យន្តហោះ Airbus A340 របស់ក្រុមហ៊ុន AirAsia X។ Reuters |
លោក Azran Osman Rani អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ AirAsia បានឲ្យដឹងក្នុងបទសម្ភាសមួយនៅទីក្រុងស៊ីដនីកាលពីម្សិលមិញថា៖ «យើងនឹងផ្តល់សេវាហោះហើរទៅកាន់តំបន់អឺរ៉ុបបានកាន់តែច្រើន ដោយប្រើប្រាស់យន្តហោះថ្មីៗទាំងនេះ»។ លោក បានបដិសេធមិនប្រាប់ពីចំនួនយន្តហោះ A330 ដែលក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសម៉ាឡេស៊ីនេះ នឹងបញ្ជាទិញ ឬពេលវេលាដែលក្រុមហ៊ុននេះ នឹងចាប់ផ្តើមផ្តល់សេវាហោះហើរទៅអឺរ៉ុបជាថ្មីនោះទេ។
លោក Azran មានប្រសាសន៍ថា៖ «យន្តហោះ A330 ថ្មី នឹងអាចផ្តល់ប្រាក់ចំណេញច្រើនសម្រាប់ការផ្តល់សេវាហោះហើរទៅ កាន់តំបន់អឺរ៉ុប ដោយសារយន្តហោះទាំងនោះ ស៊ីសាំងតិច និងមានសមត្ថភាពខ្ពស់។ ក្រុមហ៊ុន AirAsia X បានបញ្ចប់ការផ្តល់សេវាហោះហើរទៅកាន់តំបន់អឺរ៉ុបកាលពីដើម ឆ្នាំនេះ ដោយសារតម្លៃប្រេងខ្ពស់ តម្រូវការធ្លាក់ចុះ និងដោយសារការហូតពន្ធលើការបញ្ចេញកាបូន។
ក្រុមហ៊ុនផលិត យន្តហោះ Airbus បានប្រកាសពីផែនការផលិតយន្តហោះ A330 ដែលមានបំពាក់ម៉ាស៊ីនភ្លោះកាលពីដើមខែនេះ ដើម្បីប្រកួតប្រជែងជាមួយនឹងយន្តហោះម៉ូដែល 787 និងយន្តហោះម៉ូដែល 777 របស់ក្រុមហ៊ុនផលិតយន្តហោះ Boeing។ យន្តហោះម៉ូដែលថ្មីនេះ ដែលនឹងចាប់ផ្តើមផ្តល់សេវាហោះហើរនៅឆ្នាំ២០១៥ នឹងប្រើប្រាស់បច្ចេកវិទ្យាពីយន្តហោះម៉ូដែល A350 ដើម្បីបង្កើនចំណាត់ថ្នាក់ និងសមត្ថភាពរបស់យន្តហោះប្រភេទនេះ។
លោក Azran មានប្រសាសន៍បន្តថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia X ដែលកំពុងផ្តល់សេវាហោះហើរនៅតំបន់អាស៊ី និងប្រទេសអូស្រ្តាលី ក៏មានផែនការលក់ភាគហ៊ុនប្រមាណពី ២៥ ភាគរយ ទៅ ៣០ ភាគរយផងដែរនៅក្នុងការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង(IPO) របស់ខ្លួន៕ BP