម៉ោងនោះ គឺស្មើតម្លៃ ៣០សេន
ហើយសំណូមពរឲ្យថៅកែកុំកាត់ប្រាក់ទាំង ១០ដុល្លារ
ដែលជាប្រាក់ព្រីមប្រចាំខែនោះ៖ «សោកស្ដាយត្រង់ថា
កម្មករខំធ្វើការមិនដែលឈប់ផង ហើយគេកាត់លុយព្រីម ១០ដុល្លារអីចឹង
ទាំងគេទាំងខ្ញុំ ស្ដាយដូចតែគ្នា
អ្នកធ្វើការរោងចក្រមកពីរឿងប្រជុំអាស៊ានហ្នឹង
បានធ្វើឲ្យកម្មករទាំងអស់គ្នាហ្នឹងដាច់លុយ»។
កម្មការិនីម្នាក់ទៀតថ្លែងថា
ក្រោយពីថៅកែប្រកាសកាត់ប្រាក់ព្រីមម្នាក់ ១០ដុល្លារ កម្មករជាង
៣ពាន់នាក់ បានរួមគ្នាធ្វើកូដកម្មនៅថ្ងៃទី២៦ ខែវិច្ឆិកា។
ថៅកែរោងចក្រក៏បានប្រកាសកាត់ប្រាក់ព្រីមកម្មករទាំងអស់ ម្នាក់
១០ដុល្លារ កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា តែម្តង។
កម្មករទាំងអស់បានសុំឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាល
និងសហជីពនៅក្នុងរោងចក្រ ជួយអន្តរាគមន៍រឿងកាត់ប្រាក់នោះ៖ «ដោយ
សារប្រជុំអាស៊ានហ្នឹង ប៉ះពាល់ដល់លុយព្រីមយើងហ្នឹង
គេកាត់លុយព្រីម ១០ដុល្លារ ពេលអីចឹង។ ឥឡូវ ពួកខ្ញុំជួយតវ៉ា
គេកាត់ទាំងលុយពួកខ្ញុំទៀត»។
ប្រធានសហជីពកម្មករនិយោជិត លោក សឹម សារ៉ាត់ ថ្លែងថា
ក្រោយពីថៅកែរោងចក្រស្បែកជើងហ្វូយៀន
ប្រកាសកាត់ប្រាក់ព្រីមរបស់កម្មករ
សហជីពបានទៅចរចាដើម្បីសុំកុំឲ្យថៅកែកាត់យកប្រាក់នោះពីកម្មករ។
ប៉ុន្តែថៅកែមិនទាន់សម្រេចនៅឡើយ៖ «ពីម្សិលមិញ
កម្មករទ្រាំមិនបាន ដោយសារលើកពេលកិច្ចប្រជុំរបស់ខ្ញុំលើកនោះ
គឺខាងក្រុមហ៊ុនមិនមានចេតនាចង់ប្រជុំជាមួយពួកខ្ញុំទេ
គឺលើកពេលពីម៉ោង៩ អស់បីម៉ោង ៩ឡើងដល់ម៉ោង២។ ដល់អីចឹង
កម្មករអត់មានអារម្មណ៍ធ្វើការទេ
ព្រោះប៉ុន្មានថ្ងៃហ្នឹងពួកខ្ញុំទប់ប្រហែលជា ៥ថ្ងៃ
ហើយទម្រាំនឹងមានផ្ទុះកូដកម្មកើតឡើងនេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋបាលរោងចក្រស្បែកជើងហ្វូយៀន
ដែលមានទីតាំងនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញ ដើម្បីជម្រាបសួរព័ត៌មានតបនឹងការចោទនៅថ្ងៃទី២៧
ខែវិច្ឆិកា បានទេ ព្រោះជាថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូក។
ក្រុមកម្មករបានឲ្យដឹងថា រោងចក្រស្បែកជើងហ្វូយៀន មានកម្មករ និងបុគ្គលិកធ្វើការជាង ៤ពាន់នាក់៕(RFA)