Thursday, October 1, 2015

រដ្ឋាភិបាល​រៀបចំយន្តការកំហិតក្រុមហ៊ុន​ឯកជន​លក់​តម្លៃ​ប្រេង​សាំង​តាមទីផ្សារអន្តរជាតិ​-VOD

















រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា​រដ្ឋាភិបាល​កំពុង​​រៀប​ចំ​ជា​រូបមន្ត​មួយ​ក្នុង​កា​រ​​​កំណត់​ ​​តម្លៃ​ប្រេង​ឥន្ធនៈ​ ដើម្បីធានា​ថាក្រុមហ៊ុន​ប្រេងទាំងអស់​​នឹង​លក់​ទៅ​តាម​តម្លៃ​មួយ​ដែល​សមស្រប ​​នឹង​ទីផ្សារ​អន្តរជាតិ​និង​មិន​ចំណេញហួសហេតុ។​

លោក ស៊ុន ចាន់ថុល បាន​លើកឡើងបែបនេះក្រោយ​ ពីកិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅ​កម្ពុជា ស្រប​ពេល​ដែលតម្លៃប្រេងសាំងនៅកម្ពុជាបន្តឡើង បើទោះតម្លៃទីផ្សារអន្តរជាតិធ្លាក់ចុះក៏ដោយ​។​
លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍ថា​ក្រសួង​បាន​ស្នើ​ក្រុមហ៊ុន​ប្រេងឯកជនទាំងអស់​ផ្តល់ជា​ ទិន្នន័យ​លើការចំណាយ​​និង​ចំណូល​នៃ​ការ​ទិញ រួមមាន​​តម្លៃទិញ​ប្រេងចូល​​ តម្លៃ​ដឹកជញ្ជូន​និង​តម្លៃ​ស្ថានីយជាដើម​។​ លោក​​បន្ត​ថា​នៅពេល​ទទួល​បានទិន្នន័យ​នោះ​ ក្រសួង​នឹងពិនិត្យមើល​រូបមន្តមួយ​សម្រាប់​ការកំណត់តម្លៃ​និងស្វែងរក​ការ​ ឯកភាពគ្នាពីក្រុមហ៊ុន នៅ​​ដើមសប្តាហ៍ក្រោយ។​ លោក​បន្ថែម​ថា​បន្ទាប់ពី​កំណត់​រូបមន្តបាន​ ក្រសួងពាក់ព័ន្ធ​នឹងធ្វើ​របាយកា​រណ៍ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសម្រេច​ក្នុង​ការ​ចេញជា​ប្រកាស​ឬ​អនុក្រឹត្យ​លើ​ការកំហិតតម្លៃ​ប្រេង​ ។​
លោក ស៊ុន ចាន់ថុល​ មានប្រសាសន៍ថា៖ “មួយលីត្រត្រូវលក់ថ្លៃប៉ុន្មាន ព្រោះយើងដឹងតម្លៃទិញចូល​ថ្លៃប៉ុន្មាន​​ហើយ ដឹក​ជញ្ជូនយើងដឹង អញ្ចឹងយើងអាចធ្វើតួលេខហ្នឹងបាន ដូច្នេះក្រុមហ៊ុនមិនអាចថាក្រុមហ៊ុនចេះតែ​​ស្រែកអូហូ មិនចំណេញ មិនចំណេញទេ ថ្លៃណាស់ទិញមក អាហ្នឹងយើងច្បាស់លាស់ជាមួយគ្នា
លោក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា​នឹង​មាន​ក្រុមការងារ​មួយ​ចុះ​ ត្រួតពិនិត្យ​ជា​ប្រចាំនៅ​គ្រប់ស្ថានីយប្រេងសាំងទាំងអស់នៅកម្ពុជាទៅលើ​ គុណភាព​និង​បរិមាណប្រេង ហើយ​ក្រុមហ៊ុន​នឹង​ត្រូវទទួលពិន័យ ក្នុងករណី​មិន​លក់​ប្រេង​ក្នុង​​តម្លៃទៅតាមទីផ្សារអន្តរជាតិ តាមរូបមន្តកំណត់ និង​នៅពេល​​មាន​ភាព​មិនប្រក្រតីកើតឡើង។​
លោកមានប្រសាសន៍ថា​៖ “ក្រុមការងារ​យើង​ហ្នឹង ៣ក្រសួង​នេះ​នឹង​សហការ​គ្នា​ធ្វើ​ការ​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​​ជាមួយ​ ផ្នែ​ក​​ឯក​ជន ដើម្បីកំណត់​លើ​រូប​មន្ត​​ដែល​ទទួល​បាន​ទាំងអស់​គ្នា​។ យុទ្ធសាស្រ្ត​ឈ្នះៗ​ ដោយ​​សារ​ផ្នែក​ឯក​ជន​​ក៏​ជា​ដៃគូសំខាន់​របស់រាជ​រដ្ឋាភិបាល​យើង​ក្នុង​ការ​ កសាង​ប្រទេស​ជាតិ”។​
បើ​តាម​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុនប្រេង​​ដែល​បាន​ចូល​ប្រជុំ ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់រដ្ឋាភិបាល។​
ប្រធានគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈក្រុមហ៊ុនភីធីធី លោក ហួង ស៊ុនហ៊ីន ប្រាប់វីអូឌី​ថាតម្លៃ​លក់​ប្រេង​របស់ក្រុមហ៊ុន​របស់លោក​នាពេលបច្ចុប្បន្នគឺ​ សមរម្យ ដែលលោក​ថា​មិនអាច​បញ្ចុះបាននោះទេ។ លោក​ថា​នឹង​មាន​ការ​ពិភាក្សា​គ្នា​បន្ត​លើ​រូបមន្តក្នុង​ការ​កំណត់​តម្លៃ​ ប្រេង​នេះ។
បណ្ឌិតសេដ្ឋកិច្ចនិងជាអ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភា លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថាប្រេងសាំង​នៅកម្ពុជាអាចចុះបានក្នុងតម្លៃពី​២៨០០ទៅ៣០០០រៀល ប្រសិនបើ​ ក្រុមហ៊ុនទាំងអស់មានឆន្ទៈបញ្ចុះហើយរដ្ឋាភិបាលប្រើប្រាស់យន្តការផ្លូវច្បាប់បានតឹងរ៉ឹង។
​កាលពីថ្ងៃទី​២២ខែកញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ជា​ថ្មី​ដល់​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ថា​ ដំឡើងថ្លៃ​ប្រេងសាំង​លឿន​នៅពេល​តម្លៃ​ប្រេង​នៅលើ​ពិភពលោក​កើនឡើង តែ​ចុះថ្លៃ​យឺត​ពេល​តម្លៃ​ប្រេងសាំង​ធ្លាក់ចុះ​។​ លោក​ថ្លែងថា​៖ “​ ប្រេង​នៅលើ​ពិភពលោក​វា​ចុះថ្លៃ ប៉ុន្តែ​អស់លោក​ចុះ​វា​យឺត​ពេក​។ ដល់​វា​ឡើងៗ​លឿន ឯណោះ​គ្រាន់តែ​ឡើង​នៅ​ឯ​ញូយ៉ក​គ្រឹប អា​ភ្នំពេញ​នេះ​ឡើង​ប៉ា​ដោយ​។ វា​មាន​ទាន់​ទិញ​ប្រេង​ពី​ញូយ៉ក​ចូលមក​អ​ង្កាល់ វា​ឡើង ដល់​ពេល​នៅ​ឯ​ណោះ​គេ​ធ្លាក់​យូរ​ណាស់​ហើយ ឯង​វា​មិន​ព្រម​ធ្លាក់​… អា​គេ​គ្រាន់តែ​ប្រកាសឡើង​នៅឯ​ក្រុង​ឡុង​ដ៍ នៅឯ​ញូយ៉ក ឯង​ឡើង​នៅ​ភ្នំពេញ​ដែរ​។ ដល់​ចុះ​នៅ​ឯ​ណោះ ចុះ​កន្លះ​ខែ មួយខែ ពីរ​ខែ​ហើយ វា​មិន​ព្រម​នៅ​ភ្នំពេញ ហើយ​បើ​វា​ចុះ​វា​ចុះ​បន្តិចៗ​ៗ​ៗ​”​។​
​លោក ហ៊ុន សែន បាន​​បញ្ជា​ឲ្យ​ក្រសួង​ពាណិជ្ជកម្មនិង​ក្រសួង​ហិរញ្ញវត្ថុ​ពិនិត្យលើ​បញ្ហា​ នេះ​ឲ្យ​បាន​ជាប់លាប់ ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​ឲ្យស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​។​
​នៅថ្ងៃ​ទី​០១ខែតុលានេះ តម្លៃ​ប្រេង​ឆៅ​Brent​ មានចំនួន​៤៨,៣២ដុល្លារ​ក្នុង​មួយ​បារ៉ែល។…

Comments system

Disqus Shortname