Thursday, November 1, 2012

អ្នក​សារព័ត៌​មាន​ខ្មែរ​ពីររូប​​ ​​​នឹង​ទៅ​យក​​​ព័ត៌​មាន​​​បោះ​ឆ្នោត​នៅ​អាមេរិក

នក​សារ​ព័ត៌មាន​ខ្មែ​រ​ពីរ​រូប នឹង​ត្រូវ​​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ ​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​ពេល​​បោះ​ឆ្នោត​​​ជ្រើស​រើស​ ប្រធានាធិបតីនៅ​អាមេរិក​ ដែល​នឹង​ប្រព្រឹត្តិទៅ ​​​នៅថ្ងៃ​ទី​៦ ខែវិច្ឆិកា​ ខាងមុន​​នេះ​។ នេះ​បើ​យោង​តាម​​មន្រ្តី​ស្ថាន​​ទូត​អាមេរិក​​ប្រចាំ​នៅ​​កម្ពុជា​​។
មន្រ្តី ​ស្ថាន​ទូ​ត​អាមេរិក​​​ បានឲ្យ​ដឹង​ថា​ ​​អ្នក​​យក​​ព័ត៌​មានខ្មែរ​ទាំង​​​ពីររូប​នោះ គឺមាន​​លោក ​យឹម​ ឆេងលាភ​ តំណាង​ឲ្យ​អ្នកយក​ព័ត៌មាន​មក​ពី មណ្ឌល​ព័ត៌មាន​​ស្រី្ត​កម្ពុជា​ និង​លោក​ លាង ឌឺលុច​ អ្នក​យក​ព័ត៌មាន​វិទ្យុបារាំង​អន្តរ​ជាតិ​។ ស្ថាន​ទូត​​អាមេរិក នឹង​បញ្ជូន​អ្នក​សារ​ព័ត៌​មាន​​ទាំង​ពីរ​រូប​នេះ​ទៅ​​សហរដ្ឋ​អាមេរិក​ ​ដើម្បីទៅ​​ដក​ស្រង់បទ​ពិសោធន៍ទាក់​ទង​នឹង​ការ​ការ​រាយ​ការណ៍​ព័ត៌​មាន ក្នុង​​អំឡុង​ពេល​​នៃ​ការ​បោះ​ឆ្នោត​​នៅ​អាមេរិក​។

លោក ​ ឆេង​លាប​​ តំណាង​អ្នក​សារ​ព័ត៌​មាន​មួយ​រូប​ពី​មណ្ឌល​ព័ត៌​មាន​ស្រី្ត​កម្ពុជា​ ដែល​​ត្រូវ​ចេញ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិច​នៅ ល្ងាច​នេះ ​បាន​ថ្លែ​ងថា​ លោក​សង្ឃឹម​ថា​ នឹង​ទទួល​បាន​​ព័ត៌មាន​​ថ្មី​ៗបន្ថែម​ទៀត​​ ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​​នៅសហ​រដ្ឋ​អាមេរិច​ ព្រោះ​សហ​រដ្ឋ​អាមេរិច​​ គឺ​ជាប្រទេស​មួយ​ ដែល​មាន​ភាព​ចាស់​ទុំ​ខាង​លទ្ធិ​ប្រជា​ធិបតេយ្យ។
លោក ​បានបន្ថែម​ថា​៖ “ក្រៅពី​នោះ​ ខ្ញុំ​ក៏​ចង់​ដឹងថា​ តើ​នៅ​អាមេ​រិក​ គេ​បើ​កចំហរ​​ព័ត៌មាន​កម្រិត​ណា​ នៅ​អំឡុង​ពេល​បោះ​ឆ្នោត និង​ថា​តើ​​គេមាន​ថ្ងៃស​ដូច​ប្រទេស​កម្ពុជា​ដែរ ​ឬទេ? ​ពិសេស​ជាង​នេះទៅ​ទៀត ​ខ្ញុំ​ក៏ចង់​ដឹង​ថា តើ​ការ​ផ្សាយ​ព័ត៌​មាន​តាម​វិទ្យុ​ និង​ទូរទស្សន៍​នៅ​ថ្ងៃ​បោះ​​ឆ្នោតនៅ​ទី​​នោះ​ មាន​លក្ខ​ណៈ​បើក​ទូលាយ​កម្រិត​ណា​​ បើ​ប្រៀប​ធៀប​នឹង​ប្រទេសកម្ពុជា​របស់​យើង?​​​”​។
លោក ​ឆេង លាភ​ បាន​បន្ថែម​ទៀត​​ថា​ ក្រៅ​ពី​នេះ​​ លោក​សង្ឃឹម​ថា​ លោក​នឹង​មាន​ឱកាស​បាន​​ផ្លាស់​ប្តូរបទ​ពិសោ​ធន៍​​​​ជាច្រើន​ជាមួយ​នឹង​​អ្នក ​សារ​ព័ត៌​មាន​​បរទេស​​​ ទាក់​ទង​នឹង​ការ​ប្រមូល​ព័ត៌មាន​​នៅ​​ប្រទេស​គេ​ ជុំ​វិញ​ការ​​​បោះ​​ឆ្នោត​៕

Comments system

Disqus Shortname