Tuesday, July 31, 2012

ក្រសួង-​អង្គ​ការ​ដៃគូ រៀប​ចំ​អប់រំ​ពលរដ្ឋ​បង្ការ​ជំងឺ​EV​៧១

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​អង្គ​ការ​ជាដៃ​គូ កំពុង​រៀប​ចំ​ផលិត​នូវ​សម្ភារ​អប់រំ ស្តី​ពីការ​បង្ការ​ជំងឺ​ពង​បែក​ដៃ​ជើង​និង​មាត់ ជូន​ដល់​សាធារណ​ជន ដើម្បី​ត្រៀម​បង្ការ​និង​ទប់​ស្កាត់​ពី​ជំងឺ​ដែល​អាច​កើត​មាន​ដល់​កុមារ​ តូចៗ។
សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​កាល​ពីថ្ងៃ​ទី ​២៧ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិ​បាល សហការ​ជាមួយ​អង្គការ​សុខ​ភាព​ពិភព​លោក និង​អង្គការ​មូនិធិ​កុមារ​របស់​អង្គការ​សហ​ប្រជា​ជាតិ (យូនី​សេហ្វ)​ កំពុង​រៀប​ចំ​បង្កើត​នូវ​ឧបករណ៍​សម្ភារ​អប់រំ​សុខ​ភាព សម្រាប់​ជា​ជំនួយ​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ និង​«ផ្តល់​ព័ត៌មាន​ដល់​សាធារណ​ជន​អំពី​ជំងឺ​នេះ» ដែល​សម្លាប់​កុមារ​កម្ពុជា​អស់​៥៦​នាក់​មក​ហើយ​តាំង​ពី​ខែ​មេសា​មក។
សេចក្ដី ​ប្រកាស​រួម​គ្នា​រវាង​ក្រសួង​និង​អង្គការ​សុខ​ភាព​ពិភព​លោក ក៏​បាន​ណែនាំ​ដល់​គ្រឺះ​ស្ថាន​សុខាភិ​បាល​សាធារណៈ ឲ្យ​រាយ​ការណ៍​ពី​ករណី​ជំងឺ​ពង​បែក​ដៃ​ជើង​និង​ក្នុង​មាត់ ទាំង​ស្រាល និង​ធ្ងន់ធ្ងរ និង​មាន​ករណី​ធ្ងន់ធ្ងរ ដូច​ជា​មាន​គ្រុន​ក្តៅ សញ្ញា​ប្រព័ន្ធ​ប្រសាទ ឬ​សញ្ញា​ផ្លូវ​ដង្ហើម​ញាប់ ឬពិបាក​ដក​ដង្ហើម​ ត្រូវ​បញ្ជូន​កុមារ​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។
ប្រកាស​ថ្មីៗ​នេះ ក៏​ស្រប​ពេល​ដែល​សារ​ព័ត៌មាន​នៅ​ប្រទេស​ថៃ រាយ​ការណ៍​ថា ជំងឺ​ពង​បែក​ដៃ​ជើង​និង​មាត់ បាន​បណ្តាល​ឲ្យ​កុមារ​កម្ពុជា​អាយុ​២​ខួប​ម្នាក់​ស្លាប់​នៅ​ប្រទេស​ថៃ កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​មន្ត្រី​សុខា​ភិបាល​នៅ​ប្រទេស​នេះ ឲ្យ​ដឹង​ថា កុមារ​រូប​នោះ មិន​បាន​នាំ​ជំងឺ​នេះ​ពី​កម្ពុជា​ទៅ​ទេ គឺ​គេ​បាន​ស្នាក់​នៅ​ប្រទេស​ថៃ​អស់​មួយ​រយៈ​កាល​មកហើយ​ និង​សូម​កុំ​ឲ្យ​ប្រជាជន​ថៃ​មាន​ការ​រើសអើង​ពលរដ្ឋ​កម្ពុជា។
អ្នក​ ស្រី Denis Stepherd Johnson អ្នក​នាំពាក្យ​អង្គការ​យូនី​សែហ្វ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សម្ភារ​អប់រំ មាន​ដូចជា​ខិត​ប័ណ្ណ​អប់រំ និង​ស្ប៉ត​លើ​កញ្ចក់​ទូរទស្សន៍ នឹង​ផ្សព្វ​ផ្សាយ​ឲ្យ​ពលរដ្ឋ​ដឹង​ពី​ការ​អនាម័យ​ទូទៅ​ចំពោះខ្លួន​ឯង និង​លើកុមារ ដូច​ជាការ​លាង​ដៃ ក្រោយ​ចេញពី​បង្គន់ និង​ចាប់​កាន់​ចំណី​អាហារ​ជាដើម។
លោកស្រី​ថា ស្ប៉ត​ទាំង​នោះ មាន​មួយ​ចំនួន​បាន​កំពុង​តែ​ចាក់​តាម​កញ្ចក់​ទូរទស្សន៍​រួច​មក​ហើយ និង​មាន​ខ្លះ​កំពុង​បង្កើត​ថ្មី។ លោក ស្រី​ថ្លែង​ថា ៖ «ខ្ញុំ​ជឿថា ស្ប៉ត​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ជា​មធ្យោបាយ​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ចំណោម​ពលរដ្ឋ។ ការ​អនុវត្ត​នូវ​ការ​អនាម័យ​ស្អាត ជា​វិធី​ដ៏​ល្អ​បំផុត»។
មន្ត្រី​ក្រសួង​សុខាភិ​បាល​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាលពី​ម្សិល​មិញ​។
ប៉ុន្តែ ​លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល បាន​មាន​ប្រសាសន៍​តាម​សេចក្តី​ប្រកាស​ថា ៖ «​ឪពុក​ម្តាយ​ទាំង​ឡាយ ដែល​កូន​មាន​រោគ​សញ្ញា គ្រុន​ក្តៅ​ខ្លាំង ក្អួត ប្រកាច់ រឹង​ដៃ​ជើង ឬ​ពិបាក​ដក​ដង្ហើម ត្រូវ​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ឆាប់​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ទទួល​ការ​ព្យាបាល​»។
ការ​អង្កេត​លើ​ ករណី​ឈឺ​និង​ស្លាប់ ដែល​រាយ​ការណ៍​ពេល​ថ្មីៗ​នេះ បាន​សន្និដ្ឋាន​ថា ទំរង់​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ពង​បែក​ដៃ ជើង​និង​ក្នុង​មាត់ បង្ក​ដោយ​មេរោគ Enterovirus ៧១ ឬ EV ៧១ ដែល​មាន​ករណី​សរុប ៧៨ ក្នុងនោះ​រាយ​ការណ៍​ដោយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ៦២។
ចំណែក​ក្នុង​ មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ មាន​៥៣៣​ករណី​នៃ​ជំងឺ​ពង​បែក​ដៃជើង​និង​ក្នុង​មាត់​ស្រាល បាន​រាយ​ការណ៍​មក​ក្រសួង​សុខាភិ​បាល​ពី​១៧​ខេត្ត​ក្នុង​ចំណោម​២៤​ខេត្ត និង​មាន​៩ករណី​ដែល​បញ្ជាក់​ថា​មា​ន​​មេរោគ​ឆ្លង​ EV ៧១ ធ្ងន់​ធ្ងរ៕

Comments system

Disqus Shortname