Saturday, November 3, 2012

រាជរដ្ឋាភិបាល បញ្ចេញ​ប្រតិកម្ម​ចំពោះ​សភា​អឺរ៉ុប ក្នុង​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ​

ភ្នំពេញ: ក្នុង​លិខិត​មួយច្បាប់​ជូន​ទៅ​កាន់​ប្រធានសភា​អឺរុប លោក Martin Schulz ដែល​ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ផ្សព្វផ្សាយកាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១២ លោក សូ សង្ហា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ទីក្រុង Brussels បាន​បញ្ចេញ​ប្រតិកម្ម និង​ពន្យល់​បំភ្លឺ ចំពោះ​សមាជិក​សភា​អឺរ៉ុប ដែល​បាន​ចេញ​សេចក្តីសម្រេច​លើ​ករណី​របស់​លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និង​ករណី​ឃាតកម្ម​លើ​សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី ព្រម​ទាំង​ករណី​មួយចំនួនទៀត​។​


​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១២ ឯកអគ្គរាជទូត​កម្ពុ​ជា លោក សូ សង្ហា បាន​លើកឡើង​ថា បន្ទាប់ពី​បាន​ពិនិត្យមើល និង​សិក្សា​យ៉ាង​ល្អិតល្អន់​លើ​សេចក្តី​ស​សម្រេច​របស់​សភា​អឺរុប មក​លើ​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា ខ្ញុំបាទ​មាន​ការកត់សម្គាល់​មួយចំនួន ដូចខាងក្រោម​៖

​ទីមួយ​-​ការកាត់ទោស​លោក សម រង្ស៊ី ​លោក ម៉ម សូណង់ដូ គឺ​មិនមែន​ទា​ក់ទងទៅនឹង​ហេតុផល​នយោបាយ​ទេ​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការសម្រេច​របស់​សភា​អឺរុប ដែល​ចាត់ទុក​ការកាត់ក្តី​នេះ ជា​រឿង​នយោបាយ ដោយ​ផ្អែក​ទៅ​តាម​របាយការណ៍​អវិជ្ជមាន​មួយ​ចំនួនរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ តែប៉ុណ្ណោះ​។ លោក សម រង្ស៊ី បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ដក​បង្គោល​ព្រំដែន​។ ចំពោះ​ករណី​របស់​លោក ម៉ម សូណង់ដូ វិញ គាត់​គឺជា​មេខ្លោង​នៃ​ចលនា​អប​គម ដែល​ត្រូវ​តុលាការ​កាត់ទោស ដោយ​ផ្អែក​លើ​ភស្តុតាង និង​សាក្សី​ច្បាស់លាស់​។ ករណីនេះ មិន​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ទេ ពីព្រោះ​វិទ្យុ​សំបុក​ឃ្មុំ ( FM ១០៥ ) និង​សមាគម​អ្នកប្រជាធិបតេយ្យ​របស់​គាត់ នៅ​ដំណើរការ​ដដែល​។​

​ ទី​ពីរ​-​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី និង​កុមារី ហេង ចន្ថា ជា​ការចោទប្រកាន់ ដែល​មិន​សម​ទេ ដែលថា រដ្ឋាភិបាល មិន​មាន​ការស៊ើបអង្កេត​នោះ​។ ករណី​លោក ឈុត វុទ្ធី គឺ​មាន​ការស៊ើបអង្កេត​យ៉ាង​ពេញលេញ ហើយ​លទ្ធផល ក៏​បាន​ចប់សព្វគ្រប់​ហើយ​ដែរ ដោយ​បង្ហាញ​ថា វា​ជា​ករណី​ជម្លោះ​រវាង​បុគ្គល និង​បុគ្គល​។ ករណីនេះ ត្រូវ​បាន​បិទ​បញ្ចប់ ពីព្រោះ​ជនសង្ស័យ​ក្នុង​រឿងក្តី​នេះក៏​បាន​ស្លាប់​ហើយ​ដែរ​។ ចំពោះ​ករណី​របស់​កុមារី ហេង ចន្ថា ( កុមារី ដែល​ត្រូវបាន​ស្លាប់ក្នុង​ព្រឹត្តិការណ៍​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ) វា​គឺជា​ផ្សេង​ពី​នេះ​។ ចន្ថា ត្រូវបាន​សម្លាប់ដោយ​ឧបទ្ទវហេតុក្នុង​អំឡុង​ពេល​ចុះ​បង្ក្រាប​ចលនា​អប​គម​។​

​ ទី​បី​-​ករណី​ដែល​មាន​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ទៅ​លើ​ការរំលោភ​សិទ្ធិ​ ដីធ្លី ការបណ្តេញចេញ​ដោយ​បង្ខំ និង​ការប្រើប្រាស់​កម្លាំង​បណ្តេញចេញ ទាក់ទិន​ទៅ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ វា​គឺជា​ការចោទប្រកាន់ដែល​មាន​កំហុស​។ ការចោទប្រកាន់​ទាំងអស់​នេះ គឺជា​ភាព​អគតិ​មួយ ដែល​មិន​បាន​មើល​ពី​កិច្ចខិតខំ​ប្រឹងប្រែង​សព្វថ្ងៃ​របស់​រដ្ឋាភិបាល ដូចជាការ​ដាក់​កម្រិត​ឲ្យ​បង់ពន្ធ ការផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការសើរើ​ឡើងវិញ​រាល់​ដី​សម្បទានដែល​មាន​រួច និង​កិច្ច​ខំ​ប្រឹងប្រែង​របស់​យុវជន​ចំនួន ១.៥០០ នាក់ ក្នុង​ការចុះ​ជួយ​វាស់វែង​ដី​ជូន​ប្រជាជន​ចំនួន ៣៥០.០០០ គ្រួសារ ដែល​ស្មើនឹង​ចំនួន ១,២ លាន​ហិកតា​។ រាជរដ្ឋាភិបាល គ្មាន​គោលនយោបាយ​បណ្តេញ​ប្រជាជន​ចេញ ដូច​ការចោទប្រកាន់​នោះ​ទេ​។ វា​គឺជា​តួនាទី​របស់​រដ្ឋាភិបាល ដែល​តែងតែ​ផ្តល់​សំណង​សមរម្យ ការដោះដូរ​ដី និង​ការតាំង​ទី​លំនៅ​ថ្មី សម្រាប់​ប្រជាជន តាម​តែ​អាច​ធ្វើបាន​។​

​ ទី​បួន​-​ការចោទប្រកាន់ថា មាន​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត និង​អនុសាសន៍​របស់​លោក សូ​រី​យ៉ា ស៊ូ​ប៊ែ​ឌី ( Surya Subedi ) ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា វា​មាន​សារសំខាន់​ណាស់ សម្រាប់​សហភាព​អឺរុប ក្នុង​ការស្វែងយល់​ពី​ប្រព័ន្ធ​បោះឆ្នោត​កម្ពុជា ដើម្បី​វិនិច្ឆ័យ​ពី​សមិទ្ធផល និង​ជោគជ័យ ដែល​កម្ពុជា​បាន​ប្រឹងប្រែង​ធ្វើ​អស់​ជាច្រើន​ឆ្នាំ តាំងពី​បោះឆ្នោត​ឆ្នាំ​១៩៩៣​។ រាល់​សមាជិក​ទាំង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សុទ្ធតែ​មាន​ភាព​ឯករាជ្យ អព្យាក្រិត្យ មិន​ប្រកាន់បក្ស និង​មិន​លំអៀង​។ សមាសភាព​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតសព្វថ្ងៃ ត្រូវបាន​អនុម័តយល់ព្រម​ដោយ​រដ្ឋសភា កាលពី​ឆ្នាំ​២០០៦ ដោយ​សឡេង ៩២ លើ ៩៩​។ ជា​ការពិត​ណាស់ អ្នកសង្កេតការណ៍​អន្តរជាតិ​យ៉ាងច្រើន បាន​ទទួលយក​លទ្ធផល​ការបោះឆ្នោត ហើយក៏​បាន​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ លើ​ការបោះឆ្នោត​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ មក​ម៉្លេះ​។​

​ទី​ ប្រាំ​-​មតិ​សំណូមពរ​ទាំងអស់ ដែល​ឲ្យមាន​ការផ្សះផ្សា​គ្នា​វិញ រវាង លោក សម រង្ស៊ីនិង​រដ្ឋាភិបាល គឺជា​ការ​សំណូមពរ ដែល​មិន​សមរម្យ​។ មតិ​សំណូមពរ​នេះ វា​ពិតជា​មាន​ការជ្រៀតជ្រែកទៅលើ​ការសម្រេច​របស់​តុលាការ​។ ដូច​ទាំងអស់គ្នា បានដឹងហើយថា លោក សម រង្ស៊ី គឺ​មិនមែន​ជា​អ្នកទោសនយោបាយ​ទេ​។ កម្ពុជា​គ្មាន​អ្នកទោស​យោ​បាយ​អ្វី​ទាំងអស់ ហើយ​ច្បាប់​របស់​កម្ពុជា មានចែង​យ៉ាង​ច្បាស់លាស់​។ ដោយ​យោង​ទៅលើ​មាត្រា​ថ្មី​ទី​៣៤ នៃ​ច្បាប់​បោះឆ្នោត បានចែង​ថា ទណ្ឌិត (​អ្នកទោស​) មិន​អាច​បោះឆ្នោត និង​ពុំ​មាន​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​បាន​ទេ​។​

​ដូច្នេះ វា​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​សភា​អឺរុប ក្នុង​ការសិក្សា និង​ស្វែងយល់​អំពី​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា មុនពេល​ធ្វើ​សេចក្តីសម្រេច ដែល​មិន​មាន​ភាពស្មើគ្នា ក្នុង​ពេល​អនាគត​៕​ S

Comments system

Disqus Shortname