Thursday, July 19, 2012

ផឹក​ស៊ី​ជាមួយ​គ្នា កាប់​សម្លាប់​គ្នា

កណ្ដាលៈ យុវជន​សង្ស័យ​ជា​ឃាតក​ម្នាក់ ត្រូវ​បាន​មន្រ្តី​នគរ​បាល​ស្រុក​កៀន​ស្វាយ បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ កាល​ពី បន្ទាប់​ពីកាប់​មិត្ត​រួម​តុ​ផឹក​ស៊ី​របស់​ខ្លួន​ម្នាក់​ឲ្យ​ដាច់​ក​ស្លាប់​ ភ្លាមៗ នៅ​វេលា​ម៉ោង​៤ ​កន្លះ រសៀល​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២​ នៅ​ភូមិ​-​ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ ខេត្ដ​កណ្ដាល​ ។
លោក គឹម រតនា អធិការ​រង​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​កៀន​ស្វាយ​បាន​ឲ្យ​ដឹង​ថា៖ « ជន​សង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ តែ​មិន​ដឹង​តុលាការ​ចោទ​ពី​បទ​អី​ទេ។ ជា​បឋម​ខ្ញុំ​បាន​ចោទ​ពី​បទ​ឃាតកម្ម​ដោយ​ចេត្តនា»។
លោក​បាន​ឲ្យ​ដឹង​ ថា​ យុវជន​ដៃ​ដល់​មាន​ឈ្មោះ​ ម៉ន ដារ៉ូ​ អាយុ​១៦ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កំពង់​ស្វាយ​ ស្រុក​កៀន​ស្វាយ​ ខេត្ដ​កណ្ដាល​ បាន​យក​កាំបិត​ប៉័ង​តោ​ចំ​.ក​ខាង​ឆ្វេង របស់ សាន សល់​ បណ្ដាល​ឱ្យ​ដាច់​បំពង់​ខ្យល់​ប្រកាច់​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​មួយ​រំពេច ។រីឯ ជន​រង​គ្រោះ សាន សល់​ អាយុ​២១​ឆ្នាំ​  បាន​ប្រកាច់​ស្លាប់​នៅ​នឹង​កន្លែង​មួយ​រំពេច បន្ទាប់​ពី​ជន​ល្មើស​កាប់​មួយ​កាំបិត​ប៉័ងតោ​ចំ.ក​ខាង​ឆ្វេង ។
លោក​ បន្ត​ថា ពួក​គេ​បាន​ផឹក​ស៊ី​ជាមួយ​គ្នា​មាន​មនុស្ស​៥​នាក់ ផឹក​អស់​ស្រា​៤​លីត្រ ក្រោយ​មក​៣​នាក់​បាន​ទៅ វិញ។ លោក​បញ្ជាក់​ថា៖ «ជន​រង​គ្រោះ​បាន​ហៅ​ ជន​ល្មើស​វាយ​គ្នា ជន​ល្មើស​ប្រាប់​ថា​កុំ​ចូល​មក​ខ្ញុំ​កាប់ តែ​ជន​រង​គ្រោះ​នៅ​តែ​ចូល​មក ទើប​ជន​ល្មើស​កាប់​ស្លាប់​បែប​នេះ»។លោក​ថា៖ ​«​អ្នក​នៅ​ទី​នោះ​មិន​មាន​អ្នក​ណា​ម្នាក់​នឹក​ថា ពួក​គេ​កាប់​សម្លាប់​គ្នា​បែប​នេះ​សោះ»។

Comments system

Disqus Shortname