Tuesday, July 31, 2012

សេដាក ៖ ការ​អភិរក្ស​កង្កែប​ក្នុង​វាលស្រែ​នាំ​ឲ្យ​កសិករ​ទទួល​បាន​ផល​ស្រូវ​ច្រើន

សត្វ​កង្កែប មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​ដំណាំ​ស្រូវ​ទទួលរង​ ការបំផ្លាញ​ពី​សត្វល្អិត ជាពិសេស​នៅ ដំណាក់កាល​ដំបូង​នៃ​ការ​ធ្វើស្រែ​គឺ​ដំណាក់កាល​សំណាប និង​ពេល​ស្រូវ​ទើប​បែក​គុម្ព​ដំបូង​។ តែ​កន្លងមក​កសិករ​យើង​ភាគ ច្រើន​មិនសូវ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិរក្ស​សត្វ​កង្កែប ដើម្បី​ឲ្យ​វា​ជួយ​ការពារ​ដំណាំ​ស្រូវ​ទេ​។ នៅ​ពេល​ដើមរដូវ គេ​គិតតែ នាំគ្នា​ចាប់​កង្កែប​ធ្វើជា​ចំណីអាហារ​និង​លក់​ទៅវិញ​។ ការ​ធ្វើ​របៀប​នេះ​ប្រៀប​ដូច​ជា​ការទប់ស្កាត់​មិន​ឲ្យ​កង្កែប មានឱកាស បង្ក​កំណើត​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ការពារ​ដំណាំ​ស្រូវ​និង​ផ្តល់​ផល​ច្រើន​នៅ​ពេល​ក្រោយ​។ លើស​ពី​នេះ​ទៀត កសិករ​យើង ក៏បាន​ធ្វើការ​ប្រើប្រាស់​សារធាតុ​គីមី​ដូចជា ជីគីមី​និង​ថ្នាំពុល​គីមី ដែល​នាំ​ឲ្យ​កង្កែប​ពុល​ងាប់​ជាពិសេស​ដោយសារ​ស្បែក​កង្កែប ងាយ​ទទួលរង​ការបំផ្លាញ​ពីសារ​ធាតុគីមី​ណាស់​។​
ដើម្បី ​ឲ្យ​កសិករ​ទទួល​ផល​ស្រូវ​ច្រើន​និង​មិន​ចាំបាច់​ចំណាយ​ច្រើន​លើ​សារធាតុ​ គីមី​និង​បាន​ផល​កង្កែប​ច្រើន សេ​ដាក សូម​អំពាវនាវ​ឲ្យ​កសិករ​ងាក​មក​គិតគូ​អភិរក្ស និង​ចិញ្ចឹម​កង្កែប​តាម​វាលស្រែ​ឲ្យ​បាន​គ្រប់គ្នា ដោយ​អនុវត្ត​តាម​គំនិត​សំខាន់ៗ ដូចខាងក្រោម​៖
​​១. សូម​នាំគ្នា​ឈប់​ចាប់​កង្កែប​នៅពេល​ដើមរដូវ​។ បើ​យើង​ចង់​ចាប់​អាច​ចាប់បាន​ពី​ពាក់កណ្តាល​រដូវ​ទៅ ជាពិសេស នៅពេល​ស្រូវ​បែក​គុម្ព​បាន​ច្រើន​។ (កង្កែប​វា​អាចជួយ​ការពារ​ដំណាំ​ស្រូវ​ពី​ការបំផ្លាញ​បាន​។ កង្កែប​មួយ​វា​អាច​ស៊ី​សត្វល្អិត បាន​ក្នុង​បរិមាណ​ស្មើនឹង​ទម្ងន់​ខ្លួន​របស់​វា​)​។​
​២. កុំ​ប្រើ​ជីគីមី​និង​ថ្នាំពុល​លើ​ស្រូវ​និង​ស្រែ​ឲ្យ​សោះ​។​
​៣. ប្រើ​ជីធម្មជាតិ​ឲ្យ​បាន​ច្រើន​លើដី​ស្រែ​ជាពិសេស​ប្រើ​កំទេច​ចំបើង អង្កាម និង​ស្លឹកឈើ ដើម្បី​គ្រប​ដី​ចន្លោះ​គុម្ព​ស្រូវ ព្រោះ​វា​ផ្តល់​ជា​ជំរក​និង​ចំណី​បន្ថែម​ដល់​កង្កែប​។​

​៤. រៀបចំ​ឲ្យ​មានកូន​ចង្អូរ ថ្លុក ឬ​ប្រឡាយ ស្រះ​ក្នុង​ស្រែ ដើម្បី​ផ្តល់​ជា​ជំរក​ដល់​កង្កែប​។​

៥. ផ្តល់​ចំណី​បន្ថែម​ដល់​កង្កែប​ដូចជា​កន្ទក់ ចុងអង្ករ និង​កាកសំណល់​ផ្ទះបាយ​។​ល​។​

​៦. សហការ​ជាមួយ​អ្នកជិតខាង​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ចូលមក​ចាប់​កង្កែប​ក្នុង​វាលស្រែ​។​
​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក​មានប្រសាសន៍ថា “​ការអនុវត្តន៍​នូវ​គំនិត​ខាងលើ​បាន​ជោគជ័យ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កសិករ​ទទួលបាន​ផល​ស្រូវ​ច្រើន​ទេ គេ​អាច​ប្រមូល​ផល​កង្កែប​សំរាប់​បរិភោគ​និង​លក់បាន​ថែមទៀត​ផង នៅ​ចុងរដូវ ឬ​ក្រោយពេល​ច្រូតកាត់​” ។
​លោក​បណ្ឌិត​បន្តថា ដើម្បី​ទទួលបាន​ផល​កង្កែប​ពី​ស្រែ​គេ​ត្រូវយក​សំណាញ់​ព័ទ្ធ លើដី​ស្រែ​នៅពេល​ចុងរដូវ ដើម្បី​ការពារ​កុំ​ឲ្យ​កង្កែប​រត់ចេញ​ពី​ស្រែ​បាត់​ក្រោយពេល​ច្រូតកាត់​។
​កសិករ​គួរ​ចាប់ផ្តើម​សាកល្បង​ អនុវត្តតាម​គំនិត​ខាងលើ​នៅលើ​ផ្ទៃដី​ដែល​អាច​ធ្វើបាន (​ឧទាហរណ៍ ៥ ទៅ ១០ អារ​) ដើម្បី​ទទួលបាន​នូវ​លទ្ធផល​និង​បទពិសោធន៍​ជាក់លាក់​។​
​សេ​ដាក សូម​ធ្វើការ​អំពាវនាវ​ឲ្យ​កសិករ​និង​អ្នកពាក់ព័ន្ធ​គ្រប់រូប ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិរក្ស​សត្វ​កង្កែប​ក្នុង​វាល ស្រែ​ដើម្បី​ផលប្រយោជន៍​វែងឆ្ងាយ​របស់​យើងទាំងអស់គ្នា៕
(អត្ថបទ​អង្គការ​សេដាក)

Comments system

Disqus Shortname