ខណៈដែលអង្គការសុខភាពពិភពលោក(WHO) និងក្រសួងសុខាភិបាលបានប្រកាសថា ករណីស្លាប់កុមារថ្មីៗនេះពាក់ព័ន្ធនឹងវីរុស EV-71 ដែលបណ្តាលឲ្យមានជំងឺពងបែកនៅដៃ ជើង និងមាត់ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានរិះគន់ការសន្និដ្ឋាននេះជា«ការប្រកាសមានលក្ខណៈមហន្តរាយ មួយ»។ លោកថ្លែងថា ករណីចំនួន ៧២ នៃជំងឺដែលមិនអាចពន្យល់បាននេះបានកើតមាននៅក្នុងមន្ទីរពេទ្យ លោក ក្នុងនោះ ៦៨ករណី បានស្លាប់។
WHO ពីម្សិលមិញបានថ្លែងថា តួលេខពីក្រសួងសុខាភិបាល គឺមាន ៦១ករណី ហើយស្លាប់មាន ៥៦ករណី ដែលបណ្តាលមកពីជំងឺពងបែកនៅដៃជើងនិងមាត់។
ទិន្នន័យនេះ គឺជាការប្រឈមរវាងក្រសួងសុខាភិបាល WHOនិងមន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលកុមារ៨៥ភាគរយនៃ កុមារកម្ពុជា។ ទិន្នន័យរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺរោគរលាកខួរក្បាលនិងការបំផ្លាញសួតទាំងស្រុង ដែលនាំឲ្យមានការស្លាប់ភ្លាមៗ។
សេចក្តីថ្លែងការណ៍របស់លោក Richner បន្តថា ក្នុងចំណោមករណីទាំងនោះ គ្មានករណីណាមួយជាករណីជំងឺពងបែកដៃ ជើង និងមាត់ នោះទេ។
ប៉ុន្តែ មន្រ្តីផ្នែកទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោក លោក Sonny Inbaraj Krishnan បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្នុងករណីដែលកត់ត្រា ដោយទីភ្នាក់ងារអង្គការសហប្រជាតិនិងក្រសួងសុខាភិបាល ករណីកន្តួលស្បែក និងពងបែក ពិតជាកើតមាន។ លោកបន្តថា ៖ «ពេលខ្លះវីរុស EV-71 អាចកើតជាពងបែក ឬកន្ទួល។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលគឺថា កុមារមានជំងឺគ្រុនក្តៅនៅក្នុងប្រព័ន្ធប្រសាទដូចជា ក្អួត ងងុយដេក ឬញាក់ប្រកាច់ និងរោគសញ្ញាផ្លូវដង្ហើម ពិបាកដកដង្ហើម»។
លោក Richner លើកទឡ្ហីករណ៍ក្នុងសេចក្តីថ្លែងការណ៍លោក ថា ការសន្និដ្ឋាននេះ គឺខុសហើយនៅតែធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនយល់ច្រឡំ។
លោក Richner ថ្លែងថា សំណួរដែលនៅតែមិនទាន់អាចឆ្លើយបាន គឺថា «តើអ្វីបានបំផ្លាញសួតនៅក្នុងករណី ៧២ នៃរោគរលាកខួរក្បាលក្នុងពេល៦ម៉ោងចុងក្រោយនៃជីវិតកុមារ?»។
លោក Richner ជឿថា ការព្យាបាលដោយថ្នាំខុសនិងការបញ្ជ្រាបថ្នាំខុសបន្តិចម្តងៗទៅលើ កុមារទាំង៧២នាក់នោះ ដោយគ្លីនិកឯកជន អាចជាកត្តាមួយនៅក្នុងការបំផ្លាញសួតដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងករណីដែលត្រូវបានកត់ត្រាដោយមន្ទីរពេទ្យលោក។
សេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកមានលក្ខណៈមហន្តរាយ នេះបើយោងតាមលោក Richner។ ថ្មីៗនេះ សេចក្តីសន្និដ្ឋានដោយការស៊ើបអង្កេតរួមគ្នា គឺបង្ហាញថា មូលហេតុនៃការកើតមានវីរុស EV-71 គឺធ្ងន់ឡើងៗ និងអាក្រក់ឡើងៗ ដោយសារការប្រើថ្នាំ steroid។
ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍មុននេះ អំពីការវាយបកទៅវិញរបស់លោក Richner ចំពោះ អង្គការសុខភាពពិភពលោកដែលរិះគន់ការប្រើថ្នាំ steroid នេះថា «មិនសមហេតុផលទាំងស្រុង»។
លោកបានកត់សម្គាល់ថា ករណីទាំងអស់នៃជំងឺមិនស្គាល់នោះនៅមន្ទីរពេទ្យគន្ធបុប្ផាគឺ កើតមានឡើងជាមួយនឹង រោគរលាកខួរក្បាល ដែលតម្រូវឲ្យប្រើថ្នាំ steroid ដើម្បីបញ្ឈប់ការហើមខួរក្បាលដែលនាំឲ្យស្លាប់នោះ។
មន្ទីរ ពេទ្យគន្ធបុប្ផាបានប្រតិបត្តិការដូចគ្នានឹងប្រព័ន្ធ សុខាភិបាលសាធារណៈដែរក្នុងប្រទេសកម្ពុជា ហើយផ្តល់ការគាំពារ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យចំនួនប្រាំ របស់ខ្លួនក្នុងរាជធានីភ្នំពេញ និងសៀមរាប។
ទោះបីយ៉ាងណាក៏ បញ្ហាថ្មីៗនេះរវាងមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសុខភាពពិភពលោកទំនងជាត្រូវស៊ើបអង្កេតដ៏ស្មុគស្មាញ ដើម្បីស្វែងរកដំណោះស្រាយលើការស្លាប់កុមារទាំងនោះ។
រដ្ឋ លេខាធិការក្រសួងសុខាភិបាល លោក ហេង តៃគ្រី បានថ្លែងថា មានតែលោករដ្ឋមន្រ្តី ឬអង្គការសុខភាពពិភពលោកទេដែលអាចឆ្លើយទៅប្រព័ន្ធផ្សព្វផ្សាយ អំពីករណីចោទប្រកាន់របស់លោក Richner។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សុខ ទូច ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង និង លោក លី សុវណ្ណ ជាអនុប្រធាននាយកដ្ឋាន មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
តំណាង ប្រចាំប្រទេសរបស់អង្គការសុខភាពពិភពលោក លោក Pieter Van Maaren ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកគិតថា សេចក្តីថ្លែងការណ៍របស់លោក Richner មិនពាក់ព័ន្ធគ្នា។
លោក Van Maaren បន្តថា៖ «យើងមិនប្រាស្រ័យទាក់ទងគ្នាជាមួយមន្ទីរពេទ្យគន្ធបុប្ផាតាម រយៈប្រព័ន្ធផ្សព្វផ្សាយនោះទេ»។ «ខ្ញុំមិនផ្តល់អត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍នោះទេ»។
លោក បន្តថា៖ «ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ដែលថ្លែងអំពីជំហររបស់យើង ស្តីពីករណីស្លាប់កុមារនោះ»៕(PostKhmer)